ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Bloomberg បោះជំហាន​ទៅរក​ការ​ឈរឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​ដោយ​អំពាវនាវ​ឲ្យ​បំបាក់​លោក Trump

មហាសេដ្ឋី Michael Bloomberg កាលពី​ថ្ងៃ​អង្គារ​ បាន​អំពាវនាវ​ឲ្យ​បំបាក់​លោក​ប្រធានាធិបតី Donald Trump ក្នុង​ឆ្នាំ​២០២០​ ខណៈដែល​លោក​បាន​បោះជំហាន​ជា​ផ្លូវការ​ថ្មី​មួយ​ដើម្បី​ចូលរួម​ក្នុង​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​។​

អតីត​អភិបាលក្រុង​ញូវយ៉ក​រូបនេះ​បាន​បង្ហោះ Twitter ថា “​ដាក់​ឯកសារ​ជា​ផ្លូវការ​ក្នុង​រដ្ឋ Arkansas សម្រាប់​ការបោះឆ្នោត​បឋម​នៃ​គណបក្ស​ប្រជាធិបតេយ្យ​”​។ លោក​បាន​បង្ហោះ​បែបនេះ​បន្ទាប់ពី​ធ្វើ​ដូចគ្នានេះ​ក្នុង​រដ្ឋ Alabama កាលពី​បួន​ថ្ងៃមុន​។​
​រដ្ឋ​ទាំងពីរ​នេះ​មាន​ពេលវេលា​កំណត់​មុនគេ​ដើម្បី​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​បឋម​។​
​ការបង្ហាញ​ខ្លួន​ដោយផ្ទាល់​របស់លោក Bloomberg ក្នុងការ​ចុះហត្ថលេខា​លើ​សន្លឹកឆ្នោត​របស់គាត់​នៅ​ទីក្រុង Little Rock គឺជា​សញ្ញា​ជា​សាធារណៈ​ដ៏​រឹងមាំ​មួយ​ដែលថា មហាសេដ្ឋី​វ័យ​៧៧​ឆ្នាំ​រូបនេះ​នឹង​បោះជំហាន​ជា​ផ្លូវការ​ចូលក្នុង​ការប្រកួត​បឋម​របស់​គណបក្ស​ប្រជាធិបតេយ្យ​។​
​លោក Jason Schechter ដែលជា​អ្នកនាំពាក្យ​របស់លោក Bloomberg បាន​ប្រាប់​កាសែត New York Times ថា “​លោក Mike ចង់ទៅ​បំពេញ​ឯកសារ​ដោយ​ខ្លួនឯង​នៅ​រដ្ឋ Arkansas​។ ប្រសិនបើ​គាត់​ឈរឈ្មោះ គាត់​នឹង​ទៅ​រដ្ឋ​ដែល​អ្នកប្រជាធិបតេយ្យ​មិនដែល​ទៅធ្វើ​យុទ្ធនាការ​ក្នុងការ​បោះឆ្នោត​បឋម​។ យើង​កំពុង​ចាប់ផ្តើម​នៅថ្ងៃនេះ​ក្នុង​រដ្ឋ Arkansas”​។​
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Bloomberg បាន​និយាយ​កាលពី​ខែមីនា​ថា គាត់​នឹងមិន​ឈរឈ្មោះ​ទេ​ប៉ុន្តែ​ថ្មីៗ​នេះ​បែរជា​បាន​បោះបង់ចោល​គំនិត​នេះ​ទៅវិញ​។​
​គាត់​បាន​ផ្លាស់ប្តូរ​សម្ព័ន្ធភាព​នយោបាយ​របស់គាត់​ក្នុងឱកាស​ជាច្រើន​ដោយ​រួមទាំង​ការផ្លាស់ប្តូរ​ពី​អ្នកប្រជាធិបតេយ្យ​ទៅ​អ្នក​សាធារណរដ្ឋ​ផងដែរ​នៅពេល​គាត់​ឈរឈ្មោះ​ជា​អភិបាលក្រុង​ញូវយ៉ក​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​២០០១​។ គាត់​បាន​ក្លាយជា​អ្នក​ឯករាជ្យ​នៅ​៦​ឆ្នាំ​ក្រោយមក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114