សមត្ថកិច្ច​ជំនាញ​ខេត្ត​បន្ទាយ​មានជ័យ​​ចាប់​រថយន្ត​ដឹក​ជ្រូក​ពី​​គ្រឿង​នាំ​ចូល​​ពី​ថៃ​

បន្ទាយមានជ័យ​ ៖ កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២០​នេះ ​ក្រុម​អន្តរាគមន៍​ នៃ​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បី​ជាន់ បាន​ធ្វើការ​ស្ទាក់​ឃាត់​ចាប់បាន​រថយន្ត​ដឹក​ជ្រូក​ចំនួន​២​គ្រឿង ផ្ទុក​ជ្រូក​រស់​សរុប​៤២​ក្បាល នៅលើ​ផ្លូវជាតិ​លេខ​៥៨ ​ក្នុងភូមិ​សាស្ត្រ​ឃុំ​អូរ​បី​ជាន់​។

​រថយន្ត​២​គ្រឿង​នោះ ១​-មាន​ម៉ាក​កូរ៉េ ក្បាល​ពណ៌​ខៀវ ចង្កូត​ឆ្វេង ស៊េរី​ឆ្នាំ​១៩៩៤ ពាក់​ស្លាក​លេខ 3A:0131 ផ្ទុក​ជ្រូក​រស់​ចំនួន​១៦​ក្បាល និង​រថយន្ត​១​គ្រឿង​ទៀត​ ម៉ាក​នី​ស​សាន់ ពណ៌​ខ្មៅ​ ទ្រុង​ស ចង្កូត​ស្តាំ ស៊េរី​ឆ្នាំ​១៩៩៥ គ្មាន​ស្លាក​លេខ ផ្ទុក​ជ្រូក​រស់​ចំនួន​២៦​ក្បាល។​

ការចុះ​បង្ក្រាប​នេះ អនុវត្ត​តាម​ការណែនាំ​របស់​ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​ និង​នេសាទ ឯកឧត្តម​អគ្គនាយក អគ្គនាយកដ្ឋាន​ផលិតកម្ម​ និង​ប​សុ​ព្យ​បាល ក៏ដូចជា​ឯកឧត្តម​អភិបាល​ខេត្ត​និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ ​និ​ង​នេសាទ​ខេត្ត​ផង​ដែរ។​

លោក​ហ៊ុយ ទូច និយាយ​បន្តថា ​តាម​ការសាកសួរ គឺ​ជ្រូករ​ស់ទាំង​នោះបាន​លួច​នាំចូល​ពី​ប្រទេស​ថៃ មក​កម្ពុជា​តាម​ច្រករបៀង​ណង​ចាន់​ ភូមិ​ជោគជ័យ​ ឃុំ​អូរ​បី​ជាន់​ ដែល​ឈរជើង​ដោយ​កម្លាំង​កង​ការពារ​ព្រំដែន​៥០៣ យោធភូមិភាគ​៥​។ ឯ​សមត្ថកិច្ច​ជំនាញ​ បាន​ឆ្មក់​ស្ទាក់​ឃាត់​ចាប់បាន​ត្រង់​ចំណុច​ជិត​ផ្សារ​អូរ​បី​ជាន់ ស្ថិតក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។​ ក្រោយពី​បង្ក្រាបបាន​វត្ថុតាង​ខាងលើ​មក​បង្ខាំង​ទុក​នៅ​កន្លែង​ច​ត្តា​ឡី​ស័ក​ នៃ​ការិយាល័យ ស្ថិតក្នុង​បរិវេណ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដើម្បី​យក​សំណាក​វិភាគ​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​រង់ចាំ​អនុវត្ត​នីតិវិធី​ច្បាប់​ជា​បន្តទៀត។

​ទាក់ទិន​បទល្មើស​ដែល​នៅតែ​កើតមានឡើង​តាម​ច្រករបៀង​នេះ មន្ត្រី​អាជ្ញាធរ​ដែនដី គណៈ​បញ្ជា​ការ​កងឯកភាព​ខេត្ត​ និង​ស្រុក/​ក្រុង​៥​ ជាប់​ព្រំដែន​កម្ពុជា ថៃ​តែង​លើកឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​កងឯកភាព ក៏​ដូច​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​អំពី​ការអនុវត្ត​បទបញ្ជា​ និង​អនុសាសន៍​របស់ ​សម្ដេច​ក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​បញ្ជា​ឲ្យ​ទប់ស្កាត់ បង្ក្រាប​បទ​ល្មើស​រត់ពន្ធ បទល្មើស​សេដ្ឋកិច្ច បទល្មើស​ពេទ្យសត្វ​ជាដើម​ ពិសេស​គឺ​បិទ​ច្រករបៀង​ទាំងអស់។​

ក្នុង​នោះ​មាន​លិខិត​លេខ​៧៦១/១៩​ សជណ​ ចុះ​ថ្ងៃទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ បាន​ជម្រាប​មក​មេ​បញ្ជាការ ស្នងការ អភិបាលស្រុក​ក្រុង​៥ នៃ​ភូមិសាស្ត្រ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ ឲ្យ​ចាត់វិធានការ​ទប់​ស្កាត់ បង្ក្រាប​ជាបន្ទាន់​ការ​នាំ​ចូល​មាន់​រស់​ដោយ​ខុសច្បាប់​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ​អំពី​ការ​លួច​នាំចូល​មាន់​រស់ ក៏​ដូច​ផលិតផល​ពី​បក្សី ជ្រូក គោក្របី​បទ​ល្មើស​ផ្សេងទៀត ហើយ​ច្រករបៀង​នៅតែ​បើក​ គឺជា​ការអនុវត្ត​ផ្ទុយ​ទាំងស្រុង​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ក៏​ដូច​ការណែនាំ​ដាក់​បញ្ជា​បន្ថែម​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​៕​

អត្ថបទ ​៖ គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114