BREAKING NEWS
Search

លោក Pompeo ស្វែងរក​ភាពច្បាស់លាស់​ក្នុង​កិច្ចចរចា ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​

អ្នកការទូត​កំពូល​របស់​ទីក្រុង​វ៉ាស៊ីនតោន​ បានចាប់ផ្តើម​ការ​ចរចា​​យ៉ា​ង​តឹងតែង​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​របស់គាត់​នៅ​ថ្ងៃ​សៅរ៍​ ខណៈពេលដែល​គូសត្រូវ​ចាស់​ទាំងពីរ​នេះ ​ខិតខំ​ចាប់ផ្តើម​ផែនការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។​

រដ្ឋមន្ត្រីការបរទេស Mike Pompeo ត្រូវបាន​ស្វាគមន៍​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​សម្រាប់​ថ្ងៃទី​២​នៃ​កិច្ចចរចា​ជាមួយ​លោក Kim Yong Chol ដែលជា​ដៃស្តាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​។​

វា​មិន​ច្បាស់​ទេ​ថា​តើ​លោក Pompeo នឹងត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ដោយផ្ទាល់​ដែរ​ឬក៏​អត់​ខណៈដែល​គាត់​ព្យាយាម​អភិវឌ្ឍន៍​ផែនការ​លម្អិត​មួយ​ឆ្ពោះទៅរក “​ការរំសាយ​នុយក្លេអ៊ែរ​ពេញលេញ​” ចេញពី​ឧបទ្វីប​កូរ៉េ​ដូចដែល​បាន​ព្រមព្រៀង​ដោយ​លោក​គីម​និង​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូ​ណា​ល់​ត្រាំ​កាលពី​ខែ​មុន​។​

ប៉ុន្តែ​ការចរចា​បាន​បន្ត​នៅឯ​វីឡា​ដ៏​ធំ​មួយ​នៅក្នុង​បរិវេណ​ផ្លូវការ​របស់​ទីក្រុង​ព្យុងយ៉ាង​ដែលមាន​ចម្ងាយ​ជិត​ចេតិយ​របស់​អតីត​មេដឹកនាំ​កូរ៉េខាងជើង​គីម​អ៊ី​ល​ស៊ុ​ង​និង​គីម​ជុងអ៊ីល​។​

នៅ​ថ្ងៃ​ចាប់ផ្តើម លោក Pompeo បាន​ចាក​ចេញពី​បរិវេណ​នោះ​ទៅកាន់​កន្លែង​មួយ​ដែល​គាត់​អាច​ហៅ​ទូរស័ព្ទ​ទៅកាន់​លោក​ត្រាំ​នៅ​ឆ្ងាយ​ពី​ការឃ្លាំមើល​បន្ទាប់មក​បាន​ត្រឡប់​ទៅ​ពិភាក្សា​វិញ​នៅ​ម៉ោង​ប្រហែល​៩​ព្រឹក​។​

លោក Pompeo បាន​និយាយថា “​ការងារ​ដែល​យើង​ធ្វើ​គឺ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​។ ការកសាង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កូរ៉េខាងជើង​ដ៏​ត្រ​ចេះ​ត្រចង់​និង​ភាពជោគជ័យ​ដែល​ប្រធានាធិបតី​ទាំងពីរ​ទាមទារ​ឲ្យ​មាន​”​។​

គួរ​បញ្ជាក់ថា លោក Pompeo ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​លើក​ទី​៣​របស់ខ្លួន​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​គឺ​បានចាប់ផ្តើម​សកម្មភាព​ការទូត​របស់គាត់​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​តាំងតែ​ពី​ពេល​គាត់​កាន់តំណែង​ជានា​យក CIA របស់លោក​ត្រាំ​មកម្ល៉េះ​ហើយ​នៅតែ​ជា​អ្នកចង្អុល​បង្ហាញ​លើ​ការចរចា​បន្ទាប់ពី​គាត់​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​។​

កាលពី​ខែ​មុន លោក​គីម​និង​លោក​ត្រាំ​បាន​ជួបគ្នា​នៅ​ប្រទេស​សិង្ហ​បុរី​ហើយ​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ឈានទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​នៅ​ឧបទ្វីប​កូរ៉េ​ជា​ថ្នូរ​នឹង​ការធានា​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​និង​សន្តិភាព​យូរអង្វែង​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114