BREAKING NEWS
Search

ករណី​នគរបាល​ប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់​ប្អូន​ថ្ងៃ​ នៅ​កោះឧកញ៉ាតី ត្រូវ​បាន​ទម្លាយ

កណ្ដាល ​៖ នគរបាល​ប៉ុស្តិ៍​បាក់​ខែង ដែល​បាញ់សម្លាប់​ប្អូនថ្លៃ​នៅ​កោះ​ឧកញ៉ា​តី ត្រូវបាន​ចាប់ខ្លួន​ហើយ​នៅ​ខេត្តស្ទឹងត្រែង​។

ការ​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​បាញ់​សម្លាប់​ប្អូន​ថ្លៃ​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០២០ នៅ​ខេត្ដ​ស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខេត្ដ​ព្រះវិហារ ក្រោយពី​ជន​ដៃ​ដល់​រូប​នេះ បាន​បាញ់​សម្លាប់​ប្អូនថ្លៃ​ខ្លួន​ឯង​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​​ក្នុង​ថ្លុក​ឈាម​គួរ​ឲ្យ​រន្ធត់ ហើយ​​ព្យាយាម​រត់គេចខ្លួន​អស់​រយៈពេល​៧​ថ្ងៃ ទើប​សមត្ថកិច្ចឃាត់ខ្លួន​បាន។

លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​ខេត្ដ​កណ្ដាល​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​មានឈ្មោះ សែន រ៉ា​នុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង​។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ម៉ៅ ប៊ុនហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ។ ជនសង្ស័យ​និង​ជនរងគ្រោះ​ត្រូវជា​បងប្អូន​ថ្លៃ​(​សាច់ថ្លៃ​)​នឹង​គ្នា អ្នក​ទាំង​២​មាន​ទី​លំនៅ​ភូមិចុង​កោះ ឃុំកោះឧកញ៉ាតី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើត​ហេតុ ជនសង្ស័យ​មាន​ទំនាស់ ជាមួយ​ប្រពន្ធ ខ្លួន​ឈ្មោះ គង់ សុខ​ជា ដោយ​ជនសង្ស័យ​យក​អាវុធខ្លី មិន​ស្គាល់​ម៉ាក ភ្ជង់​ប្រពន្ធ​ខ្លួន ពេលនោះ​ជនរងគ្រោះ ចេញមក​ឃាត់​ដោយ​និយាយ​ថា ចាំ​បាច់​យក​កាំភ្លើង​ភ្ជង់​ប្រពន្ធ​ធ្វើ​អី និយាយ​តែ​ប៉ុណ្ណឹង ស្រាប់តែ​ជនសង្ស័យ​បាញ់​សំដៅ​ទៅ​ជនរងគ្រោះ​១​គ្រាប់​ត្រូវ​បំពង់ក បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ក្រោយមក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ឈ្មោះ ផល ជា​អ្នកជិតខាង​ជិះ​គេចខ្លួនបាត់​តែម្ដង​។

បន្ទាប់ពី​មាន​ករណី​នេះ​កើតឡើងភ្លាមៗ​នោះ​ដែរ លោកស្នងការ​ខេត្ដ​កណ្ដាល ក៏បាន​ដឹកនាំ​កម្លាំង​ជំនាញ​ខេត្ដ ,​កម្លាំង​អធិការដ្ឋាន​ស្រុក និង​កម្លាំង​ប៉ុស្តិ៍ ចុះ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា ជនរងគ្រោះ​ស្លាប់​ដោយសារ​ជន​ដៃ​ដល់​ជា​បងថ្លៃ​បាញ់ប្រហារ​ស្លាប់​ប្រាកដ​មែន។ បន្ទាប់ពី​ពិនិត្យ​រួច កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​មក​ចាត់ការ​តាមច្បាប់ រហូត​ដល់​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២០​នេះ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កណ្ដាល សហការ​ជាមួយ​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល និង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ស្ទឹងត្រែង ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ឈឿន សុចិ​ត្ដ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល ធ្វើការ​ស្រាវជ្រាវ រហូត​បំបែកសំណុំរឿង​ចាប់ខ្លួន​ជនដៃដល់​រូបនេះ នៅ​ខេត្ដ​ស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខេត្ដ​ព្រះវិហារ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នករបាល​ខេត្ដ​កណ្ដាល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០​វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ចំណុច​ភូមិ ចុង​កោះ ឃុំ កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ករណី​ផ្ទុះ​អាវុធ ទាំងយប់​បណ្ដាល​ឲ្យ​មានមនុស្សស្លាប់ ហើយ​ត្រូវ​បាន​គេ​សង្ស័យថា ជាករណី​ភ្លើង​​ប្រច័ណ្ឌ៕

នាគព័ន្ធ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114