ព័ត៍មានទាន់​ហេតុការណ៏
Search

វិចិត្រករ​ខ្មែរ​ពីរ​រូប ​ដាក់​តាំង​ពិព័រណ៍​រូបថត​ជាង​៤០​ផ្ទាំង ​ដើម្បី​រ៉ៃ​អង្គាស​ថវិកា​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា

ភ្នំពេញ​ ៖​ វិចិត្រករ​ខ្មែរ​ពីររូប​បាន​ដាក់​តាំង​ពិព័រណ៍​រូបថត​ជាង​៤០​ផ្ទាំង​ធ្វើការ​រ៉ៃ​អង្គាស​ថវិកា​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួយសង្គ្រោះ​ដល់​កុមារ​ក្រីក្រ​កម្ពុជា​។

លោក រ៉ា​ណន ផល អតីត​និស្សិត​បច្ចេកទេស​បុរាណ​នៅ​បណ្ឌិត្យសភា​វិចិត្រសិល្បៈ​នៃ​សេ​រ៉ា​រ៉ា​នៅ​មី​ឡាន​ប្រទេស​អ៊ីតាលី​បាន​មានប្រសាសន៍ថា គំនូរ​ជាង​៤០​ផ្ទាំង​ដែល​ដាក់តាំង​ពិព័រណ៍​នេះ​គឺ​ភាគច្រើន​បង្ហាញ​ពី​វប្បធម៌​និង​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ផូរផង់​របស់​ខ្មែរ​ដែល​រៀបរាប់​ពី​ជំនាន់​ផ្សេងៗ​គ្នា សាវតា​និង​វណ្ណៈ​សង្គម​ពី​ចាស់​ទៅ​ថ្មី ស្ថាបត្យកម្ម អាពាហ៍ពិពាហ៍​និង​ពិធីបុណ្យ​អុំ ទូក​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។

ថ្លែង​នៅ​ក្នុង​ពិធី​ពិព័រណ៍​គំនូរ​កាលពី​រាត្រី​ថ្ងៃទី​៧​ ខែវិច្ឆិកា​ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ​នៅ​វិចិត្រសាល​សិល្បៈ​នៃ​សណ្ឋាគារ រ៉ូ​ស​វូត​ភ្នំពេញ លោក រ៉ា​ណន ផល បាន​បន្តថា​ គំនូរ​ជាង​៤០​ផ្ទាំង​នេះ​គឺ​លោក​សហការ​ជាមួយ​លោក​ហ្វ្រុ​ន​គី​ខ្មែរ​មកពី​កាណាដា​ដោយ​គំនូរ​មួយ​ផ្ទាំងៗ​មានតម្លៃ​ចាប់ពី​១៤០​រ​ដុល្លារ​រហូតដល់​៧០០០​ដុល្លារ​។

លោក​បាន​បន្ថែម​ទៀត​ថា ​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​គំនូ​នេះ​នឹង​យក​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​មួយ​ចំណែក​ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នេះ​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ជួយសង្គ្រោះ​ដល់​កុមារ​កម្ពុ​ជាពិសេស​កុមារ​ក្រីក្រ​និង​មួយចំណែក​ទៀត​នឹង​យកទៅ​អភិវឌ្ឍន៍​ផ្នែក​សិល្បៈ​គំនូរ​នៅ​ស្រុក​ខ្មែរ​ឲ្យ​កាន់តែ​រីកចម្រើន​។

លោក​សង្ឃឹមថា​ ពិព័រណ៍​រូបថត​នេះ​នឹង​ទទួលបាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​និង​បរទេស​ដោយសារតែ​គំនូរ​ដែល​លោក​គូរ​មានការ​រួមបញ្ចូល​គ្នា​នូវ​អ្វី​ដែល​លោក​ធ្លាប់បាន​សិក្សា​នៅ​ប្រទេស​អ៊ីតាលី​មកជា​លក្ខណៈ​សិល្បៈ​ខ្មែរ​និង​មាន​លក្ខណៈ​ប្លែក​ដែល​នៅ​ស្រុក​ខ្មែរ​មិនសូវមាន​ច្រើន​នោះទេ​។

យ៉ាងណាក៏ដោយ លោក​បាន​ជម្រុញ​និង​លើកទឹកចិត្ត​ឲ្យ​យុវជន​គួរ​ចាប់អារម្មណ៍​លើ​ជំនាញ​សិល្បៈ​គំនូរ​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​លើកស្ទួយ​វិស័យ​គំនូរ​នេះ​កាន់តែ​រីកចំរើន​ថែមទៀត​ព្រោះថា​សិល្បៈ​គំនូរ​នេះ​ក៏​ជួយ​លើកស្ទួយ​ពី​វប្បធម៌ សិល្បៈ​និង​ប្រពៃណី​ខ្មែរ​របស់​ខ្មែរ​តាមរយៈ​គំនូរ​នេះ​ផងដែរ​។

ចំណែក​លោក ម៉ៃ​ឃ័​រ ផឺ​រ​ឃ័​រ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Rosewood ភ្នំពេញ​មានប្រសាសន៍ថា Rose wood ភ្នំពេញ​មាន​សេចក្តីសោមនស្ស​គាំទ្រ​ដល់​វិស័យ​សិល្បៈ​របស់​ខ្មែរ​ដែល​កំពុង​មានការ​រីកចម្រើន​តាមរយៈ​ការ​ដាក់​តាំង​ពិព័រណ៍​គំនូរ​និង​រូបថត​ផ្សេងៗ​ដែលជា​ស្នាដៃ​របស់​កូន​ខ្មែរ​នៅ វិចិត្រសាល​សិល្បៈ​នៃ​សណ្ឋាគារ រ៉ូ​ស​វូត​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​។

គួរ​បញ្ជាក់​ថា ​ការ​ដាក់​តាំងពិព័រណ៍​គំនូរ​នេះ​ ត្រូវ​ដាក់​បង្ហាញ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​រហូតដល់​ថ្ងៃ​ទី​៣១​ ខែមករា ​ឆ្នាំ​២០២០​ ខាងមុខនេះ​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114