ព័ត៍មានទាន់​ហេតុការណ៏
Search

ល្បិច​សម្ងាត់ប្រើពេលណាត់ជួបនារីម្ចាស់បេះដូង

ណាត់ជួបគ្រាដំបូង គួរធ្វើយ៉ាងណា? ភ័យអរៗមែនអត់?
ទីនេះ KPT Plus សូមនាំប្រិយមិត្តយុវវ័យមកដឹងពីតិចនិច ពេលណាត់គ្នាជាលើកដំបូង ឲ្យបានផលដោយវិធីខាងក្រោម៖

១. ជ្រើសរើសទីតាំងឲ្យបានត្រឹមត្រូវ៖ ណាត់គ្នាលើកទីមួយ គួររកកន្លែងស្ងប់ស្ងាត់ល្មម មិនអ៊ូរអរពេកឬស្ងាត់ៗតែ២នាក់នោះទេ។​ ទីតាំងស្ងប់ស្ងាត់គឺបង្កភាពងាយស្រួលដល់ការជជែកគ្នា អាចជាភោជនីយដ្ឋានដោយញ៉ាំអាហារបណ្ដើរ ជជែកគ្នាបណ្ដើររឹតតែល្អ។ បើចង់ជៀសវាងការចំណាយច្រើន អាចណាត់ជួបគ្នាក្នុងហាងកាហ្វេក៏បាន។

២.​ត្រៀមពាក្យសន្ទនាឲ្យជក់ចិត្ត៖ គ្រាដំបូងនៃការណាត់ជួប ជៀសវាងដាច់ខាតការនិយាយពាក្យអាសអាភាស និយាយច្រើនជ្រុលឥតប្រយោជន៍ និងការលេងសើចហួសហេតុពេក។ ដើម្បីជាទីចាប់អារម្មណ៍នៃការសន្ទនាឲ្យទាក់ទាញ អ្នកគួរត្រៀមសំណួរឲ្យបានមុនពេលមកជួបគ្នា ដោយសួរពីនេះពីនោះទាក់ទងគ្រួសារឬការងារ និងចែករំលែកនូវរឿងស្រដៀងគ្នានេះជាមួយនាង។

៣. ដុសខាត់គំនិតដែលត្រឹមត្រូវ៖​ អ្នកមិនត្រូវគិតរឿងអសីលធម៌ពេលណាត់គ្នាលើកដំបូងឡើយ។ ត្រូវទប់ចិត្តឲ្យបានថានឹងមិនធ្វើអ្វីផ្ដេសផ្ដាសដែលប៉ះពាល់ដលល់កិត្តិយសនិងអារម្មណ៍របស់នាងនោះទេ។ អ្នកត្រូវធ្វើខ្លួនជាសុភាពបុរស ដើម្បីឲ្យនាងទទួលបាននូវអារម្មណ៍កក់ក្ដៅ។

៤​. រៀនសូត្ររឿងរ៉ាវពីអតីត៖ ការណាត់លើកនេះ ប្រហែលមិនមែនជាការណាត់លើកទី១សម្រាប់អ្នកទេហើយអ្នកអាចប្រហែលធ្លាប់ណាត់ជួបបរាជ័យម្ដងជាពីរដងរួចទៅហើយក៏ថាបាន តែសូមរៀនពីវាដើម្បីកែលម្អការណាត់លើកនេះ។ តើពីមុនធ្លាប់បរាជ័យអ្វីខ្លះ? សូមពិចារណានិងរៀនសូត្រម្ដងទៀត។

៥. ពិ​និត្យ​មើលខ្លួនឯងឲ្យហ្មត់ចត់៖ ស្វែងយល់ពីរបៀបតុបតែងខ្លួនតាមស្ទីលរបស់ខ្លួនដោយភាពជឿជាក់ និងសក្កិសមទៅនឹងបរិយាកាសដែលអ្នកនឹងបង្ហាញខ្លួន។

៦.​ប្រយ័ត្នពីភាសាកាយវិការ៖ បង្ហាញកាយវិការឲ្យធម្មជាតិ  ដោយការនិយាយស្ដីឲ្យស៊ីគ្នានឹងទឹកមុខ  ប្រើក្រសែភ្នែក និងញញឹមញញែម។ ក្រៅពីនោះ អ្នកក៏ត្រួវរៀនយល់ពីកាយវិការរបស់នាងផងដែរ​ ថាតើនាងពេញចិត្ត ឬធុញទ្រាន់នឹងការសន្ទនាគ្នាដែរទេ?

៧. ទាក់ទាញចំណាប់អារម្មណ៍៖ យកចិត្តទុកដាក់ស្ដាប់ដៃគូសន្ទនា ដោយបង្ហាញនូវការចង់ដឹងចង់ឃើញ ឬសាកសួរជាសំណួរបន្ថែមនូវអ្វីដែលអ្នកមិនយល់ ដើម្បីបញ្ចាក់ថាអ្នកឲ្យតម្លៃលើការសន្ទនានេះ។ និយាយរួម ធ្វើល្ងង់ៗខ្លះក៏បាន មិនចាំបាច់ចេះគ្រប់សព្វពេកទេ។

៨. ទទួលស្គាល់ថាទំនាក់ទំនងមិនមែនសុទ្ធតែល្អឥតខ្ចោះទេ៖ សូមកុំរំពឹងថា នារីដែលអ្នកណាត់ជួបជាមនុស្សដែលល្អឥតខ្ចោះ ព្រោះថាមនុស្សម្នាក់ៗមិនមែនសុទ្ធតែគួរឲ្យស្រឡាញ់និងឆ្លាតវៀងវៃទេ។ សូមស្វែងយល់ពីភាពស្រស់ស្អាតដែលមាននៅក្នុងចិត្តគំនិតវិញ ​ ហើយព្រមស្ដាប់ពីបំណងប្រាថ្នាគ្នាទៅវិញទៅមក ដើម្បីឲ្យអ្នកទាំងពីរកាន់តែស្និទ្ធស្នាល។