វិស័យ​កីឡា​នៅ​កម្ពុជា​ មានការ​អភិវឌ្ឍ​ ​រីកចម្រើន​ទៅមុខ​យ៉ាង​ឆាប់រហ័ស​ ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

ភ្នំពេញ​ ៖ ​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា​ លោក​ពិតជា​សប្បាយរីករាយ​ជាមួយ​នឹង​ការ​រីកចម្រើន​លើ​វិស័យ​កីឡា​ នៅ​កម្ពុជា​បច្ចុប្បន្ន ដែល​កំពុងមាន​ការវិវឌ្ឍ​ទៅមុខ​យ៉ាង​ឆាប់រហ័ស​។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី លោក​ក៏​សូម​លើកទឹកចិត្ត​ឲ្យ​មាន​ការ​ប្រមូលផ្តុំ​កីឡាករ​គ្រប់​វ័យ និង​គ្រប់​ប្រភេទ​កីឡា​នៅ​ទូទាំង​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ហ្វឹកហាត់​ជាប្រចាំ បង្កើន​សមត្ថភាព ដែល​ក្នុង​នោះ​យើង​អាច​នឹង​មាន​លទ្ធភាព​ជ្រើសរើស​កីឡាករ​ខ្លាំងៗ​ចេញពី​ក្រុម​ដើម្បី​ត្រៀម​ចូល​ប្រកួត Sea Game ក្នុង​ឆ្នាំ ២០២៣​ខាងមុខ​។

ការ​លើក​ឡើង​របស់​លោក​ប៉ា សុជាតិ​វង្ស​ បែប​នេះ ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧ ក្នុង​កម្មវិធី​បិទ​ការប្រកួត​កីឡា​មហាជន អបអរ​សាទរ​ខួប​លើក​ទី​៣៨ នៃ​ទិវា​៧​មករា ​នៅ​វិទ្យាល័យ​ ជា​ស៊ីម​បឹង​កេងកង ខណ្ឌ​ចំការមន ក្រោយពី​មានការ​ប្រកួតប្រជែង​គ្នា អស់​រយៈពេល​២​ថ្ងៃ​កន្លង​មក​នេះ។

លោកប៉ា សុជាតិ​វង្ស​បាន​បន្តថា កីឡា​ពិតជា​មាន​សារៈសំខាន់​ណាស់ វា​ជា​ឱសថ​ព្យាបាល​ជំងឺ​គ្រប់​ប្រភេទ​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះហើយ​លោក​ស្នើ ឲ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ទាំងអស់ ត្រូវ​រៀបចំ​ប្រភេទ​កីឡា​ឲ្យ​បាន​ច្បាស់លាស់ ដូចជា បាល់ទាត់ បាល់ទះ បាល់បោះ ប៊ូល ប៉េង​ប៉ុង​ជាដើម ដើម្បី​ផ្ញើ​​ទៅ​ចុះបញ្ជី​នៅ​មន្ទីរអប់រំ​យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ ហើយ​យើង​នឹង​រៀបចំ​ការប្រកួត​នៅ​ថ្នាក់​រាជធានី​ទៅតាម​វិញ្ញាសា​តែម្តង។

លោក​អ៊ុ​ក ចន្ថា​ អនុប្រធាន​មន្ទីរអប់រំ​យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ក្រោយ​ការប្រកួត​កីឡាបាល់ទាត់​២​ថ្ងៃនេះ ចំណាត់ថ្នាក់​លេខ​១​ បាន​ទៅលើ​កីឡាករ​មកពី ក្លិប​បាល់ទាត់​អាស៊ាន លេខ​២​បាន​ទៅលើ​កីឡាករ​មកពី​ខណ្ឌ​ដង្កោ​ និង​លេខ​៣​បាន​ទៅលើ​កីឡាករ​មកពី​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​។ ក្នុង​នោះ​ចំណាត់​លេខ​១​ ត្រូវ​បាន​អភិបាល​រាជធានី​ផ្តល់​រង្វាន់​ទង់​១ បាល់​៣​គ្រាប់ និង​ថវិកា​៣​លាន​រៀល ចំណាត់​លេខ​២ បាន​រង្វាន់​ទង់​១ បាល់​៣​គ្រាប់ និង​ថវិកា​២​លាន​រៀល ចំណាត់​លេខ​៣​បាន​រង្វាន់​ទង់​១ បាល់​៣​គ្រាប់ និង​ថវិកា​១​លាន​រៀល។ ដោយឡែក​កីឡាករ​បាល់ទះ​ពី​លេខ​១​ដល់​លេខ​៣ ក៏​ទទួល​បាន​រង្វាន់​ និង​ថវិកា​មួយ​ចំនួន​ពី​លោក​អភិបាល​រាជធានី​ផង​ដែរ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114