ព័ត៍មានទាន់​ហេតុការណ៏
Search

សត្វ​រមាំង​នៅ​អាង​ត្រពាំង​ថ្ម​​ បាន​ថយ​ចុះ​គួរ​ឱ្យ​បារម្ភ

ចំនួន​សត្វ​រមាំង​នៅ​ក្នុង ​និង​ជុំវិញ​តំបន់​ការពារ​ទេសភាព​អាង​ត្រពាំង​ថ្ម ​ក្នុង​ភូមិសាស្ត្រ​ ខេត្ត​បន្ទាយ​មានជ័យ និង​ឧត្តរមានជ័យ បាន​កត់​ត្រា​មាន​ចំនួន ​៧០ក្បាល ឆ្នាំ២០០៣ ​មកដល់ឆ្នាំ២០១៩នេះ ​មាន​ត្រឹម ​តែ​ ១៧​ក្បាល​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​ជា​ចំនួន​ដ៏​តិច​តួច​បំផុត ​បើ​ប្រៀបធៀបជាមួយនឹង ប្រភេទ​សត្វ​ព្រៃ​ជិត​ផុត​ពូជ​ផ្សេងទៀត។​

ក្រុម​មន្រ្តី​ជំនាញ​បាន​​អំពាវនាវ​ដល់​​អ្នក​ពាក់​ព័ន្ធ​​ចាំ​បាច់​ត្រូវ​ធ្វើ ​ការការពារ ​យ៉ាង​មុតមាំ ​ទាំង​នៅ​តំបន់​ជម្រក​បន្ត ពូជ កន្លែង រកចំណី និង​កន្លែងរស់នៅបណ្តោះ​អាសន្នរ​។​ ក្នុងឱកាស«ការផ្សព្វផ្សាយស្តីពីការងារគ្រប់គ្រង និង​អភិរក្ស​សត្វ​រមាំង​នៅតំបន់ការពារទេសភាពអាងត្រពាំងថ្ម» ដល់កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៥ ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ម្សិល​​មិញ​​ ​លោក​ ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន តាមរយៈនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាបនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និង​អភិរក្ស​ធម្មជាតិ ជាស្ថាប័នជំនាញ បានយក ចិត្តទុកដាក់ខ្ពស់ ដល់កិច្ចការពារធនធានធម្មជាតិ និងបរិស្ថាន តាម រយៈការកំណត់តំបន់សំខាន់ៗមួយចំនួន ទៅជាតំបន់ការពារធម្មជាតិ របៀងអភិរក្សជីវៈចម្រុះ និង​តំបន់ដែល​មានសារៈសំខាន់ជាអន្តរជាតិ ហើយនាពេលថ្មីៗនេះយើងបានកំពុងដំណើរការ ដាក់ បញ្ចូលតំបន់ការពារធម្មជាតិមួយចំនួន ទៅជាតំបន់បេតិកភ័ណ្ឌអាស៊ានផងដែរ។

លោក​បានបន្ថែមថាតំបន់ ការពារ ទេសភាពអាងត្រពាំងថ្មដែលមានភូមិសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ ដែល​មានព្រំប្រទល់ ជាប់នឹងខេត្តឧត្តរ មានជ័យ ក្នុងការទ្រទ្រង់ដល់ការរស់នៅ និងបន្តពូជរបស់ប្រភេទសត្វព្រៃ សំខាន់ៗជាច្រើន ប្រភេទជាពិសេស ប្រភេទសត្វរមាំង ដែលជាប្រភេទថនិកសត្វ​ជិតផុតពូជបំផុត​លើ​ពិភពលោក។ លោក​បានបន្តទៀតថា សត្វរមាំងនេះរស់នៅចាប់ពីខែកក្កដា ដល់ខែមករា នៅក្នុងតំបន់​ព្រៃកូនខ្លែង ជាតំបន់ សហគមន៍ព្រៃឈើជាប់នឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ និងរស់នៅបន្តពូជនៅក្នុង តំបន់ ការពារទេសភាពអាងត្រពាំងថ្មចាប់ពីខែកុម្ភៈ ដល់ ខែមិថុនា ដែលជាកន្លែងមាន ប្រភពទឹក ចំណី អាហារ និងទីជម្រកគ្រប់គ្រាន់។

ក្នុងឱកាសនេះ លោក ស្រ៊ុន ដារិទ្ធិ បានជំរុញឱ្យមានការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេសប្រភេទថនិកសត្វជិតផុតពូជនេះ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សហគមន៍ និងប្រជាពលរដ្ឋ ជាពិសេសចូលរួមទប់ស្កាត់បញ្ហាកំពុងប្រឈមនឹងការគម្រាមកំហែង លើប្រភេទ​សត្វរមាំង តាមរយៈការប្រមាញ់ ការជួញដូរ ជាពិសេសការលួចទន្ទ្រានកាន់កាប់​ដីតំបន់ការពារ​ទីជម្រក និងបន្តពូជដ៏សំខាន់របស់សត្វព្រៃជិតផុតពូជ នៅលើសាកលលោក។​

​​​​