BREAKING NEWS
Search

លោក Joe Biden ជ្រើសរើសលោកស្រី Kamala Harris ជាដៃគូក្នុងការបោះឆ្នោតអាមេរិក

បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃអង្គារបានជ្រើសរើសសមាជិកព្រឹទ្ធសភាលោកស្រី Kamala Harris ជាជម្រើសរបស់លោកសម្រាប់ឈរឈ្មោះតំណែងអនុប្រធានាធិបតីដែលធ្វើឲ្យលោកស្រីក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេដែលឈរឈ្មោះបោះឆ្នោតអាមេរិកក្នុងគណបក្សដ៏ធំមួយហើយផ្តល់ឲ្យលោកនូវដៃគូដែលបានរៀបចំខ្លួនយ៉ាងល្អដើម្បីវាយប្រហារប្រឆាំងនឹងប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក Donald Trump។

ស្របពេលភាពវឹកវរក្នុងសង្គមជុំវិញភាពអយុត្តិធម៌ខាងពូជសាសន៍បានធ្វើឲ្យប្រទេសនេះរង្គោះរង្គើអស់រយៈពេលជាច្រើនខែមកហើយនោះ លោក Biden បានរងសម្ពាធកាន់តែខ្លាំងឡើងក្នុងការជ្រើសរើសស្ត្រីស្បែកខ្មៅម្នាក់ជាដៃគូរបស់លោក។ លោកស្រី Harris ក៏ជាជនជាតិអាមេរិកកាត់អាស៊ីដំបូងគេដែលឈរឈ្មោះជាដៃគូប្រធានាធិបតីក្នុងការបោះឆ្នោតអាមេរិកផងដែរ។

នៅលើ Twitter លោក Biden បានហៅលោកស្រី Harris ថាជា “អ្នកប្រយុទ្ធមិនចេះខ្លាចសម្រាប់បុរសតូចនិងជាមន្រ្តីរដ្ឋការដ៏ឆ្នើមម្នាក់របស់ប្រទេស”។

ស្របពេលជាមួយគ្នានោះ លោកស្រី Harris បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “លោក Biden អាចបង្រួបបង្រួមប្រជាជនអាមេរិកបានពីព្រោះគាត់បានចំណាយជីវិតរបស់គាត់ក្នុងការប្រយុទ្ធដើម្បីពួកយើង”។

គួរបញ្ជាក់ថា លោក Biden និងលោកស្រី Harris នឹងបង្ហាញខ្លួនជាមួយគ្នានៅថ្ងៃពុធនេះក្នុងព្រឹត្តិការណ៍មួយនៅឯស្រុកកំណើតរបស់គាត់ទីក្រុង Wilmington នៃរដ្ឋ Delaware៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖ Reuters