សន្តិសុខ​យាម​នៅ​ធនាគារ​ម្នាក់ ត្រូវ​ជនសង្ស័យ​ចាក់​ជាច្រើន​កាំបិត​ ស្លាប់​ ដោយ​ពុំ​ដឹង​មូលហេតុ

ភ្នំពេញ ៖ សន្តិសុខ​យាម នៅ​ធនាគារ​ម្នាក់ ត្រូវ​ជនសង្ស័យ​ចាក់​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ស្លាប់ នៅ​ក្នុង​បរិវេណ​ធនាគារ​ វេលា​ម៉ោង៧​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២០ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។​ ចំពោះ​ករណី​នេះ នៅ​មិនទាន់​មាន​ការ​អះអាង​ពី​មន្ត្រី​មូលដ្ឋាន​ថា បណ្តាល​មកពី​មូលហេតុ​អ្វី​នោះ​ទេ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ប៊ុន សុខ​ចំរើន អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន ដែល​ទើប​មក​ធ្វើការ​បាន​ប្រហែល​១​ខែ មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង ហើយ​មាន​ប្រពន្ធ​ឈ្មោះ ផន វន រស់នៅ​ខេត្ត​កំពង់ស្ពឺ។

បើតាម​កូនប្រុស​ជនរងគ្រោះ​ឈ្មោះ ប៊ុន ចាន់​រ៉ាត់ អាយុ​១៦​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ឲ្យ​ដឹង​ថា ខ្លួន​មិនដឹងថា ឪពុក​របស់ខ្លួន មាន​គំនុំ ឬ​ទំនាស់​ជាមួយ​អ្នកណា​នោះទេ ខណៈ​ពេល​គាត់​ជា​ឪពុក​កំពុង​យាម ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់ យក​កូនកាំបិត​ចិតបន្លែ​ចាក់​ចំពោះ​ជាច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​នៅមុខ​ធនាគារ ជា​កន្លែង​ជនរងគ្រោះ​ធ្វើការ ហើយ​រត់​គេចខ្លួនបាត់ កាល​វេលា​ម៉ោង​៦​ព្រឹក ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​។​

ករណី​នេះ កូនប្រុស​ជនរងគ្រោះ សូម​អំពាវនាវ​ឲ្យ​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនដៃដល់ យក​មក​ចាត់ការ​តាម​ច្បាប់​ផង។​

ក្រោយពី​កើតហេតុ សមត្ថកិច្ច​ បាន​ចុះទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ ដោយ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវបាន​គេ​ចាក់​សម្លាប់​ពិតមែន។ ចំណែក​មូលហេតុ ផ្តើម​ឡើង​ដោយសារ​អ្វី​នោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ។​ តែ​តាម​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង ករណី​នេះ​អាច​ជា​ករណី​គំនុំ រឿង​អ្វី​មួយ រវាង​ជនរងគ្រោះ​ និង​ជនដៃដល់។ ចំពោះ​សព ​បាន​យក​រថយន្ត​ដឹក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមាន​ជ័យ ដើម្បី​ធ្វើ​កោសល្យវិច័យ​បន្ថែម៕

​អត្ថបទ ៖ ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114