BREAKING NEWS
Search

សមត្ថកិច្ចត្រៀមរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ នៅថ្ងៃបើកសវនាការសំណុំរឿងលោក កឹម សុខា

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមករា បាន​បើកកិច្ចប្រជុំមួយ ជាកិច្ចប្រ​ជុំ​ចង្អៀត ដោយផ្ដោតសំខាន់លើ​​វិធានការពង្រឹងសន្តិសុខទូទាំងប្រទេស ហើយក្នុងនោះ ថ្នាក់ដឹកនាំ ក៏បានយកចិត្តទុកដាក់បន្ថែមលើ​ការងារការពារសវនាការលើសំណុំរឿងក្តីលោក កឹម សុខា ដែលគ្រោងនឹងធ្វើឡើង​នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការ​រង និងជា​អ្នក​នាំពាក្យ​អគ្គស្នងការនគរ​បាល​ជាតិ ​​ដែលបានថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី១០ ខែមករា​​។

តាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ​កិច្ចប្រជុំនេះ ក៏ដោយសារតែ​មើលឃើញ ទី១, សភាពការណ៍ពិភពលោក ក៏ដូចជាក្នុងតំបន់ ដែលយើងមិនអាចវាយតម្លៃបាន​ ដោយអត្តនោម័ត​ថា ស្រុកយើង​មិនអាច​មានអ្វីកើតឡើង​នោះទេ ដូច្នេះយើងត្រូវតែពង្រឹងសន្តិសុខ សុវត្ថិភាព ទី២, យើងមិនជឿថា ក្រុមប្រឆាំងទាំងនោះ គាត់នៅស្ងៀម​នោះដែរ ពួកគាត់​នឹងបំពុលបរិយាកាសសង្គម។ ទោះបីជាពួកគាត់ធ្វើអ្វីមិនកើត ក៏បង្ហោះព័ត៌មានបំពុលសង្គម បំផុស​ប្រជាពលរដ្ឋឲ្យធ្វើនេះធ្វើនោះ ប្រមូលផ្ដុំគ្នា ឬក៏អាចឈានដល់ប្រមូលផ្តុំប្រឆាំងសាលដីការបស់តុលា​ការផងដែរ។ ដូច្នេះយើងត្រូវតែរៀបចំវិធានការបង្ការ កុំឱ្យកើតមានឡើង ហើយប្រសិនកើតមាន​ យើងនឹងអាចបន្សាបឥទ្ធិពល កុំឱ្យមានអ្វីមួយកើតឡើង ដូចជាការប្រមូលផ្ដុំតវ៉ា​ជាដើម សំដៅពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា។

​លោកឧត្តមសេនីយ៍ ឆាយ គឹមខឿន អះអាងថា សមាសភាព​​ចូលរួមនៅក្នុងកិច្ចប្រជុំនោះ គឺជាសមត្ថកិច្ចពាក់ព័ន្ធ ដែលមានកងរាជអាវុធហត្ថ នគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ទាំងអស់ និងដឹកនាំប្រជុំដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ​បាលជាតិ និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមបញ្ជាក់ថា ​​សំណុំរឿងលោក កឹម សុខា ​ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ គ្រោងលើកយកមក​បើកសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០ នាទីព្រឹក ខាងមុខ ​ដែលសវនាកានោះ ​រួមមាន លោក កូយ សៅ ជាប្រធានក្រុមប្រឹក្សា, លោក សេង លាង ជាចៅក្រមប្រឹក្សា, លោក ធាម ច័ន្ទពិសិដ្ឋ​ ជា​​ចៅ​ក្រម​ប្រឹក្សា និងលោក ជ័យ វាសនា ជាក្រឡា​បញ្ជីសវនាការ ហើយលោក កឹម សុខា ក៏សម្រេចចិត្តចូលរួម​នៅក្នុងសវនាកានោះផងដែរ។​

​លោក កឹម សុខា ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​ស​ន្ទិ​ដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​ស​ន្ទិ​ដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ អាច​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។ តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនា​គារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។​

ការដោះលែង​លោក កឹម សុខា ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម។

មកដល់​​​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែប្រែ​កាតព្វកិច្ច​មួយចំនួន​ក្នុង​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួត ពិនិត្យ​តាមផ្លូវ​តុលាការ ដោយមានការ​បន្ធូរបន្ថយកាតព្វកិច្ចដែលត្រូវអនុវត្ត ​ហើយអ្វីដែលត្រូវគោរព​បន្តទៀតនោះមាន​ដូចជា ទី​១, មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី​២, មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ ទី​៣, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​។​​

ទាក់ទងសវនាការ​លើសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា នេះដែរ ​​លោក សម រង្ស៊ី ដែលជាដៃគូរនយោបាយជាមួយលោក កឹម សុខា នោះ កាលពីថ្ងៃទី២៣ ខែធ្នូ បាន​​បង្ហាញ​​នូវឯកសាមួយ​ចំនួន ដែលត្រូវបាន​ផ្សព្វ​ផ្សាយ​​នៅលើបណ្តាញព័ត៌មានបរទេស ហើយការ​បញ្ចេញភស្តុតាង ឬបង្ហាញភស្តុតាងនេះ ត្រូវបាន​មហាជន និងអ្នក​គាំទ្រលោក កឹម សុខា ចាត់ទុកថា លោក សម រង្ស៊ី ​ខ្លាចតុលាការខ្វះភស្តុតាង ដើម្បីដាក់បន្ទុកលើលោក កឹម សុខា​​។​

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​បានលើកឡើង​ថា គេតែងនិយាយថា ​សម រង្ស៊ី និង កឹម​ សុខា ជាមនុស្សតែមួយ​ ប៉ុន្តែទណ្ឌិត សម រង្ស៊ី បែរជាបន្ថែម​​ភស្តុតាង ដើម្បីដាក់ពិរុទ្ធភាពបន្ថែមលើលោក កឹម​ សុខា​ ទៅវិញ ឯណាទៅពាក្យថា “សម រង្ស៊ី និង កឹម​ សុខា ជាមនុស្សតែមួយ”​​។​​​

ដោយឡែកលោក លឹម គឹមយ៉ា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៏ នៃនៃអតីតគណបក្សសង្គ្រោះជាតិ​ដែរ​ បាន​លើកឡើងថា អង្គការ NDI និង IRI ជាអង្គការក្រៅរដ្ឋាភិបាល
បាន​ចុះទៅបំពេញបេសកកម្មតាមផ្លូវច្បាប់ អប់រំប្រជាពលរដ្ឋខ្មែរឲ្យស្គាល់ សិទ្ធិសេរីភាព និងលិទ្ធិប្រជាធិបតេយ្យ។ ព្រមទាំងសហការជាមួយគណបក្សខ្មែរទាំងអស់ ឲ្យយល់ពីអ្វីសិទ្ធិ​សេរីភាព និង​លិទ្ធិប្រជាធិបតេយ្យ។ តែចំឡែក លោក សម រង្ស៊ី និយាយថា អង្គការនេះ ជួយគណបក្សសង្គ្រោះជាតិទៅវិញ។ តើគោលបំណងរបស់ សម រង្ស៊ី​ យ៉ាងណា?។ លោក​​អះអាងថា បើ​លោក សម រង្ស៊ី និយាយ​បែបនេះ គឺ​តម្រូវ​ទៅតាម​ការចោទរបស់​តុលាការលើលោក កឹម សុខា ពីបទក្បត់ជាតិហើយ៕

អត្ថបទ៖ កោះកែវ​​​