សង្ស័យ​បែក​ថ្នាំ ដុត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៣ខ្នង​

កំពង់ចាម ៖ អតីត​ទណ្ឌិត​ម្នាក់​ សង្ស័យ​បែក​ថ្នាំ បាន​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​រាលដាល​អស់​ចំនួន​៣​ខ្នង​ ស្មើនឹង​៣​គ្រួសារ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​។​

លោក​វរសេនីយ៍ឯក ប៉ាក ជាតិ​ អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់​បានឲ្យ​ដឹងថា ​នៅ​ថ្ងៃ​ទី​១៤​ ខែ​មករា​ឆ្នាំ​២០២០ ​វេលា​ម៉ោង​២១​និង​៣០​នាទី ​ចំណុច​ភូមិ​បឹង​ដែង ​ឃុំ​ព្រែកកក់​ ស្រុក​ស្ទឹងត្រង់ ​មាន​ករណី​អគ្គិភ័យ​បាន​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​អស់​ចំនួន​៣​ខ្នង ​ស្មើ​៣​គ្រួសារ​គឺ ៖
១​.ឈ្មោះ​ នៅ​ ឡងឌី​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ ​ជន​ជាតិខ្មែរ​ចំនួន​១​ខ្នង ទំហំ ​៥​ម​x៦​ម ​សង់​ពី​ឈើ​ប្រក់​ដែក​ស័ង្កសី​ខូចខាត​ទាំងស្រុង។​
២​.ផ្ទះ​ឈ្មោះ​ លីម​ សុខ​លីន​ ភេទ​ស្រី ​អាយុ​៤០​ឆ្នាំ ​ជន​ជាតិខ្មែរ​ ផ្ទះ​សង់​ពី​ឈើ​ប្រក់​ដែក​ស័ង្កសី មាន ទំហំ ៤​ម​x៥​ម​(​ឆេះ​ទាំងស្រុង​)។​
៣.​ផ្ទះ​របស់ ​ឈ្មោះ ​សុខ ​ផៃ​ ភេទ​ស្រី​ អាយុ​៦៦​ឆ្នាំ​ ជន​ជាតិខ្មែរ ​ផ្ទះ​សង់​ពី​ឈើ​ប្រក់​ដែក​ស័ង្កសី​មាន​ទំហំ​៥​ម​x៧​ម​ ឆេះ​ទាំងស្រុង​។​

លោក​អធិការ​បានឲ្យ​ដឹងថា​ នៅពេល​កើតហេតុ សមត្ថកិច្ច​បាន​ចេញ​ទៅ​អន្តរាគមន៍​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​ឡាន​ គឺ រថយន្ត របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ចំនួន​៣​ឡាន ស្រុក​ចំការលើ​១​ឡាន និង​ចម្ការ​កៅស៊ូ​បឹង​កេត​១​ឡាន។​

លោក​អធិការ​បាន​បន្តថា បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ស្រុក​ស្ទឹងត្រង់​ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​បើក​ការស្រាវជ្រាវ ស៊ើប​អង្កេត​ ហើយ​កំណត់​បាន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​ដុត​មានឈ្មោះ ​ស៊ីន​ ដែ​ត ភេទ​ប្រុស ៣១ឆ្នាំ ជន​ជាតិខ្មែរ​ទីលំនៅ​ភូមិ​បឹង​ដែង ​ឃុំ​ព្រែកកក់ ​ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម ​ជា​មុខ​សញ្ញា​ដោះលែង​ពី​ពន្ធនាគារ​ក្នុង​ករណី​ហិង្សា​ មាន​ស្ថាន​ទម្ងន់ទោស​ ហើយ​ពេលនោះ​កម្លាំង​សមត្ថកិច្ច​សង្ស័យ​បែក​ថ្នាំ ដុត​ផ្ទះ ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ ​ឈ្មោះ​ស៊ិន​ ដែ​ត​ បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ ដើម្បី​សាកសួរ​ និង​ចងក្រង​សំណុំរឿង​តាម​នីតិ​វិធី៕

 
អត្ថបទ ៖ អ សុផល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114