BREAKING NEWS
Search

សកម្មភាព​សម្តេចតេជោ ហ៊ុន សែន នៅ​លើ​ទឹកដី​ខេត្ត​ប៊ិ​ញ​ហ្វឿ​ក​ប្រទេស​វៀតណាម

ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី ២១ ខែមិថុនា ឆ្នាំ ២០១៧ បន្ទាប់ពី​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទី​តាំង​ប្រវត្តិសាស្ត្រ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត អស់​រយៈពេល​ជាង​កន្លះ​ថ្ងៃ​រួចមក ដែល​ចាប់​ផ្តើម​ពី​ភូមិ​កោះ​ថ្ម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ រហូត​ក្នុង​ទឹកដី​វៀតណាម​ដល់​ស្រុក​ឡុ​ក​និ​ញ ខេត្ត​ប៊ិ​ញ​ហ្វឿ​ក ដែល​មាន​៧​ចំណុច​រួចមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បន្ត​ដំណើរ​ទៅកាន់​ទីក្រុង​ធូ​យ៉ូ​វ​ម៉ូត ខេត្ត​ប៊ិ​ញ​ហ្វឿ​ក ដែល​នៅ​ទីនោះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​រង់ចាំ​ទទួល​ស្វាគមន៍​សម្តេច​ដោយ​ភាពកក់ក្តៅ និង រាក់ទាក់។

នៅ​ក្នុង​ពិធី​ស្វាគមន៍​ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត​ខេត្ត ប៊ិ​ញ​ហ្វឿ​ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​សម​ភាគី​វៀតណាម លោក ង្វៀន សួន​ហ៊្វុក បាន​ធ្វើការ​សំណេះសំណាល​យ៉ាង​រាក់ទាក់​បំផុត ចំពោះ​ដំណើរ​នៃ​ការ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ​និង​ការ​ប្រារព្ធ​ទិវា​ចងចាំ​របស់​សម្តេច ហ៊ុន សែន ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។

នៅ​ក្នុង​ការ​ស្នាក់នៅ​ខេត្ត ប៊ិ​ញ ហ្វឿ​ក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជួប​សន្ទនា​ដាច់ដោយឡែក​ជាមួយ​លោក​វរ​សេនីយ៍​ទោ ង្វៀន ថា​ញ់​ប៊ិ​ញ អតីត​មេបញ្ជាការរង និង ជា​មេបញ្ជាការ​សមរភូមិ​មុខ យោធា​ខេត្ត​សុង​ប៊ែ​រ ដែលជា​សាក្សី​ដឹងឮ​ដ៏​សំខាន់​ម្នាក់ អំពី​ស្ថានភាព​ផ្ទាល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នា​ឆ្នាំ ១៩៧៧។

បន្ទាប់មក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ង្វៀន សួន​ហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​អតីត​យុទ្ធជន និង និស្សិត​កម្ពុជា វៀតណាម​ប្រមាណ​៨០០នាក់។

លោក ង្វៀន សួន​ហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម​មានប្រសាសន៍ថា វត្តមាន​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​លើ​ទឹកដី​វៀតណាម​នៅ​ពេល​នេះ មិន​គ្រាន់តែ​ជា​ការ​រំលឹក​អំពី​ការ​ចងចាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំពោះ​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​កើត​ឡើង​ព្រម​គ្នា​ទៅ​និង​ការ​ប្រារព្ធ​ខួប​៥០​ឆ្នាំ ​នៃ​ការ​បង្កើត​ចំណង​ការទូត​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម (១៩៦៧-២០១៧)។

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​មានប្រសាសន៍​ប​ន្ត​ថា វត្តមាន​របស់​សម្តេច​តេ​ជោ​នៅពេលនេះ​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការគោរព​ស្រឡាញ់​ដឹងគុណ និង​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ ដែលជា​ផ្លៃ​ផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិតស្ថេរ​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម។

​លោក​បន្ត​ថា ប្រជាជន​វៀត​-​ណា​ម មាន​ពាក្យ​មួយ​ឃ្លា​ដែល​បាន​និយាយ​ថា នៅពេល​ដែលមាន​ភាព​ផ្អែមល្ហែម​ហើយ ត្រូវ​នឹក​ដល់​ភាព​ជូរចត់​ផង តាមរយៈ​ពាក្យ​ពេជ្រ​ដ៏​មាន​អត្ថន័យ​នោះដែរ ​យើង​ទាំងអស់គ្នា​បាន​គិត​យ៉ាងច្បាស់​លាស់​ពី​ប្រវត្តិ​នៃ​ចំណង​សាមគ្គីភាព​ការ​កៀក​ស្មា​គ្នា​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​វៀតណាម​- កម្ពុជា ទាំង​ក្នុង​គ្រា​លំបាក​ផង ទាំង​ក្នុង​ពេល​ដែលមាន​សន្តិភាព និង ទាំង​ក្នុង​ភាព​សំបូរ​សប្បាយ សុភមង្គល​ផង។

លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​សង្កត់​ផង​ដែរ​ ពី​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង បី​នៅ​ឥណ្ឌូចិន កម្ពុជា ឡាវ វៀតណាម ក្នុង​ការ​សាមគ្គី​គ្នា​ប្រយុទ្ធ​ប្រឆាំង​និង​ការឈ្លានពាន​ពីស​ត្រូវ​ឈ្លានពាន​កាលពី​អតីតកាល​រហូត​ទទួល​បាន​នូវ​ឯករាជ្យ​ទាំងស្រុង​នៅ​ឆ្នាំ​១៩៧៥​ដូចគ្នា។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​លោក ង្វៀន សួន​ហ៊្វុក នាយករដ្ឋមន្ត្រី​វៀតណាម ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មានតម្លៃ​បំផុត​អញ្ជើញ​ធ្វើដំណើរ​មកកាន់​ខេត្ត ប៊ិ​ញ​ហ្វឿ​ក ក្នុង​ការទទួល​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​សម្តេច​និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា ពេញ​មួយ​ថ្ងៃនេះ​(២១ មិថុនា​)​សម្តេច​បាន​ធ្វើ​ដំណើរ​ឆ្ល​ង​កាត់​តំបន់​ចងចាំ​នានា ដែល​ទាក់ទិន​ទៅនឹង​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេច​បន្ត​ថា ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែលមាន​ការឈឺចាប់​បំផុត​របស់​សម្តេច ដែល​រយៈពេល​៤០ ឆ្នាំមុន សម្តេច​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ភៀសខ្លួន​មកកាន់​ប្រទេស​វៀតណាម ស្វែងរក​ការជួយឧបត្ថម្ភ​របស់​វៀតណាម​ដើម្បី​ឈានទៅ​វាយ​រំលំ​របប​ប្រល័យពូជសាសន៍​ដើម្បី​រំដោះ និង សង្គ្រោះ​ប្រទេស​ និង ​ប្រជាជន​កម្ពុជា​ចេញពី​របប​មួយ​ដែល​មិន​ធ្លាប់​មាន​ទាល់តែសោះ​លើ​ពិភពលោក។

សម្តេច​តេ​ជោ​បន្ត​ថា ដំណើរ​ទស្សន​កិច្ចការ​ងារ​របស់​សម្តេច​ទៅកាន់​ប្រទេស​វៀតណាម​នៅពេលនេះ​គឺជា​ដំណើរ​ប្រវត្តិសាស្ត្រ និង ក៏​មិនមែន​ជា​រឿង​ដាច់ដោយឡែក​របស់​សម្តេច​នោះ​ទេ ប៉ុន្តែ​គឺជា​រឿង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​និង​ប្រជាជន​កម្ពុជា​ដូច​អ្វី​ដែល​រូប​សម្តេច​ធ្លាប់​បាន​មានប្រសាសន៍​ជម្រាប​ជូន​ប្រជាជន​កម្ពុជា​កាលពីពេល​កន្លងមក។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ឯកភាព​ទៅនឹង​ប្រសាសន៍​លើកឡើង​របស់ លោក ង្វៀន សួន​ហ្វ៊ុ​ក ពី​ប្រវត្តិ​នៃ​ការ​កៀក​ស្មា​គ្នា​ប្រយុទ្ធប្រឆាំង​អាណានិគមនិយម​បារាំង និង ចក្រ​ព័​ត្រ​អាមេរិក រហូត​ទទួលបាន​នូវ​ឯករាជ្យ​យ៉ាង​ពេញលេញ​ជូន​ប្រទេស​នីមួយៗ​ដូចគ្នា។

សម្តេច​តេ​ជោ​បន្តថា ជីវិត​របស់​សម្តេច​គឺជា​ឆាកជីវិត​មួយ​ដែល​ពោរពេញ​ទៅដោយ​ការលំបាក​ខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​មេដឹកនាំ​បរទេស​ជាច្រើន​ទៀត​នោះ។ តាមរយៈ​នេះ​សម្តេច​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ថ្នាក់ដឹកនាំ និង​ប្រជាជន​វៀតណាម ដែល​តែងតែ​ជួយ​ដល់​រូប​សម្តេច រហូត​ជួយ​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រហូត​ទទួល​បាន​នូវ​សុខសន្តិភាព និង ការ​អភិវឌ្ឍ​រីកចម្រើន​ក្នុងដំណាក់កាល​បច្ចុប្បន្ន។

បន្ទាប់មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ដាច់ដោយឡែក​ជា​មួយនឹង​ក្មួយៗ​និស្សិត​ចំនួន​៩៥ រូបតំណាង​ឲ្យ​និស្សិត​ចំនួន ១០៣ រូប ដែល​កំពុង​សិក្សា​ក្នុង​ខេត្ត​ប៊ិន​ហ្វឿ​ក ប្រទេស​វៀតណាម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​លើកទឹកចិត្ត​ជូន​ដល់​និស្សិត​ទាំងអស់​ត្រូវ​សិក្សា​ឲ្យ​បាន​នូវ​ភាសា​មួយ​ថែមទៀត​ក្រៅពី​ភាសា​របស់​ប្រទេស​ដែល​យើង​មក​សិក្សា​ក្នុង​នោះ​រួមទាំង​ភាសា​អង់គ្លេស និង​ភាសា​ចិន​ផងដែរ។

ជាមួយនឹង​ការ​ថ្លែង​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា បើ​ទោះបី​ជា​យើង​រៀន​នៅ​ទី​ណា​ក៏ដោយ បញ្ហា​សំខាន់​គឺ​យើង​យក​នូវ​ចំណេះដឹង​ដែល​យើង​បាន​សិក្សា​ហើយ​នោះមក​អនុវត្ត​និង​ដឹកនាំ​ឲ្យ​ចំ​ទិសដៅ និង សមត្ថភាព​ជំនាញ​របស់​ខ្លួន​ជៀសវាង​ការប្រព្រឹត្តិ​នូវ​អំពើ​ជ្រុលនិយម​ហួសហេតុ។ សម្តេច​តេ​ជោ ក៏បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​និស្សិត​កម្ពុជា​ទាំងអស់​ត្រូវ​ចូលរួម​បង្កើត​ឲ្យ​មាន​ការតភ្ជាប់​រវាង​យុវជន​និង​យុវជន​ប្រជាជន​និង​ប្រជាជន​ពោលគឺ​យើង​មិនអាច​ធ្វើជា​សត្រូវ​ជាមួយ​និង​ប្រទេសជិតខាង​នោះទេ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ប្រទេស​ដែល​មាន​ការ​រីកចម្រើន​គឺ​អាស្រ័យ​លើ​កត្តា​សំ ខាន់ៗ​ចំនួន​ពីរ គឺ​ទី​១-​កត្តា​ស្ថេរភាព​ផ្ទៃក្នុង​ខ្លួនឯង និង ទី​២-​កត្តា​ទំនាក់ទំនង​ក្នុង​ភាពជា​អ្នកជិតខាង​ល្អ ជាមួយនឹង​ប្រទេសជិតខាង។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ចាត់​ទុក​និស្សិត​ទាំងអស់​នោះ គឺជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​ធ្វើទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​និង​តំបន់​របស់​យើង​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ទ្វេរ​ឡើង​ថែមទៀត។

នៅ​ក្នុង​ពិធី​សំណេះសំណាល​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ជូន​ដល់​និស្សិត​ទាំង​១០៣​នាក់ ដែល​កំពុង​សិក្សា​នៅ​ប្រទេស​វៀតណាម​ផងដែរ​។

​បន្ទាប់មក​នៅ​រាត្រី​ថ្ងៃ​ដដែល​នោះ​ដែរ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​ប្រារព្ធ​រៀបចំ​ពិធី​លាង​សាយភោជន៍​ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង ការអញ្ជើញ​ចូលរួម​ក្នុង​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅលើ​ទឹកដី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។

នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ដែលជា​ថ្ងៃ​ទី​២ ​នៃ​ការ​ស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ការងារ​នៅលើ​ទឹកដី ខេត្ត​ប៊ិ​ញ​ហ្វឿ​ក​ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម លោក ង្វៀន សួន​ហ៊្វុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​ប្រារព្ធ​រៀបចំ​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក ជូន​ដំណើរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា។

នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក លោក ង្វៀន សួន​ហ៊្វុក និង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​ការ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែមទៀត ពិសេស​ការ​ខិតខំ​ធ្វើ​យ៉ាងណា​ឲ្យ​ទំហំ​ពាណិជ្ជ កម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម ឈាន​ដល់ ៥ ពាន់​លាន​ដុល្លារ ដូច​អ្វី​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​សន្យា​គ្នា​កាល​ពី​ពេល​កន្លងមក។ នៅ​ក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​នោះ​ដែរ លោក​ង្វៀន សួន​ហ៊្វុក និង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ទ្វេភាគី ពហុភាគី តំបន់ និង បញ្ហា​អន្តរជាតិ ដែលមាន​ការយកចិត្ត​ទុកដាក់​ដូចគ្នា។

នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​នោះ​ដែរ សម្តេច​អគ្គ​មហា​សេនាប​តី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ធ្វើដំណើរ​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ តាន់ ស៊ី​ញឹក ទីក្រុង​ហូ​ជី​មី​ញ ក្នុង​ដំណើរ​និវត្តន៍​មកកាន់​រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា៕

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114