ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ក្នុងចំណោម​៩​នាក់ ពាក់ព័ន្ធ​ករណី​​ប៉ុនប៉ង​មនុស្សឃាត

រតនគិរី ​៖​ យុវជន​ពីរ​នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់ពី​បក្ខពួក​ក្រុម​ក្មេង​ទំនើង​ចំនួន​៩​នាក់ បាន​ព្រួត​គ្នា​កាប់​​នឹង​កាំបិត​មក​លើ​ជនរងគ្រោះ​ ដោយ​មិនដឹង​មូលហេតុ។

ហេតុការណ៍​វាយតប់​គ្នា​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥៣​នាទី​យប់​ ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ ត្រង់ចំណុច​ចម្ការកៅស៊ូ​ឈ្មោះ​ចាន់ សម្បត្តិ ស្ថិតនៅ​ក្នុងភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ទី​១.​ឈ្មោះ ទីង ឌិ​ញ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ច្រាយ បាន​រងរបួស​ធ្ងន់ ត្រង់​ប្រអប់ដៃ​ខាងឆ្វេង ​និង​កញ្ចឹង​.​ក​ខាងឆ្វេង។ ជនរងគ្រោះ​ទី​២.​ឈ្មោះ សា រុំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ បាន​រង​របួស​ធ្ងន់ ត្រង់​ខ្ទង់ច្រមុះ​និង​ពីលើ​ក្បាល​ ទាំង​២​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ចំនួន​៩​នាក់ ទី​១.​ឈ្មោះ ទូច ភេទ​ប្រុស ទី​២.​ឈ្មោះ ឡយ ភេទ​ប្រុស ទី​៣.​ឈ្មោះ សួរ ភេទ​ប្រុស ទី​៤.​ឈ្មោះ ធារ៉ា ភេទ​ប្រុស និង​បក្ខពួក​ចំនួន​៥​នាក់​ផ្សេងទៀត មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ក្រោយពី​បាន​ធ្វើ​សកម្មភាព​រួច ​ពួកគេ​បាននាំគ្នា​រត់​គេចខ្លួន​បាត់​អស់។

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន ​បាន​ចុះមក​ធ្វើការ​អន្តរាគមន៍​ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ក្នុង​នោះ​រួមមាន ៖​ ទី​១-​ឈ្មោះ មោក ធារ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ (​ជនដៃដល់​)​។ ទី​២-​ឈ្មោះ រី ទូច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​(​ជនដៃដល់​)​។ ទី​៣-​ឈ្មោះ យី កុសល ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​(​សមគំនិត​)​។ ទី​៤-​ឈ្មោះ ហ៊ា គឹម​សួរ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ​(​សមគំនិត​) ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​ក្រោយពេល​កើតហេតុ​ ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​ដើម​ ដែល​ជនដៃដល់​​ធ្វើ​សកម្មភាព​មកលើ​ជនរងគ្រោះ។

​បន្ទាប់ពី​ឃាត់ខ្លួន​ជនដៃដល់​សមត្ថកិច្ច ​បា​ន​ក​សាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។ ចំណែក​ជនរងគ្រោះ ​ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​ ដើម្បី​ព្យាបាល​រងរបួស។

បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៥​នាក់ ​ដែល​បាន​រត់គេចខ្លួន​នោះ សមត្ថកិច្ច​ ​កំពុង​ចុះ​ស្រាវជ្រាវ​តាម​ចាប់​យកមក​ដើម្បី​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114