ព័ត៍មានទាន់​ហេតុការណ៏
Search

វិស្វករ​​​​សាង​​សង់សាលា​ឆាន់​​ ដែល​បាក់ម្សិលមិញ​បាន​​ស្ថិត ​​ក្នុង​ចំណោម​​អ្នក​​រងគ្រោះថ្នាក់ស្លាប់

វិស្វករ​​ទទួល​​បន្ទុក​ការដ្ឋាន​​​សាងសង់​សាលា​ឆាន់​​ ​ក្នុង​វត្ត​ប្រាសាទ​ គោក​ចក​ ខេត្តសៀមរាប ដែល​បាន​បាក់​រលំ​កាល​ពី​ម្សិល​មិញ​បាន​ស្ថិត​​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ ៣ នាក់​។ ហេតុ​​ការណ៍​នេះ​បាន​​បណ្ដាល​ឱ្យ​មនុស្ស​រង​របួស​ធ្ងន់​ស្រាល ១៣ នាក់​ និង​​៣ នាក់​​បាន​ស្លាប់​ ដោយ​សារ​សម្ភារ​សំណង់​សង្កត់​លើ​។ ​ ​

​​វិស្វករ​ ដែល​បាន​​បាត់​បង់ជីវិត​​​ឈ្មោះ ​លី សំណាង​ ភេទ​ប្រុស​​ អាយុ ២៨ ឆ្នាំ​ ។ តាម​​ប្រភព​ស្និត​នឹង​លោក​ លី ​សំណាង ​​ឱ្យ​ដឹង​ថា​ លោក​គឺជា​​មនុស្ស​​មាន​ទាំង​សន្តាន​ចិត្ត​​ល្អ ​សមត្ថភាព​ច្បាស់​លាស់​ ហើយ​រាល់​​ការងារ​ ដែល​​លោក​ទទួល​ខុស​ត្រូវ​​ គឺ​តែ​ងមាន​ការ​​​គ្រប់​គ្រង​ និង​ត្រួត​ពិនិត្យ​បាន​យ៉ាង​ត្រឹម​ត្រូវ។ គណនី​សង្គម​ហ្វេសបុក​មួយ​ មាន​ឈ្មោះ​​ Lach Ly ដែល​ទំនង​ជា​មនុស្ស​ស្និត​បាន​សរសេរ​ថា​ ថ្ងៃ​នេះ​​គាត់​(​លី សំណាង​)​ ទទួល​គ្រោះ​ថ្នាក់​ ក្នុង​ការងារ​ជា​សប្បុរស​ដល់​សង្គម​ ដែល​មិន​មែន​ជា​គម្រោង​​គ្រប់​គ្រង​ចាត់​ចែង​ ដោយ​ខ្លួន​គាត់​។​លោក​​ជឿ​ជាក់​ថា ​បើ​មិន​មែន​លុយ​ពុទ្ធបរិស័ទ​ មិន​មែន​បច្ច័យ​ព្រះសង្ឃ ​និង​បើ​មិន​ព្រោះ​តែ​ជួយ​ការងារ​វត្ត​ ជន្ទល់​ទ្រ​ប្លង់​សេ​ពិដាន​​ទាំង​នេះ​ប្រាកដ​ជា​ត្រូវ​រុះ​រើ​ឡើង​វិញ​ជាក់​ជា​មិន​ខាន ​គាត់​(លី សំណាង​)​នឹង​មិន​ចូល​ទៅ​ពាក់ព័ន្ធ​កន្លែង​ប្រឈម​គ្រោះ​ថ្នាក់​នេះ​ទេ​។

សង្វេគ​ណាស់ ​តក់​ស្លុត​ណាស់ ​មិន​សម​កើត​ឡើង​ទេ។​ គាត់​បាន​លា​កូន​ទាំង​ពីរ​នាក់​ ទារក​ក្នុង​ផ្ទៃ​ម្នាក់ ​និង​ប្រពន្ធ​គាត់​ទៅ​ហើយ។​​ សូម​ឱ្យ​អំពើ​ល្អ ​និង​សណ្ដាន​ចិត្ត​សប្បុរស​របស់​ វិញ្ញាណក្ខន្ធ​បង​ទៅ​កាន់​ទីឋាន​ដែល​សាក​សម​បំផុត ​🙏🙏​សូម​ឱ្យ​​គ្រោះ​ថ្នាក់​ដ៏​តក់​ស្លុត​នេះ ​ក្លាយ​ជា​មេរៀន​ចុង​ក្រោយ​ សម្រាប់​ដាស់​តឿន​ស្មារតី​រាល់​អ្នក​បច្ចេកទេស​ ក្នុង​សង្គម​យើង​ទាំង​មូល…”។ លោក Lach Ly សរសេរ​បន្ថែម។

បន្ថែម​លើ​នេះ​​មាន​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ចែក​ចាយ និង​បង្ហាញ​ការ​សោក​ស្ដាយ​ជា​ពន់​ពេក ​ចំពោះ​ការ​បាត់​បង់​លោក​ លី សំណាង ព្រោះ​កូនតូចៗទាំងពីររបស់​លោក​បានបាត់​បង់ភាពកក់ក្តៅពីឪពុក ពិសេស​ភរិយា​កំពុងមាន​ពរពោះកូន ដែល​មិន​ទាន់​បាន​ឃើញ​មុខឪពុកនៅ​ឡើយ ។​ ​

បើ​តាម​ការ​បង្ហើប​របស់​សមត្ថកិច្ច, ​​ការដ្ឋាន​សាងសង់​សាលាឆាន់​ នៅ​ក្នុង​វត្ត​ប្រាសាទ​គោកចក ​ដែល​បាក់​ស្រុត​នេះ​ ​ត្រូវ​បាន​សាងសង់​ដោយ​ជាង​ម៉ៅការ​ចំនួន​២​នាក់ ​ដោយ​ជាង​ទី១​បាន​ឈប់​ធ្វើ ​​ជាង​ទី២ ​ក៏​មក​បន្ត​ការងារ​សាងសង់​​​ទៀត ​រហូត​មាន​ហេតុការណ៍​បែប​នេះ​តែម្ដង។ ទោះ​យ៉ាង​ណា ​គេ​មិន​ទាន់​ដឹង​ថា ​សមត្ថកិច្ច​ នឹង​ត្រូវ​ឃាត់​ខ្លួន​ជាង​សំណង់​នេះ ​ឬ​យ៉ាង​ណា​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​​បាក់​ស្រុត​បេតុង​សាលាឆាន់​វត្ត​ប្រាសាទ​គោកចក​​នេះ​ដែរ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ទម្លាយ​ថា​ អាច​មក​ពី​កត្តា៣​ធំ​ៗ ​៖ ​ទី​១.បញ្ហា​បច្ច័យ។ ទី២.បច្ចេកទេស​។​ ទី៣.វិស្វករ៕

 

​​