ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្មជនអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ២នាក់ នៅ​ខេត្ត​កំពត ត្រូវ​បាន​​​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ​​

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៩​នេះ ​បន្ទាប់​ពី​មាន​ការ​អំពាវ​នាវ​របស់​សម្ដេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ ​រោង​ចក្រ​ស៊ីម៉ង់តិ៍​ថៃ​ប៊ុនរ៉ុង នៅ​តំបន់​ភ្នំ​ល្អាង ​ឃុំ​ល្អាង ​ស្រុក​ដងទង់ ​ខេត្ត​កំពត​ បាន​ចេញ​បទ​បញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌​ ធ្វើ​ការ​ជាមួយ​ព្រះរាជអាជ្ញា ​ពាក់​ព័ន្ធ​ករណី​ប្រជាពលរដ្ឋ​ទាំង​ឡាយ ​ដែល​លង់​ខ្លួន​ចាញ់​បោក​ទណ្ឌិត ​សម រង្ស៉ី ​រហូត​មាន​ការ​ចាប់​ខ្លួន ​និង​ដាក់​ពន្ធនាគារ ​ភ្លាម​ៗ​នោះ​សកម្មជន​ ២នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ខេត្ត​កំពត​ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ តាម​ការ​ស្នើ​សុំ​របស់​សាម៉ីខ្លួន​​។

ក្នុង​នោះ​រួម​មាន ​ស្ត្រី​ឈ្មោះ ​ប៉ែន ​មុំ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​​រយៈ​ពេល​ជាង ​១ខែ​ និង​លោក នុត ពេជ ​ដែល​ជាប់​ឃុំ​ឃាំង​ ក្នុង​ពន្ធនាគារ​ជាង​​ ៣​ខែ​ ពាក់​ព័ន្ធ​ការ​ចូល​រួម​ផែន​ការ​ក្បត់​ជាតិ​របស់​ទណ្ឌិត សម រង្ស៉ី ​ដោយ​សារ​តែ​ពួក​គេ​លង់​ខ្លួន​បាញ់​បោក​ ​ត្រូវ​បាន​តុលាការ​ខេត្ត​កំពត​ សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ​ប៉ុន្ដែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ដដែល​។​

យោង​តាម​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​ទាំង​ ​២នាក់​ ​នៅ​ថ្ងៃ​ទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ​ ពួក​គេ​បាន​សន្យា ​នឹង​មិន​ចូល​រួម​សកម្មភាព​នានា ​ដែល​បង្ក​ឡើង​​ដោយ​ទណ្ឌិត ​សម រង្ស៉ី ​ឬ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ ​ហើយ​សន្យា​ចូល​មក​តុលាការ​គ្រប់​ពេល​វេលា​ នៅ​ពេល​ដែល​កោះ​ហៅ៕​