BREAKING NEWS
Search

លោក Putin និយាយ​ការពារ​ការ​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន​ដោយ​ស្របច្បាប់

លោក​ប្រធានាធិបតី Vladimir Putin បាន​ទទូចថា កងកម្លាំង​រុស្ស៊ី​មាន​សិទ្ធិ​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន​៣​គ្រឿង​កាលពី​ចុង​សប្តាហ៍​មុន ​ប៉ុន្តែ​លោក​ប្រធានាធិបតី Donald Trump បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទង្វើ​របស់​ទីក្រុង​មូ​ស្គូ​ប្រឆាំងនឹង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។​

នៅក្នុង​សុន្ទរកថា​ដ៏​ទូលំទូលាយ​លើកដំបូង​របស់លោក​ចាប់តាំងពី​ការប្រឈមមុខ​ដាក់គ្នា​នៅ​សមុទ្រ​កាលពី​ថ្ងៃអាទិត្យ​, លោក Putin បាន​និយាយថា វា​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុង​កៀវ​ធ្វើជា “​ការបង្ក​ហេតុ​”​។​

លោក​បាន​និយាយថា នាវា​អ៊ុយ​ក្រែ​ន​បាន​ចូល​ដែនទឹក​របស់​រុស្ស៊ី​និង​បាន​បដិសេធ​ឆ្លើយតប​ទៅនឹង​សំណើសុំ​បញ្ឈប់​ពី​ទូក​ល្បាត​របស់​រុស្ស៊ី​។​

នៅពេល​សាកសួរ​អំពី​ឧបទ្ទវ​ហេតុនេះ​អំឡុង​វេទិកា​វិនិយោគ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​មូ​ស្គូ លោក Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​តើ​កងកម្លាំង​រុស្ស៊ី​ត្រូវធ្វើ​អ្វី​? ។ ពួកគេ​បាន​បំពេញ​កាតព្វកិច្ច​យោធា​របស់​ពួកគេ​។ ពួកគេ​បំពេញ​មុខងារ​ដោយ​ស្របច្បាប់​របស់​ពួកគេ​ក្នុងការ​ការពារ​ព្រំដែន​របស់​រុស្ស៊ី​។ ពួកគេ​នឹងធ្វើ​ដូចគ្នានេះ​នៅក្នុង​ប្រទេស​របស់​អ្នក​”​។​

ក្រុង​មូ​ស្គូ​និង​គៀវ​បានធ្វើការ​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក​ចាប់តាំងពី​នាវា​កងទ័ព​ជើង​ទឹក​រុស្ស៊ី​បាន​បាញ់ ឡើង​ជិះ​និង​ចាប់យក​នាវា​អ៊ុយ​ក្រែ​ន​បី​គ្រឿង​នៅឯ​ឆ្នេរសមុទ្រ​នៃ​តំបន់ Crimea ។​

បន្ទាប់ពី​ព្រមាន​អំពី​ការគំរាមកំហែង​នៃ “​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​”, ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko កាលពី​ថ្ងៃ​ពុធ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដែល​ដាក់​ឲ្យ​មានច្បាប់​អាជ្ញាសឹក​រយៈពេល​៣០​ថ្ងៃ​នៅតាម​តំបន់​ជាប់​ព្រំដែន​រុស្ស៊ី សមុទ្រ​ខ្មៅ​និង​សមុទ្រ Azov ។​

លោក​ក៏បាន​អំពាវនាវ​ដល់​សមាជិក​អង្គការ NATO រួមមាន​ទាំង​អាល្លឺម៉ង់​ផងដែរ​ឲ្យ​បញ្ជូន​នាវា​កងទ័ពជើងទឹក​ទៅកាន់​តំបន់​នេះ​ដើម្បី​គាំទ្រ​ប្រទេស​របស់លោក​ក្នុងការ​ប្រឈមមុខ​ដាក់​គ្នា​។​

ក្រុង​គៀវ​បានទាមទារ​ឲ្យ​មានការ​ប្រគល់​នាវា​របស់ខ្លួន​មកវិញហើយ​ដោះលែង​នាវិក​ចំនួន​២៤​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​ប្រឈមមុខ​ដាក់គ្នា​នោះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114