សមត្ថកិច្ច​ចុះ​អនុវត្ត​ដីកា​ឲ្យ​នាំខ្លួន​ របស់​តុលាការ​ ទៅលើ​ជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​នឹង​​គ្រឿងញៀន​

​បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​អំណាច​សាលដីកា​របស់​តុលាការ​ខណៈ​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្តិ​បទល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ​បាន​រត់គេចខ្លួន​អស់​មួយ​រយៈ ​ហើយ​បាន​វិលត្រឡប់​ចូល​ភូមិកំណើត​វិញ​។​

ស្នងការ​ខេត្ត​បានឲ្យ​ដឹងថា ​កាលពី​ថ្ងៃទី​១០​ ខែមករា ​ឆ្នាំ​២០២០​កន្លង​ថ្មីៗ​នេះ ​នៅវេលា​ម៉ោង​១០និង​៣០​នាទី​ ចំណុច​ក្រុមទី​១២​ ភូ​មិន​រា​១ ​ឃុំ​ន​រា ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន​ សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ ​នៃ​អធិការ​ស្រុក​សង្កែ​ បាន​ចុះ​អនុវត្ត​ដីកា​ឲ្យ​នាំខ្លួន​លេខ​៥៤៩​ត​.​ព្រ​ ចុះ​ថ្ងៃទី​០៣ ​ខែកញ្ញា ​ឆ្នាំ​២០១៩​ ដោយ​ក្នុង​ដីកា​នោះ​ចោទប្រកាន់​ទៅលើ​ជន​សង្ស័យ ​ពីបទ​រក្សាទុក​ដឹកជញ្ជូន ​ឬ​ជួញដូរ​នូវ​សារធាតុ​ញៀន ​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​៣១​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ កន្លងទៅ ស្ថិត​ត្រង់ចំណុច​ភូមិ​ន​រា​១​ ឃុំ​ន​រា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​។​

របាយការណ៍​ដដែល​ប​ន្ត​ថា​ ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​របស់​តុលាការ​ដែល​សមត្ថកិច្ច​បាន​ចុះ​អនុវត្ត​នា​ពេល​នេះ ​គឺ​បានចេញ​ដោយ ​លោក​រ៉ែ​ម​ សុ​ភក្តិ​ ចៅក្រម​ស៊ើបសួរ ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង ​បាន​បង្គាប់​ឲ្យ​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឡុង​ អាំ​ម៉ា​រី​ ហៅ​ឌុ​ង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ន​រា​១ ​ឃុំ​ន​រា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​។ ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ​សមត្ថកិច្ច​ក៏បាន​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​។ នៅ​ថ្ងៃទី​១១​មករា​នេះ​ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ដល់​ដៃ​ចៅក្រម​ហើយ ​ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​របស់​តុលាការ​៕​


អត្ថបទ ៖ សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114