BREAKING NEWS
Search

សត្វព្រៃ​ជាច្រើន​ប្រភេទ ​ត្រៀម​នាំ​ចេញ​​មក​កម្ពុជា ត្រូវ​តម្រួត​ថៃ​ចាប់​បាន

ប្រទេស​ថៃ ៖ ជនសង្ស័យ​ម្នាក់ ដែលជា​អ្នក​ស៊ីឈ្នួល​ដឹក​សត្វព្រៃ​ពី​ខេត្ត ឆៈ​ឈើ​ង​សៅ មក​ព្រំដែន​កម្ពុជា​ ក្នុងស្រុក​អារញ្ញ​ប្រាថេត ត្រូវបាន​ក្រុម​តម្រួត​ថៃ​ដាក់​ពង្រាយ​កម្លាំង​តាម​ស្ទាក់​ចាប់​ទាំង​សត្វព្រៃ ទាំង​រថយន្ត​ក្រោយពី​មុខសញ្ញា​នេះ​បាន​រកស៊ី​ដឹក​សត្វព្រៃ​បាន​ចំនួន​៤​លើក រួចមកហើយ។ យោង​តាម​ការផ្សាយ​របស់​កាសែត ថៃ​រ៉ាត់ បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង៦​ល្ងាច ថ្ងៃទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ថៃ បាន​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង ដែល​កំពុង​បោះពួយ​យ៉ាង​លឿន នៅលើ​ផ្លូវ​លេខ​៣៥៩ ក្នុងស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ឆ្ពោះទៅកាន់​ខ្សែបន្ទាត់​ព្រំដែន ថៃ-កម្ពុជា។

កាសែត​បាន​សង្កត់ធ្ងន់​ថា ក្រោយពី​ក្រុម​តម្រួត​ថៃ បាន​បើក​រថយន្ត​តាម ព្រមទាំង​បាន​ផ្តល់​សញ្ញា បញ្ជា​ឲ្យ​រថយន្ត​ដែល​សង្ស័យ​ថា អាចមាន​ការប្រព្រឹត្ត​បទល្មើស​នោះ​ឈប់ ដើម្បី​សុំ​ធ្វើការ​ត្រួតពិនិត្យ ។ ដែល​រថយន្ត​នោះ​ម៉ាក អ៊ី​ស៊ុយ​ស៊ុយ ពណ៌ស ពាក់​ស្លាក​លេខ ១២១៩ និង​ បើកបរ​ដោយ​ឈ្មោះ ភិ​ស្នុ ផុង ហៅ នុ​ក ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៤៦ ភូមិ​១៥ ឃុំ​តា​ក្រា​ក់ដាន ស្រុក​ស្នាម​ឆៃ ខេត្ត​ឆៈ​ឈើ​ង​សៅ​ ប្រទេស​ថៃ។

នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នោះ សមត្ថកិច្ច​ បាន​រកឃើញ​ការុង​ពណ៌​ខៀវ​ជាច្រើន​ដែល​ឈ្មួញ​បាន​លាក់​សត្វព្រៃ​នៅក្នុង​នោះ ដែល​គេ​បាន​លាក់​នៅក្នុង​ឃ្លុប​ខាងក្រោយ ក្នុងនោះ​មាន ៖ អណ្ដើក​ចំនួន​៣៦ ការុង កន្ធាយ​ចំនួន៧​ការុង ពស់​គេ​បាន​ដាក់​ក្នុង​ការុង​ហើយ​ច្រក​នៅ​ក្នុង​ប្រអប់​ប្លាស្ទិក​បន្ថែម​ទៀត មាន​ចំនួន​១៨០​ប្រអប់ និង ត្រកួត មាន​ចំនួន​១​ប្រអប់។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច អ្នកបើកបរ​រថយន្ត​បាន​សារភាព​ថា សត្វ​ទាំងនេះ​ ត្រូវបាន​ឈ្មួញ​ថៃ​ម្នាក់ ជួល​ខ្លួន​ឲ្យ​ដឹក​ចេញពី​ស្រុក​បាង​ខ្លា ខេត្ត​ឆៈ​ឈើ​ង​សៅ ឆ្ពោះ​ទៅ​កាន់​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា ក្នុង​ស្រុក​អារញ្ញ​ប្រាថេត ដើម្បី​ប្រគល់​ទៅ​ឲ្យ​ឈ្មួញ​ខ្មែរ​ម្នាក់ ក្នុងការ​យក​ទៅ​លក់​ចែកចាយ​បន្ត​នៅក្នុង​ប្រទេស​កម្ពុជា​ ដោយ​មួយ​លើកៗ ខ្លួន​ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន​ ៧ ០០០​បាត ហើយ​កន្លងមក ខ្លួន​បាន​រកស៊ី​បែបនេះ​បាន​ចំនួន​៤​លើក​រួចមកហើយ លុះ​នៅ​លើកចុងក្រោយ​នេះ ខ្លួន​បាន​ទៅ​ទទួល​សត្វព្រៃ​នៅ​ត្រង់ចំណុច​ដដែល​នា​វេលា​ម៉ោង​៥​ល្ងាច ហើយក៏​ដឹក​ចេញ​ដូច​សព្វដង ក៏ត្រូវ​តម្រួត​ចាប់​តែម្តង។

បច្ចុប្បន្ន​ សត្វព្រៃ​ទាំងនេះ ត្រូវ​បាន​កម្លាំង​តម្រួត​ថៃ ធ្វើការ​ប្រគល់​ទៅ​ឲ្យ​ លោក ព្រី​ឆា ភូ​រ៉ា​ហង្ស ប្រធាន​គ្រប់គ្រង​តំបន់​អភិរក្ស​ទី​១ ប្រចាំ​ខេត្ត ប្រា​ជីន​បុរី ដើម្បី​យក​ទៅ​ប្រលែង​ក្នុង​តំបន់​ដែល​មាន​សុវត្ថិភាព ដល់​ពពួកសត្វ​ទាំងនេះ ដោយឡែក​អ្នកបើកបរ​រថយន្ត ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ ៕

 

អត្ថបទ ៖ សោ និយម​រ័ត្ន​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114