BREAKING NEWS
Search

សមត្ថកិច្ចទម្លាយទ្វា បន្ទប់ខុនដូរ ដែលជនសង្ស័យស្នាក់នៅ រកឃើញវត្ថុតាងថ្នាំញៀនមួយចំនួន តែអត់ឃើញជនសង្ស័យ

ភ្នំពេញ៖ ក្រោយពីពីសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំង ជនសង្ស័យជួញដូរថ្នាំញៀនដែលផ្ទុះអាវុធដាល់សមត្ថកិច្ចអស់មួយយប់រហូតដល់ព្រឹកនេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងបានសម្រេច ទម្លាយទ្វាបន្ទប់ខុនដូរ ដែល ជនសង្ស័យស្នាក់នៅ រកឃើញវត្ថុតាងថ្នាំញៀនមួយចំនួនធំ តែជនសង្ស័យ គេចខ្លួនបាត់ ។

តាមសេចក្តីរាយការណ៏ បានឲ្យដឹងថា ក្រោយពីទម្លាយទ្វាបន្ទប់ខុនដូរ (៧២១) ចូលទៅសមត្ថកិច្ច ពុំបានរកឃើញក្រុមជួញដូរថ្នាំញៀនស្នាក់នៅក្នុងបន្ទប់ ហើយសមត្ថកិច្ចបន្តទៅទម្លាយទ្វា ៧២២ បន្តទៀត ប៉ុន្តែរកពុំឃើញជនសង្ស័យនោះឡើយ គឺឃើញតែខោអាវ អាវុធ និងថ្នាំញៀនមួយចំនួនប៉ុណ្ណោះ។ពេលនេះសមត្ថកិច្ចកំពុងបន្តរុកបន្ថែមទៀតនៅបន្ទប់ក្បែៗនោះ ។

សូមជម្រាបថា កាលពីវេលាម៉ោងជាង១០ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ កំលាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រម៉ាញ់ជនសង្ស័យជួញដូរគ្រឿងញៀន ដល់ទីតាំងខុនដូរ មួយកន្លែងស្ថិតនៅ ក្នុងកោះពេជ្រ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ខណះនោះ ក្រុមជនសង្ស័យ បានបើកការវាយប្រហារមកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋាន បានឡោមព័ទ្ធ និងប្រើសិទ្ធកាពារខ្លួន ដោយបានបាញ់តបទៅក្រុមជនល្មើសផងដែរ ប៉ុន្តែការផ្ទុះអាវុធនេះ មិនមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។

មន្ត្រីនគរបាល បានបញ្ជាក់ឲ្យដឹងថា នៅយប់មិញនេះ ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ សមត្ថកិច្ចបានឃាត់ខ្លួន បានជនសង្ស័យ២នាក់ ដែលជាជនជាតិចិន ខណៈមេក្លោងដែលបាញ់តដៃជាមួយសមត្ថកិច្ចនោះ មិនទាន់ឃាត់ខ្លួនបាននៅឡើយទេ។ បន្ទាប់កើតហេតុការណ៍ គេឃើញមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យមើលដោយផ្ទាល់ផងដែរ។

យោងតាមប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀនខាងលើ គឺឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន៣គ្រាប់ ផងដែរ ។ ជាមួយគ្នានោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ក្រុមការងារឲ្យដឹងដែរថា ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានតាមប្រម៉ាញ់ជនសង្ស័យ តែពួកគេបានបាញ់មកលើសមត្ថកិច្ច ខណៈកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងសមត្ថកិច្ចមូលដ្ឋានកំពុងឡោមព័ទ្ធ ជាមួយវិធានប្រុងប្រយ័ត្នបំផុត ។

បច្ចុប្បន្ន ជនសង្ស័យចំនួន២នាក់ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានជំនាញគ្រប់ផ្នែក ត្រូវបានឃាត់ខ្លួនបញ្ចូនទៅធ្វើការសាកសួរនៅមន្ទីប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីបន្តស្វែងរកបក្ខពួកយកមកផ្ដន្ទាទោសតាមច្បាប់។

អត្ថបទ៖ ឌួង វិរះជ័យ