ព័ត៍មានទាន់​ហេតុការណ៏
Search

វង្ស ណ​យ ជួប ផេ​ត​ដាំ ខ​ណៈ​រិ​ទ្ធ ភូ​លូ ជួប រិ​ទ្ធ អៃរ៉ា នៅ​សង្វៀន​ស្ទឹងមានជ័យ

វង្ស ណ​យ អ្នក​ប្រដាល់​កម្ពុជា នៃ​ក្លិប​កុលបុត្រ​គុន​ខ្មែរ​និង រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សៅរ៍​ទី​១៦​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ។

សម្រាប់​ការផ្គូផ្គង​នេះ គូប្រកួត​របស់​វង្ស​ណ​យ​គឺជា​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ផេ​ត​ដាំ​ស៊ីត ផរ​តាន​(Petch Dam Site Phortarn) ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧0​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​ដែលជា​គូ​របស់​វង្ស ណ​យ​នោះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​នៅ​កម្ពុជា តែ​គេ​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ​មួយរូប​ប្រចាំ​នៅក្នុង​ប្រទេស​ថៃ ។​

ផេ​ត​ដាំ ស៊ីត​ផរ​តាន គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក ។​អ្នក​ប្រដាល់​ថៃ​រូបនេះ​ខ្លាំង​គួរសម​ដែរ ។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង។​

ទោះជា​យ៉ាងណា ផេ​ត​ដាំ ស៊ីត​ផរ​តាន ជួប​ជាមួយ​វង្ស​ណ​យ​លើក​នេះ ក៏​មិន​ប្រាកដថា​អាច​វាយ​ឈ្នះ​វង្ស ណ​យ​បានដែរ ។​ផេ​ត​ដាំ ស៊ីត​ផរ​តាន​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​វង្ស ណ​យ គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​នេះ ។ យ៉ាងណា វង្ស ណ​យ លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើអោយ ផេ​ត​ដាំ​ពិបាក​សង្ឃឹម​ឈ្នះ​ណាស់។

ផេ​ត​ដាំ ស៊ីត ផរ​តាន បើតាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​នោះ គេ​មាន​កំនត់ត្រា​ប្រកួត​៧៨​លើក ឈ្នះ​៦២​លើក ចាញ់​១៥​លើក ស្មើ​០១​លើក និង ធ្លាប់​វាយ​ដៃគូ​អោយ​សន្លប់​ជាង​២០​លើក​ឯណោះ ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​វង្ស ណ​យ គឹ​នៅតែ​តិចជាង​ដែរ ដោយ​វង្ស ណ​យ មានកំណត់​ត្រា​ប្រកួត​រហូតដល់​២១១​លើក ឈ្នះ​១៤៧​លើក ចាញ់​៦០​លើក និង​ស្មើ​០៤​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​ចំនួន​៦០​លើក។

ទោះជា​យ៉ាងនេះ​ក្តី វង្ស ណ​យ​មិនអាច​មើលងាយ​ផេ​ត​ដាំ ស៊ីត ផរ​តាន បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏​ល្អ​និង​ខ្លាំង​ដែរ ។ ចាំមើល វង្ស ណ​យ និង ផេ​ត​ដាំ ស៊ីត ផរ​តាន​នេះ តើន​រណា​ជា​អ្នកឈ្នះ​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ? ។ វង្ស ណ​យ គេ​ប្រកួត​ចុងក្រោយ​នេះ វាយ​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​អា​មេ​ត សូលី​ម៉ូ​នី កាលពី​ថ្ងៃទី​០៣​វិច្ឆិកា ២០១៩​កន្លងទៅនេះ ។​
​ចំណែក រិ​ទ្ធ ភូ​លូ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ រិ​ទ្ធ​អៃរ៉ា ត​.​ស៊ី​ឡា​ឆៃ​(Rith Aira Tor. Silachai) ។
​រិ​ទ្ធ ភូ​លូ និង អ្នក​ប្រដាល់​ថៃ រិ​ទ្ធ​អៃរ៉ា ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក ដោយសារ​ភូ​លូ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទើប​ឡើង​កូដ ហើយ​រិ​ទ្ធ​អៃរ៉ា គេ​ជា​អ្នក​ប្រដាល់​ថៃ​ចាស់វស្សា។

រិ​ទ្ធ​អៃរ៉ា នេះ ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ហើយ​គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក ។ គេ​មាន​សមត្ថភាព​បច្ចេកទេស​គួរសម​ដែរ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​មាន​ប្រវត្តិ​ប្រកួត​៩៣​លើក ដោយ​វាយ​ឈ្នះ​៦៧​លើក ចាញ់​២៤​លើក ​និង​ស្មើ​០២​លើក​ ខណៈ​ រិ​ទ្ធ ភូ​លូ គេ​មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​៧០​លើក ក្នុងនោះ​វាយ​ឈ្នះ​៤៧​លើក ចាញ់​១៩ លើក និង​ស្មើ ០៤​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​បាន​ចំនួន​១៨​លើក។

ទោះជា​យ៉ាងណា រិ​ទ្ធ ភូ​លូ ជា​អ្នក​ប្រដាល់​ដែល​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​២១​លើក និង ឡាវ​២​លើក​ហើយ។ ដូច្នេះ​លើក​នេះ​ជា​លើក​ទី​២២ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​២១​នោះ ភូ​លូ វាយ​ឈ្នះ​១២ លើក​និង​ចាញ់ ០៨ លើក​និង​ស្មើ​០១​លើក។

រិ​ទ្ធ ភូ​លូ ប៉ះ​ជាមួយ​រិ​ទ្ធ​អៃរ៉ា​នេះ មើលទៅ​ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ទេ ព្រោះ​បើ​មើល​ពី​កាយសម្បទា គឺ​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​ទន្ទឹម​នេះ​ភូ​លូ គេ​ក៏​មាន​បច្ចេកទេស​ និង​ល្បិចកល​មិន​ចាញ់​រិ​ទ្ធ​អៃរ៉ា​ដែរ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការ​ជួបគ្នា​លើក​នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ​ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។ យ៉ាងណា រិ​ទ្ធ ភូ​លូ គេ​ធ្លាប់​វាយ​ឈ្នះ​ថៃ​ច្រើន​នាក់​ដែរ​ហើយ​ហេតុនេះ​គេ​មានបទពិសោធន៍ ហើយ​គេ​ក៏​នឹងមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​សម្រាប់​ការប្រកួត​ជាមួយ​រិ​ទ្ធ​អៃរ៉ា​នេះ។

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ធី វ៉ា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ពុទ្ធ សំបូរ​អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ បើទោះជា​ធី វ៉ា​រិ​ទ្ធ ខ្លាំង​យ៉ាងណាក៏ដោយ ក៏​លើក​នេះ​ពុំមាន​នរណា​ហ៊ាន​អះអាង​ថា វ៉ា​រិ​ទ្ធ​ឈ្នះ​ពុទ្ធ សំបូរ នោះដែរ។ ចាំមើល តើ ធី វ៉ា​រិ​ទ្ធ អាច​យកឈ្នះ​ពុទ្ធ សំបូរ បាន​ឬ​អត់ ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114