ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​សា​វិ​ន ហ្វី​លី​ព រក​ឃើញ​អ្នក​ស្នង​តំណែង ​ក្រោយ​កូនស្រី​ច្បង​បាន​តំណែង​ធំ

ភ្នំពេញ ៖ ទីបំផុត​កូនស្រី​ច្បង​វ័យ​១៧​ឆ្នាំ​ របស់​តារា​សម្ដែង លោក​ សា​វិ​ន ហ្វី​លី​ព គឺ កញ្ញា យោធិន វី​រី​យ៉ា ពេលនេះ​ បាន​សម្រេច​បំណង​តាមរយៈ​ការ​ជ្រែក​ខ្លួន​ចូល​ក្នុង​វិថី​សិល្បៈ​ ដែល​នេះ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ដ៏​ល្អ​មួយ​សម្រាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​នៅ​លើ​ទីផ្សារ​សិល្បៈ​ ដែល​ជា​គន្លង​ផ្លូវ​ចាស់​របស់​ឪពុក​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ហើយ​នោះ។

ជាក់ស្ដែង យោធិន វី​រី​យ៉ា ក្រោយពេល​ធំ​ពេញរូបពេញរាង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​កាត់​ទៅ​រក​លោក​ឪពុក សា​វិ​ន ហ្វី​លី​ព និង​ អ្នក​ម្ដាយ​ អ្នកស្រី សែម ឆវី នោះ ​នាង​ក៏​ទទួលបាន​ឱកាស​បង្ហាញ​វត្តមាន​សម្តែង​លើកដំបូង​របស់​ភាពយន្ត​ខ្នាត​ធំ​ក្នុងស្រុក​មួយ​ដែល​ក្តាប់បាន​តំណែង​ជា​តួ​សំខាន់​នៃ​រឿង “ ផ្ទះជួល Move Out”​។​ ត្រង់​ចំណុច​នេះ​ទើប​មាន​ការ​លើកឡើងថា ​ពិតជា​មិន​ខុស​ពី​ពាក្យ​ចាស់​ពោលថា ​ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន។

លោក សា​វិ​ន ហ្វី​លី​ព ដែល​ត្រូវជា​ឪពុក​បានបញ្ជាក់​ប្រា​ប់ក​ម្ពុ​ជាថ្មី​ថា ​ជា​ការពិត​កូនស្រី​ច្បង​របស់​លោក​ គឺ​ កញ្ញា យោធិន វី​រី​យ៉ា ថ្មីៗ​នេះ ​ត្រូវបាន​ផលិតកម្ម​ក្នុងស្រុក​មួយ​ ​សម្រេច​ហៅ​ចុះ​កុងត្រា​ថត​ភាពយន្ត​ខ្នាត​ធំ​រឿង “ ផ្ទះជួល Move Out”​ ដែល​ក្នុង​ការសម្តែង​នោះ​ កូនស្រី​របស់ខ្លួន​ក្តាប់បាន​តំណែង​ជា​តួសំខាន់ ​ក្នុង​រឿង​ដំបូង​របស់​នាង​ទៀតផង​។​

តារា​សម្តែង ​លោក សា​វិ​ន ហ្វី​លី​ព បាន​បន្តថា លោក​ពិតជា​សប្បាយរីករាយ​ណាស់​ដែល​កូនស្រី​ច្បង​រូបនេះ​អាច​ដើរ​តាម​គន្លង​ និង​ការត្រួសត្រាយ​ផ្លូវ​ពី​សំណាក់​ឪពុក ម្តាយ​ដែលមាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​យូរ​ឆ្នាំ​មកហើយ​។ ​លោក​ក៏​រំពឹងថា​ ការ​សម្តែង​លើក​ដំបូង​របស់​កូនស្រី​ខ្លួន​នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​បណ្តា​មជ្ឈដ្ឋាន​មហាជន​រហូត​ឈាន​ដល់​ការចាប់អារម្មណ៍​សម្លឹង​ឃើញ​សមត្ថភាព​និង​ទេពកោសល្យ​ពី​សំណាក់​ផលិតករ​ធំៗ​ក្នុងស្រុក​ ឬ​ក្រៅ​ស្រុក​ជាច្រើន​។​

ឪពុក​រូប​នេះ​បាន​និយាយទៀត​ថា ​លោក​ក៏​អរគុណ​ចំពោះ​បងប្អូន​មិត្តភ័ក្ដិ​ទាំងអស់​ដែល​បាន​ចូលរួម​គាំទ្រ​លើកទឹកចិត្ត​កូនស្រី យោធិន វី​រី​យ៉ា ក្នុង​ការ​ចូលរួម​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ខាងលើ​ដែល​ក្នុង​សាច់រឿង​នេះ​មាន​ឈុត​ឆាក​ ៖ កម្សត់ រន្ធត់ កំប្លែង អាថ៌កំបាំង​។​ លោក សា​វិ​ន ហ្វី​លី​ព បន្ថែមថា​ ខ្ញុំ​រក​ឃើញ​អ្នក​ស្នង​តំណែង​សិល្បៈ​ហើយ​ គឺ​ កូនស្រី វី​រី​យ៉ា របស់ខ្ញុំ​។ តាម​ការពិត​នាង​បាន​ក្លាយ​ជា​តារា​សម្ដែង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ​ក្នុងពេល​ខាង​ផលិតកម្ម​កំពុង​ស្វែងរក​តារា​ស្រី​ថ្មី​ម្នាក់​ដែល​មាន​មុខ​Cute តែមាន​រូបរាង​ធាត់​បំផុត​៕

អត្ថបទ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114