សមត្ថកិច្ច​ក្រុង​ខេមរភូមិន្ទ​ បង្ក្រាប​មុខសញ្ញា​ឆក់​តាម​ទី​សាធារណៈ ឃាត់ខ្លួន​មនុស្ស​៨​នាក់​

កោះកុង ៖ កម្លាំង​អធិការ​ក្រុង​ខេមរភូមិន្ទ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍​ត្រី មីន រស្មី កាលពី​ថ្ងៃ​ម្សិលមិញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៨​នាក់ ដែល​កន្លងមក​បាន​បង្ក​សកម្មភាព​ឆក់​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​នៅ​តាម​ទី​សាធារណៈ រួម​ទាំង​ជន​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​។​

​លោក មីន រស្មី អធិការ​ក្រុង​ខេមរភូមិន្ទ​បាន​ថ្លែង​ថា ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ កន្លង​តែង​បង្ក​សកម្មភាព​ឆក់ និង ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នៅក្នុង​ខេត្តកោះកុង តែ​ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​កម្លាំង​សមត្ថកិច្ច រួម​ទាំង​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​ខេត្ត​កោះកុង​ផង​នោះ ទើប​កម្លាំង​សមត្ថកិច្ច​ក្រុង​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ខាងលើ​បាន។​

លោក​អធិការ​បាន​បន្តថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ដកហូត​វត្ថុតាង​មួយ​ចំនួន​ដូចជា ម៉ូតូ​វ៉េវ ពណ៌​ក្រហម​១​គ្រឿង ទូរស័ព្ទ​ដៃ​១​គ្រឿង ដែកកេះ​ចំនួន​៣​កញ្ចប់​ បារី​ដើម​ដូង​១​កញ្ចប់ ថ្នាំញៀន​ម្សៅ​ក្រាម​ពណ៌ស​ថ្លា​១​កញ្ចប់​តូច។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ កម្លាំង​អធិការ​ក្រុង​ខេមរភូមិន្ទ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114