ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ម៉ាឡេស៊ី​ដោះលែង​ មូរ សុខ​ហួរ ឱ្យមាន​សេរីភាព​វិញ​ហើយ​

ភ្នំពេញ​៖ ​ មូរ សុខ​ហួរ ប្រាប់​អ្នកសារព័ត៌មាន VOD នា​ល្ងាច​ថ្ងៃទី​០៧ វិច្ឆិកា នេះ​ថា សមត្ថកិច្ច​ម៉ាឡេស៊ី​បាន​ដោះលែង​​ មូរ សុខ​ហួរ ឱ្យមាន​សេរីភាព​វិញ​ហើយ ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ វិច្ឆិកា នេះ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​០៧ វិច្ឆិកា នៅ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួ​។​

​​ មូរ សុខ​ហួរ បានបញ្ជាក់​យ៉ាងនេះ​ថា “​​​មាន​សេរីភាព​វិញ ហើយ​កំពុង​ជាប់រវល់​កិច្ចការ​មួយចំនួន​មិនទាន់​និយាយបាន​ច្រើន​ទេ​”​។​

​សូមបញ្ជាក់ថា ​ មូរ សុខ​ហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សមត្ថកិច្ច​អន្តោប្រវេសន៍​របស់​ម៉ាឡេស៊ី​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ហើយ​ការចុះផ្សាយ​នេះ ដោយ​យោងតាម​ប្រភព​ទុកចិត្ត​៤​រូប ក្នុងនោះ​រួមមាន​ទាំង​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ផងដែរ​។​

​អ្នកនាំពាក្យ រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីន​ផាន បាន​ថ្លែងថា ការឃាត់ខ្លួន ឬ​បណ្តេញចេញ​បុគ្គល ដែល​រៀបចំ​ធ្វើ​រដ្ឋប្រហារ រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ជាកា​បង្ហាញ​សារជាថ្មី​ម្តងទៀត នូវ​ការអនុវត្ត​ពេញលេញ នៃ​កិច្ច​ប្រកាស​រួម​កំពូល​របស់​អាស៊ាន ក្នុង​កិច្ច​ថែរក្សា​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់​។​

​លោក ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា “​ការឃាត់ខ្លួន និង​បណ្តេញចេញ​បុគ្គល ឬ​ក្រុម​ដែល​រៀបចំ​ធ្វើ​រដ្ឋប្រហារ គឺជា​កា​បង្ហាញ​សាជាថ្មី​ម្តងទៀត នូវ​ការអនុវត្ត​ពេញលេញ​នៃ​កិច្ច​ប្រកាស​រួម សេចក្តីថ្លែងការណ៍​កំពូល​របស់​អាស៊ាន ក្នុង​កិច្ច​ថែរក្សា​សន្តិភាព ស្ថិរភាព នៅក្នុង​តំបន់ ក៏ដូចជា​ប្រជាជាតិ ជា​សមាជិក​នៃ​សហគមន៍​អាស៊ាន​” ។ លោក​សង្កត់ធ្ងន់ថា ក្រុម​ទាំងនេះ មាន​ទិសដៅ​បំផ្លាញ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា តែ​ត្រូវបាន​ទប់ស្កាត់ ដោយ​បណ្ដា​ប្រទេស​អាស៊ាន​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​សម្ដែង​ការ​អរគុណ ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​សកម្មភាព​ជួយ​កម្ពុជា បង្ក្រាប​ទប់ស្កាត់​ជន​ទាំងនោះ​ផងដែរ​៕
​កោះ​កែវ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114