សមត្ថកិច្ច​នគរបាល​ខេត្ត​អាន​យ៉ាង សមត្ថកិច្ច​នគរបាល​ខេត្ត​តាកែវ​ នៅតែ​ប្ដេជ្ញា​រួមគ្នា​បង្ការ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​

​តាកែវ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ លោក​ឧត្ដមសេនីយ៍​ទោ សុខ សំណាង ស្នង​ការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ លោក​ឧត្ដមសេនីយ៍​ វរសេនីយ៍ ជា​ស្នងការ​រង និង​សហការី​ច្រើន​រូប​ ចូលរួម​ប្រជុំ​បូកសរុប​សភាពការណ៍ និង​លទ្ធផល​សហប្រតិបត្តិកា​រ ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់ រវាង​ស្នងការដ្ឋាន នគរបាល​ខេត្ត​អាន​យ៉ាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជា​មួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ រយៈពេល​៦​ខែ ចុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​៦​ខែ ដើម​ឆ្នាំ​២០២០។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ក្រោម​អធិបតី​ភាព លោក​ឧត្ដមសេនីយ៍​​ត្រី ប៊ុ​យ ប៊ែ ទី ស្នងការ​នគរបាល ខេត្ត​អាន​យ៉ាង​ ប្រធាន​អង្គប្រជុំ ,​លោក​ឧត្ដមសេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ និង​លោក​ឧត្ដមសេនីយ៍​​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល ដោយមាន​ការចូលរួម​ពី​លោក​ស្នងការរង និង​សមាសភាព​ពាក់ព័ន្ធ​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងបី​។​

ចុងបញ្ចប់​ នៃ​កិច្ចប្រជុំ​ភាគី​ទាំង​២ (​កម្ពុជា​-​វៀតណាម​) បាន​វាយតម្លៃ​ខ្ពស់​នូវ​លទ្ធផល​សម្រេច​បាន និង​បញ្ហា​ដែល​នៅ​សេសសល់​មួយចំនួន​ក្នុង​កិច្ច​ប្រតិបត្តិការ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រវាង​ភាគី​ទាំងពីរ​ក្នុង​រយៈពេល​៦​ខែ និង​បាន​ឯកភាពគ្នា​លើក​ទិសដៅ​សហ​ប្រតិបត្តិការ​ចំណុច​សំខាន់ៗ អនុវត្ត​បន្ត​នៅក្នុង​រយៈ​៦​ខែ ដើមឆ្នាំ​២០២០​ខាងមុខ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដែល​ឆ្លងដែន​ចេញ​-​ចូល រវាង​ប្រទេស​ទាំង​២ ខេត្ត​ទាំង​៣ ក្នុង​គោលបំណង​ធានា​បាន​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន។

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ភាគី​ទាំង​២​ បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​អបអរសាទរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​វៀតណាម​ខាងមុខនេះ​៕


អត្ថបទ ៖ វីរៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114