លោក Ronaldo សរសើរ​លោក Luigi Simoni ក្រោយ​ការទទួល​មរណភាពរ​បស់​គាត់​ក្នុង​វ័យ​៨១​ឆ្នាំ​

អតីត​គ្រូបង្វឹក​ក្លិប Inter Milan​លោក Luigi Simoni ដែល​បាន​ដឹកនាំ​ក្លិប​មួយ​នេះ ឈ្នះ​ជើងឯក UEFA Cup កាលពី​ឆ្នាំ​១៩៩៨ អំឡុង​យុគសម័យ​របស់​តារាបាល់ទាត់​ប្រេ​ស៊ី​ល Ronaldo​នោះ បានទទួល​មរណភាព​ហើយ​នៅក្នុង​ទីក្រុង Pisa​កាលពី​ថ្ងៃ​សុក្រ ក្នុង​វ័យ​៨១​ឆ្នាំ​។

ក្លិប Inter Milan បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា នៅ​ថ្ងៃទី​២២ ខែឧសភា​នេះ លោក Luigi Simoni បាន​ចាក​ចេញពី​ពួកយើង​ជា​រៀងរហូត​ហើយ​។

កាលពី​ថ្ងៃ​សុក្រ ក្លិប Inter Milan​បាន​ប្រារព្ធ​ខួប​១០​ឆ្នាំ​នៃ​ការ​ឈ្នះ​ជើងឯក Champions League​របស់​ពួកគេ ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho ដើម្បី​ក្លាយជា​ក្លិប​អ៊ីតាលី​ដំបូង​គេ បានឈ្នះ​ជើងឯក​មួយ​នេះ ចំនួន​៣​លើក ។

លោក Simoni ដែល​អាជីព​បង្វឹក​ចំណាយពេល​៤​ទសវត្សរ៍ និង​ជាមួយ​ក្លិប​អ៊ីតាលី​១៧​ផ្សេងៗ​គ្នា​នោះ មិន​ធ្លាប់​ដែលជា​សះស្បើយ​នោះឡើយ ពី​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​កាលពី​រយៈពេល​ជិត​១​ឆ្នាំមុន។

លោក Ronaldo ដែលជា​វីរបុរស​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​និយាយ​តាម Instagram​ថា លោក Gigi Simoni មិន​ត្រឹមតែ​ជា​គ្រូបង្វឹក​សម្រាប់​រូបលោក​នោះទេ​។

លោក​បន្ត​ថា បើសិនជា​លោក​គិតពី​គាត់​នៅ​ថ្ងៃ​នេះ លោក​នឹង​គិតពី​មនុស្ស​ដ៏​ល្អ​ម្នាក់​ដែល​មិនចេះ​បញ្ជា​អ្នក​ឲ្យ​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​គាត់​។ លោក​គិតថា គាត់​គឺជា​គ្រូ​ដ៏​ល្អ​ម្នាក់។

ខណៈពេល​នោះ​ដែរ ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី លោក Gabriele Gravina បាន​និយាយថា បុរស​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់ បាន​ចាក​ចេញពី​ពួកយើង​ជា​រៀង​រហូត​ហើយ៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114