BREAKING NEWS
Search

សន្លឹកឆ្នោត​ជន​ពិការ​ម្នាក់​ មាន​តម្លៃ​ស្មើនឹង​អ្នក​មិន​ពិការ​ម្នាក់

ភ្នំពេញ ​៖​ លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជនពិការ​កម្ពុជា (​អ​ពក​) បាន​មាន​ប្រសាសន៍​ថា សន្លឹកឆ្នោត​ជន​ពិការ​ម្នាក់​មានតម្លៃ​ស្មើនឹង​អ្នក​មិន​ពិការ​ម្នាក់​ផង​ដែរ។

ការ​​​ថ្លែង​បែប​នេះ ​ធ្វើ​ឡើង​ក្នុង​ឱកាស​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្តីពី​ការត្រួតពិនិត្យ​លើ​វិធីសាស្ត្រ​សម្របសម្រួល​ការបោះឆ្នោត​របស់​ជនពិការ​ក្នុងប្រទេស​កម្ពុជា​ដោយ​មាន​សិក្ខាកាម​ចូលរួម​ជា​ជន​ពិការ​ចំនួន សរុប​១៤២​នាក់ នៅ​ទូទាំង​រាជធានី​នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា នៅ​ទន្លេបាសាក់​២ ដោយមាន​ការអញ្ជើញ ចូលរួម​ភ្ញៀវ​អធិបតី​លោក ម៉ៅ សុធា​រិ​ទ្ធិ អគ្គលេខាធិការ​រង ទទួលបន្ទុក​នាយកដ្ឋាន ប្រតិបត្តិ​ការណ៍ និង​នាយកដ្ឋាន​គ្រប់គ្រង​ទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត។

នៅ​ក្នុង​សុន្ទរកថា របស់​លោក ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា បាន​មានប្រសាសន៍ថា អង្គការ​ជនពិការ​កម្ពុជា ដែល​សម្រេចបាន​នូវ​គោលបំណង​លើកកម្ពស់​ការ​ចូលរួម​ពេញលេញ​របស់​ជនពិការ​ក្នុងការ​បោះឆ្នោត និង​ជំរុញឲ្យមាន​ការបង្កើត​ទម្រង់​វាយតម្លៃ​ការបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជនពិការ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំ​/​សង្កាត់ ដោយ​ទទួលបាន​ការគាំទ្រ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ​បោះឆ្នោត។

លោក​បន្តថា អង្គការ​ជនពិការ​កម្ពុជា​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ក្នុង​គោលបំណង​ដើម្បី ១-​ដើម្បី​លើកកម្ពស់​ចូលរួម​ដោយ​ពេញលេញ​របស់​ជនពិការ​ក្នុង​ការ​បោះឆ្នោត ២- ដើម្បី​បណ្តុះបណ្តាល​ដល់​អង្គការ​តំណាង​ជន​ពិការ​/​វេទិការ​ស្ត្រី ទូទាំង​២៥ រាជធានី​ខេត្ត​/ ក្រុង​លើ​ទម្រង់​វាយតម្លៃ​បង្ក​លក្ខណៈ ងាយស្រួល​សម្រាប់​ជន​ពិការ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំ​/​សង្កាត់។ លោក​បន្ត​ថា ទោះបីជា​មាន​ការជួយ​គាំទ្រ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​ដោយ ក៏​មិនទាន់​បំពេញ​គ្រប់​ជ្រុងជ្រោយ​ទៅតាម​តម្រូវការ​របស់​ជនពិកា​រ​គ្រប់​ប្រភេទ នៅក្នុង​ដំណើការ​បោះឆ្នោត និង​វិស័យ​នយោបាយ​នៅឡើយ​ទេ។ បងប្អូន​ជនពិការ​នៅតែ​ជួបប្រទះ​នូវ​បញ្ហា​ដូចជា ជនពិការ​គ្រប់​វិស័យ​មួយចំនួន មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត ជម្រាល​នៅតាម​ការិយាល័យ​បោះឆ្នោត​មិនទាន់មាន​គ្រប់គ្រាន់ ហិប​ឆ្នោត​នៅ​ការិយាល័យ​ខ្លះ​ខ្ពស់ ច្រក​ចូល​បន្ទប់សម្ងាត់​មាន​ភាព​ចង្អៀត ការ​ផ្សព្វផ្សាយ និង​ការ​បង្រៀន​ដល់​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពី​ពិការភាព​នៅមានកម្រិត សឺ​មី​ដាក់​សន្លឹកឆ្នោត​សម្រាប់​ជនពិការភ្នែក​ទាំងសងខាង​មិនទាន់បាន​អនុវត្ត​​បាន​ទូលំទូលាយ ជនពិការ​ខ្សោយ​គំហើញ​មិនអាច​មើលឃើញ​ឈ្មោះ​ច្បាស់​នៅក្នុង​បញ្ជី​បោះឆ្នោត​ដែល​បិទ​លើ​ជញ្ជាំង ជនពិការ​ធ្ងន់ធ្ងរ​មិនអាច​ធ្វើដំណើរ​មក​ការិយាល័យ​បោះឆ្នោត​បាន ជនពិការ​ខ្សោយសតិ​បញ្ញា​កម្រិត​ស្រាល​មិនមាន​សិទ្ធិ​ទៅ​បោះឆ្នោត ជនពិការ​គរ​ថ្លង់​មិន​បានទទួល​ព័ត៌មាន​ទាក់ទង​នឹង​ការបោះឆ្នោត។​

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នៅ​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់ អំពី​ចំនួន​អ្នកបោះឆ្នោត​ជា​ជនពិការ​ទេ​ហើយ​ជនពិការ​ធ្ងន់ធ្ងរ​មួយចំនួន​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​ដោយ​គ្រប់​គោលនយោបាយ បទបញ្ជា ឬ​នីតិ​វិធី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណបក្សនយោបាយ​មិនទាន់បាន​គិតគូរ​អំពី​ជនពិការ​ឲ្យ​បាន​ទូលំទូលាយ ដូច្នេះ​ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណបក្ស​នយោបាយ​មិនទាន់បាន​បំពេញ​នូវ​បញ្ហា​/​តម្រូវការ​របស់​​អ្នកបោះឆ្នោត​ជនពិការ​ទាំងអស់​ទេ។ ដោយ​មើលឃើញ​ពី​បញ្ហា​ទាង​នេះហើយ ទើប​អង្គការ​ជនពិការ​កម្ពុជា​បាន​សហការ​ជាមួយ​មូលនិធិ​អន្តរជាតិ​សម្រាប់​ប្រព័ន្ធ បោះឆ្នោត បានធ្វើការ​បង្កើត​ទម្រង់​វាយតម្លៃ​ការបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ជនពិការ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំ​/​សង្កាត់ ដែលមាន​អ្នកសង្កេតការណ៍​ដែលជា​ជនពិការ​សរុប ១៤២​នាក់ (​ស្ត្រី​៦១​នាក់​) ទូទាំង​២៥ រាជធានី​ខេត្ត​/​ក្រុង។

ទន្ទឹមនឹងនេះ​អង្គការ​ជនពិការ​កម្ពុជា​បានធ្វើ​សកម្មភាព​ជាច្រើន​ដើម្បី​ធានាថា​ច្បាប់​ទាំងនេះ​បាន​គិតគូរ​ដាក់បញ្ចូល​ជនពិការ ដូចជារ​រៀបចំ​កម្មវិធី​ជជែក​ពិភាក្សា​តាម​វិទ្យុ​សំឡេង​ជនពិការ​របស់ខ្លួន ផលិត​ឈុត​អប់រំ​តាម​វិទ្យុ ជួបជុំ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គណបក្ស​នយោបាយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ចូលរួម​ប្រជុំ​ជាមួយ​អង្គការ​ពាក់ព័ន្ធ រៀបចំ​បង្កើត​សេចក្តីថ្លែងការណ៍​រួមជាមួយ​តំណាង​អង្គការ​ជនពិការ​ទាំង​២៥​រាជធានី​ខេត្ត និង​បាន​បង្កើត​សេចក្តីព្រាងច្បាប់​ស្តីពី​ការដាក់បញ្ចូល​ជនពិការ​ក្នុង​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​រួមទាំង​ការប្រកប​ការងារ​រប​ស់​ជន​ពិការ​ជាម​ន្ត្រី​បោះឆ្នោត អ្នក​អង្កេត​ការណ៍​បោះឆ្នោត​ជាដើម។

លោក​បាន​អំពាវនាវ និង​សូម​សំណូមពរ​រាជរដ្ឋាភិបាល និង​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត ធ្វើការ​គិតគូរ​កែសម្រួល​ក្នុង​ការ​ដាក់​បន្ថែម​តារាង​/​ចន្លោះ​សម្រាប់​បញ្ជាក់ ប្រភេទ​ពិការ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​គណបក្សនយោបាយ​ដឹង​ពី​ចំនួន​អ្នកបោះឆ្នោត​ជនពិការ មន្ត្រី​ការិយាល័យ​បោះឆ្នោត​អាច​ផ្តល់​ការជួយ​សមស្រប​ណាមួយ​ដល់​ជនពិការ​ពេល​​​ទៅ​បោះឆ្នោត ហើយ​ជនពិការ​ខ្លួនឯង​ក៏​អាច​សុំ​ជំនួយ​ពី​មន្ត្រី​បោះឆ្នោត​បាន។ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា គជប នឹង​គិតគូរ​ដាក់​បន្ថែម​តារាង​/​ចន្លោះ​សម្រាប់​បញ្ជាក់​ប្រភេទ​ពិការ​នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នាពេលខាងមុខ​ជាក់​ជា​មិន​ខាង។ យើងទាំងអស់គ្នា​ត្រូវ​ចាំ​ថា សន្លឹកឆ្នោត​ជនពិការ​ម្នាក់​មានតម្លៃ​ស្មើ នឹង​អ្នក​មិន​ពិការ​ម្នាក់​ផងដែរ។ ក្នុងឱកាស​បើ​សិក្ខាសាលា​លោក ម៉ៅ សុធា​រិ​ទ្ធ អគ្គលេខាធិការរង​ទទួលបន្ទុក​នាយកដ្ឋាន ប្រតិបត្តិ​ការ​ និង​នាយកដ្ឋាន​គ្រប់​គ្រងទិន្នន័យ​អ្នកបោះឆ្នោត និង​បញ្ជី​បោះឆ្នោត មានប្រសាសន៍ថា សិក្ខាសាលា​នេះ​មាន​សារប្រយោជន៍​ណាស់​សម្រាប់​បណ្តុះបណ្តាល​ថ្មី​ដល់​ជនពិការ​យើ​ក្នុង​ការចូលរួម​បោះឆ្នោត​ថ្នាក់ឃុំ​/​សង្កាត់ នា​ថ្ងៃ​៤​មិថុនា​ខាងមុខ ហើយ​នេះ​ជា​លើក​ទី​១ ដែល​ជនពិការ​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​បោះឆ្នោត​។ លោក​បន្តថា​ជាការ​ពិតណាស់​ដែល​ធ្វើឲ្យ​ដំណើរការ​ប្រព្រឹត្ត​ទៅដោយ ត្រឹមត្រូវ​យុត្តិធម៌ និង​មាន​តម្លាភាព​គឺ​ត្រូវមាន​ការចូលរួម​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឲ្យ ភាគី​ពាក់ព័ន្ធ​ក៏​ជា​អ្នកសង្កេតការណ៍​ត្រួតពិនិត្យ​ដោយ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ជនពិការ​ក្នុង​ថ្ងៃ​បោះឆ្នោត។ អ្នកសង្កេតការណ៍​មាន​តួនាទី​សំខាន់​ដើម្បី​ផ្តល់​អនុសាសន៍​ទៅដល់ គជប បាន​កែលម្អ​ពី​ការបោះឆ្នោត​មួយ​ទៅកាន់​ការបោះឆ្នោត​មួយទៀត ឲ្យ​កាន់តែ​ប្រសើរ​ឡើង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114