សន្និបាត​បូក​សរុប​ការងារ​អប់រំ យុវជន​ និង​កីឡា ​ឆ្នាំ​២០១៩​ លើក​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០២០

​ស្វាយរៀង ​៖ ​កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២០​នេះ ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា​២០១៨-២០១៩ និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​សិក្សា​២០១៩-២០២០ របស់​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ស្វាយរៀង ដែល​មានការ​ចូលរួម​ពី​ លោក សូ សុធា​ត និង​ប្រតិភូ​ក្រសួង​អប់រំ​យុវជន និង​កីឡា កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោក​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត លោកស្រី​អភិបាលរងក្រុង​ស្វាយរៀង លោក លោកស្រី​ប្រធាន អនុ​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ក្រុង ស្រុក​ទាំង​៨ លោក លោកស្រី​នាយក នាយិកា នាយករង​វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា នៅ​ទូទាំង​ក្រុង​ស្រុក​ទាំង​៨ លោក លោកស្រី​មន្ត្រី នៃ​មន្ទីរ អប់រំ​យុវជន និង​កីឡា ខេត្ត លោក លោកស្រី​តំណាង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា។​

លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ទៅកាន់​អង្គ​សន្និបាត ឲ្យ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ល្អ នូវ​បញ្ហា​គន្លឹះ​សំខាន់ៗ​ដែល​អង្គ​សន្និបាត​បាន​លើកយក​មក​ពិភាក្សា​ក្នុង​ប្រធានបទ​នីមួយៗ និង​បាន​ឯកភាពគ្នា​ដាក់ចេញ​ជា​ទិសដៅ​ភារកិច្ច​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ​សិក្សា​ថ្មី​។ បន្ត​ចូលរួម​ និង​ខិតខំ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ចេញ​ គឺការ​ដឹកនាំ គ្រប់​គ្រង អប់រំ បន្ថែម​ពី​នេះ​ ការដឹកនាំ​ត្រូវ​ចេះ​ច្នៃប្រឌិត មានគំនិត​ក្នុងការ​ដឹកនាំ​សាលា ខិតខំ​ពង្រឹង​ស្ថាប័ន ​ទាំង​វិន័យ និង​ឯកសណ្ឋាន​របស់​លោក​គ្រូ​ អ្នកគ្រូ សិស្សានុសិស្ស​ ឲ្យ​មាន​ភាព​ឯកភាព​គ្នា​សក្ដិសម​ជា​បញ្ញវន្ត និង​ជា​ទំពាំង​ដ៏​ល្អ​សម្រាប់​ស្នង​ឫស្សី បន្ត​លើកកម្ពស់​មនសិការ​វិជ្ជាជីវៈ​របស់​គ្រូ​បង្រៀន ពង្រឹង​ការងារ​ការគ្រប់គ្រង ​ព្រមទាំង​ជំរុញ​ការងារ​ត្រួតពិនិត្យ​ តាមដាន និង​អធិការកិច្ច​ឲ្យ​បាន​ជា​ប្រចាំ ​ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបថ​គ្រូបង្រៀន​សម្រាប់​អ្នក​ជំនាន់​ថ្មី​របស់​យើង។​

ទន្ទឹម​នឹង​នេះ​ ការ​កែលំអ​បរិស្ថាន​ជុំវិញ​សាលា ក៏​ជា​ចំណុច​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​ក្នុង​ការ​ជំរុញ និង​ជា​បរិយាកាស​អំណោយផល​ដល់​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​កាន់តែ​អារម្មណ៍​ប្រសើរ​ឡើង​ក្នុងការ​សិក្សា និង​រៀន​ឆាប់​ចាប់​បាន ឆាប់​ចាំ លើសពីនេះ​ថែមទៀត​ មន្ទីរ​ ក៏​ត្រូវ​បន្ត​ពង្រឹង​ថែទាំ​កែលំអ ជួសជុល កសាង​អគារសិក្សា និង​បំពាក់​គ្រឿង​សង្ហារិម​សិក្សា​ឲ្យ​បាន​គ្រប់គ្រាន់ ជា​ពិសេស​យកចិត្តទុកដាក់​ផ្ដោតលើ​ការសាងសង់​បណ្ណាល័យ បន្ទប់ពិសោធន៍ រោង​ជាង បន្ទប់​គេហ​វិជ្ជា សួនច្បារ សួន​បន្លែ សួន​ជីវចម្រុះ ទីលានកីឡា សម្រាប់​ជា​កន្លែង​សិក្សា​ផង និង​អនុវត្ត​ជាក់ស្ដែង​ផង ស្របតាម​គោលការណ៍​ផ្សារភ្ជាប់​ទ្រឹស្ដី​ជាមួយនឹង​ការ​អនុវត្តន៍​។ ម្យ៉ាងវិញទៀត ​ត្រូវ​ចេះ​ធ្វើការ​វាយតម្លៃ​ការសិក្សា និង​ខិតខំ​រិះរក​វិធីសាស្ត្រ ថ្មីៗ ល្អៗ បន្ថែមទៀត​ក្នុងការ​បង្រៀន ចំណែក​ឯ​កត្តា​ការ​ចូលរួម​អប់រំ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ក៏​សំខាន់​ណាស់​ដែរ បើ​គ្មាន​ការអប់រំ​ប្រៀនប្រដៅ និង​ការចូលរួម​ពី​សំណាក់​អាណាព្យាបាល មាតាបិតា​សិស្ស ក្រុមប្រឹក្សា​យុវជន និង​កុមារ​បន្ថែម​ពីលើ​ការបង្ហាត់​បង្រៀន​របស់​ លោកគ្រូ អ្នកគ្រូ​។ ការបង្រៀន​របស់​លោក​គ្រូ អ្នកគ្រូ តែមួយ​មុខ គឺ​មិន​អាច​ជំរុញ​សិស្សានុសិស្ស​ក្លាយជា​សិស្ស​ពូកែ​បានទេ​។​

ដូចគ្នា​ផងដែរ លោកគ្រូ អ្នកគ្រូ​ ត្រូវ​បន្ត​ណែនាំ​ដល់​សិស្សានុសិស្ស​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ការ​សេពគប់​មិត្តភ័ក្ដិ​ បង​តូច​ បងធំ និង​ចូលរួម​ធ្វើ​អនាម័យ​សម្អាត​បរិស្ថាន​ជុំវិញ​បន្ទប់រៀន និង​ណែនាំ​អប់រំ​អំពី​ការរស់នៅ​ស្អាត​។ លើសពីនេះទៅទៀត​ លោកគ្រូ អ្នក​គ្រូ​ ក៏​អាច​ណែនាំ អប់រំ​នូវ​ចំណុច​បន្ថែម​ដល់​សិស្សានុសិស្ស​ឲ្យ​យល់ដឹង​ពី​គុណវិបត្តិ ​នៃ​ការប្រើប្រាស់​អំពើ​ហិង្សា ព្រោះ​វា​ទាក់ទង​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។ ដូចគ្នា​ផងដែរ​ មន្ត្រី​អប់រំ​ទាំងអស់ ​ត្រូវខិតខំ​បន្ត​អនុវត្ត​ឲ្យ​បានល្អ​នូវ​គោលការណ៍​អប់រំ គឺ​សាលារៀន​ផ្សារភ្ជាប់​ជាមួយ​គ្រួសារ​ជាមួយ​សង្គម​ ដោយ​ផ្ដល់​ឱកាស​ស្មើៗ​គ្នា ដល់​កុមារ​ដែល​មាន​វ័យ​សិក្សា​បាន​ចូលរៀន​គ្រប់គ្នា និង​អប់រំ​ពួកគេ​ឲ្យ​រៀន​សូត្រ​រហូត​ចប់​កម្រិត​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​យ៉ាងហោចណាស់​បាន​ចប់​ថ្នាក់​ទី​៩​។​

លើសពីនេះទៅទៀត​ ត្រូវ​ខិតខំ​សហការ និង​រិះរក​វិធានការ​ដោះស្រាយ កាត់បន្ថយ​ឲ្យ​នៅ​ទាប​បំផុត នូវ​អត្រា​ត្រួតថ្នាក់ និង​អត្រា​ការបោះបង់​ការសិក្សា៕​


អត្ថបទ ៖ គឹម​ សេង​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114