BREAKING NEWS
Search

សមត្ថកិច្ច​ការពារ​ដែន​ជម្រក​សត្វព្រៃ​ខេត្ត​កំពង់ឆ្នាំង ចាប់​បាន​ជនល្មើស​ម្នាក់​ក្នុងចំណោម​៤​នាក់ កំពង់ឆ្នាំង​ ៖​ សមត្ថកិច្ច​មន្ទីរ​បរិស្ថាន ការពារ​ដែន​

ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2018 បានចេញ​ប្រតិបត្តិការ ចាប់បាន​ជនល្មើស​ម្នាក់​ក្នុងចំណោម​៤​នាក់ ដែល​បាន​លួច​ចូល​កាប់​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱរា​ល់ ស្ថិតនៅ​ចំណុច​អូរ​ក្របី​ងាប់ ក្នុងភូមិ​កោះ​ក្ទម្ព ឃុំ​ជៀប ស្រុក​ទឹកផុស។ កិច្ច​ប្រតិបត្តិការការ​ចាប់​បាន​ជនល្មើស​ខាង​លើ​នេះ បាន​ធ្វើ​ឡើង នៅ​ម៉ោង​10​និង​30 នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក ជួន សំអុល នាយក​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ នេះ​បាន​និយាយ​អោយដឹងថា ​៖ ជនល្មើស លបលួច​កាប់​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ ដែល​សមត្ថកិច្ច​ចាប់បាន​ខាងលើនេះ​មានឈ្មោះ អេង ស៊ី​ណេ​ត អាយុ 18 ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រោយ​វត្ត ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស វត្ថុតាង​គឺ​សមត្ថកិច្ច​ដកហូត​បាន​កាំបិត​ក​កុក​១​ដើម។​

តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​បាន​ឲ្យ​ដឹងថា ​៖ គេ​ជា​អ្នកស៊ីឈ្នួល​កាប់​ព្រៃ​ឲ្យ​ឈ្មោះ ឡាំ ឡា​វី អាយុ 43 ឆ្នាំរស់​នៅ​ភូមិ​ខ្លុង​ពពក ដែល​បាន​ជួល​ឲ្យ​ខ្លួន កាប់​ព្រៃ​នៅ​ចំណុច​អូរ​ក្របី​ងាប់ យក​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ និង​លក់​ទៅឱ្យ​ឈ្មួញ ដោយ​ពួកគេ​បាន​លួច​កាប់​ព្រៃ​នៅ​ចំណុច​ខាងលើនេះ​មាន​រយៈពេល 4 ថ្ងៃ​មកហើយ បាន​ចំនួន​ប្រមាណ​២​ហិកតា ហើយ​កន្លងមក​ឈ្មោះ ឡាំ ឡា​វី ក៏​ធ្លាប់បាន​ប្រើ​ខ្លួន​នាំ​ឈ្មួញ​មក​មើល​ដីព្រៃ​ដែល​ពួកខ្លួន​បានកា​ប់រាន​ហើយ​នោះ​ផងដែរ។ ជនល្មើស​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញក​សាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​

សមត្ថកិច្ច​ការពារ​ដែន​ជម្រក​សត្វព្រៃ បានបញ្ជាក់​អោយដឹងទៀតថា ​៖ កន្លងមក​ជាង​១​ខែ​នេះ មាន​ជនល្មើស​បាន​លប​លួច​ចូល​កាប់​ព្រៃ​ក្នុង​ដែន​ជម្រកសត្វព្រៃ នៅក្នុង​ចំណុច​អូរ​ក្របី​ងាប់ និង​អូរ​អន្លុង​ជ្រូក ក្នុងភូមិ​កោះ​ក្ទម្ព ឃុំ​ជៀប អស់​ប្រមាណ​ជាង​៥​ហិកតា ដែល​តាម​ការស្រាវជ្រាវ​បានដឹងថា​៖ មាន​មេខ្លោង​ឈ្មោះ ឡាំ ឡា​វី ជា​អ្នក​ជួល​អោយ​គេ​កាប់​ព្រៃ យក​ជា​កម្ម​សិទ្ធិ​ សម្រាប់​លក់​អោយ​ពួក​ឈ្មួញ។

មន្ត្រី​បរិស្ថាន ជា​សមត្ថ​កិច្ចការពារ​ដែនជម្រកសត្វព្រៃ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​​កុំ​ចូល​កាប់​ព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ខុសច្បាប់​ជា​បន្តទៀត ព្រោះ​សមត្ថកិច្ច​ការពារ​ដែល​ជម្រក​សត្វ​ព្រៃ នឹងមិន​លើកលែង និង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណាមួយ​កាប់បំផ្លាញ​ព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ​របស់​រដ្ឋ យក​ធ្វើជា​កម្មសិទ្ធិ​បាន​នោះឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114