ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​ត្រៀមខ្លួន​សម្រាប់​សវនាកា​រ​ប្តឹង​ទម្លាក់​លោក Trump ជា​សាធារណៈ​ដ៏​សំខាន់

លោក Donald Trump ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​តំណែង​ជា​ប្រធានាធិបតី​រយៈពេល​៣​ឆ្នាំ​របស់លោក​នៅពេលដែល​សវនាការ​ជា​សាធារណៈ​ត្រូវបាន​រៀបចំឡើង​ខណៈ​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ប្តឹង​ចោទប្រកាន់​ប្រឆាំងនឹង​រូបលោក​បាន​បើក​កាលពី​ថ្ងៃ​ពុធ​។​

ក្រុម​អ្នកប្រជាធិបតេយ្យ​នៅក្នុង​សភាតំណាងរាស្ត្រ​គ្រោង​នឹង​បង្ហាញ​ភស្តុតាង​ថា​មេដឹកនាំ​អាមេរិក​រូបនេះ​បាន​រំលោភ​អំណាច​របស់ខ្លួន​ដោយ​ការស្វែងរក​ជំនួយ​ពី​អ៊ុយ​ក្រែ​ន​សម្រាប់​យុទ្ធនាការ​ជាប់ឆ្នោត​ជាថ្មី​របស់លោក​ក្នុង​ឆ្នាំ​២០២០​និង​ការព្យាយាម​បង្ខំ​សម​ភាគី​ទីក្រុង​គៀវ​ឲ្យ​បញ្ចេញ​ព័ត៌មាន​កខ្វក់​អំពី​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden​។​
ទោះ
បីជា​យ៉ាងណាក៏ដោយ លោក Trump បាន​និយាយថា ការស៊ើបអង្កេត​នេះ​គឺ “​ពុករលួយ​” និង “​ខុសច្បាប់​” ហើយ​រក្សា​ការអះអាង​ដែលថា លោក​មិន​បានធ្វើ​អ្វី​ខុស​ឡើយ​។​

លោក​បាន​និយាយ​ប្រកបដោយ​ទំនុកចិត្ត​កាលពី​ថ្ងៃ​អង្គារ​នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​អង្គការ Economic Club of New York ថា “​ក្រុម​អ្នកប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​គួរតែ​កុំ​បន្ត​ការបោក​បញ្ឆោត​និង​ប្រឌិត​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​នេះ​ទៀត​ទៅ​។​

ប៉ុន្តែ​ការស៊ើបអង្កេត​នេះ​បាន​គំរាម​ធ្វើ​ឲ្យ​គាត់​ក្លាយជា​ប្រធានាធិបតី​ទី​៣​របស់​សហរដ្ឋអាមេរិក​ដែល​នឹង​ត្រូវបាន​ប្តឹង​ទម្លាក់​តំណែង​បន្ទាប់ពី​លោក Andrew Johnson ក្នុង​ឆ្នាំ​១៨៦៨​និង​លោក Bill Clinton ក្នុង​ឆ្នាំ​១៩៩៨​។​

ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​សភា​លោក Adam Schiff ដែល​នឹង​ដឹកនាំ​សវនាការ​បាន​ប្រាប់​វិទ្យុ NPR កាលពី​ថ្ងៃ​អង្គា​រថា “​ផ្អែកលើ​មូលដ្ឋាន​នៃ​អ្វីដែល​សាក្សី​បាន​និយាយ​រហូតមក​ដល់ពេលនេះ មាន​បទល្មើស​ដែល​អាច​ប្តឹង​ចោទប្រកាន់​បានជា​ច្រើន​រួមទាំង​ការ​សូកប៉ាន់ រួមទាំង​ឧក្រិដ្ឋកម្ម​កម្រិត​ខ្ពស់​និង​បទល្មើស​មជ្ឈិម​ផងដែរ​”​។​

គួរ​បញ្ជាក់ថា ទាំង​លោក Johnson ឬ​លោក Clinton មិន​ត្រូវបាន​ផ្តន្ទាទោស​និង​ទម្លាក់​តំណែង​ទេ​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៧៤ លោក Richard Nixon បាន​លាលែង​ស្របពេល​មានការ​ចោទប្រកាន់​ជាក់លាក់​និង​ទម្លាក់​តំណែង​ដោយសារ​រឿងអាស្រូវ Watergate៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114