BREAKING NEWS
Search

ល្អណាស់ ! តំបន់ព្រំដែនជ្រៃធំ និងផ្លាស់ប្ដូរមុខមាត់ថ្មី ប្រែក្លាយជាបេះដូង របស់ខេត្តកណ្ដាល

តំបន់ព្រំដែនជ្រៃធំ និងផ្លាស់ប្ដូរមុខមាត់ថ្មី ប្រែក្លាយជាបេះដូងរបស់ខេត្តកណ្ដាល និងមានការរីកចម្រើនពិតប្រាកដនាពេលអនាគត នេះជាការលើកឡើងរបស់លោក​ នៃ ចារី អភិបាលរងខេត្តកណ្ដាល ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដី ទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ សម្រាប់ការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចីរភាព កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល។

លោក​បន្តថា ទៅថ្ងៃអនាគតតំបន់ជ្រៃធំ និងក្លាយជាទីប្រជំជន ដែលមានលក្ខណៈស្តង់ដារតាមរយៈការកំណត់តំបន់ប្រើប្រាស់ដីសមស្របដូចជា តំបន់លំនៅឋាន កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ រដ្ឋបាល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា បានយ៉ាងល្អប្រសើរ ដែលធ្វើឲ្យតំបន់ព្រំដែនជ្រៃធំ ផ្លាស់ប្ដូរមុខមាត់ថ្មី ក្លាយជាបេះដូងរបស់ខេត្តកណ្ដាល និងមានការរីកចម្រើនពិតប្រាកដនាពេលអនាគត។ លោក​បន្ថែមថា ដើម្បីអោយការអនុវត្តប្លង់គោលប្រើប្រាស់ដីនេះទទួលបានជោគជ័យ ឯកឧត្ដមសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់អង្គភាពក្នុងខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ រាល់ការស្នើសុំសាងសង់ ឬអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅមូលដ្ឋាន ត្រូវអនុវត្តតាមប្លង់គោលដែលបានអនុម័តរួចហើយ ព្រមទាំងធ្វើការទប់ស្កាត់អោយបានទាន់ពេលវេលាក្នុងករណីមានការសាងសង់សំណង់គ្មានការអនុញ្ញាត្តិ។

មានប្រសាសន៍ក្នុងសិក្ខាសាលានេះដែរ លោក​ មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបបនីយកម្ម និងសំណង់ បានអោយដឹងដែរថា ប្លង់គោលដីទីប្រជុំជនជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានសម្រេចដាក់អោយប្រើប្រាស់ជាផ្លូវការ ដោយសេចក្ដីសម្រេចលេខ០០៥ សសរចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨។

លោក​បន្តថា ការរៀបចំដែនដី និងនគរូបនីយកម្ម ត្រឹមត្រូវបានរួមចំណែកក្នុងការធានាការអភិវឌ្ឍ និងអភិរក្ស ប្រកបដោយចីរភាព តុល្យភាព និងសមធម៌ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជមរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ ៧% ក្នុង១ឆ្នាំ តាមរយៈកំណើននៃការអភិវឌ្ឍ និងការសាងសង់ជារៀងរាល់ឆ្នាំ។ លទ្ធផលនេះក៏បានឆ្លុះបញ្ចាំងពីការខិតខំរបស់ក្រសួង មន្ទីររៀបចំដែនដីខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាន ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។