BREAKING NEWS
Search

សមយុទ្ធ​យោធា​សំខាន់ៗ​របស់​សហរដ្ឋអាមេរិក​ជាមួយ​កូរ៉េខាងត្បូង​ ត្រូវ​ផ្អាក​ដោយ​គ្មាន​កំណត់ពេល

មន្ត្រី​ម្នាក់​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យោធា​អាមេរិក​ បាន​ផ្អាក​ដោយ​គ្មាន​កំណត់ពេល​នៃ​សមយុទ្ធ​រួមគ្នា​ធំៗ​ជាមួយ​កូរ៉េខាងត្បូង​ដែល​នេះ​ជាការ​ធ្វើតាម​ការសន្យារ​បស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ក្នុងការ​បញ្ឈប់​សមយុទ្ធ​យោធា​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​របស់គាត់​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​។​

ការសម្រេចចិត្ត​នេះ​បានកើត​ឡើង​បើទោះបីជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ព្រមាន​ថា កិច្ចប្រឹងប្រែង​សន្តិភាព​នៅតែ​ប្រឈម​នឹង​ហានិភ័យ​ហើយ​ការដាក់ទណ្ឌកម្ម​ត្រូវបាន​រក្សា​រហូត​ដល់ទី​ក្រុង​ព្យុងយ៉ាង​រុះរើ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ក៏ដោយ​។​

មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយរូប​បាន​ប្រាប់ AFP ថា “​សមយុទ្ធ​យោធា​សំខាន់ៗ​ត្រូវបាន​ផ្អាក​ដោយ​មិន​កំណត់ពេល​នៅលើ​ឧបទ្វីប​កូរ៉េ​”​។ លោក ត្រាំ កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បញ្ឈប់​សមយុទ្ធ​សង្គ្រាម​ជាមួយ​សម្ព័ន្ធមិត្ត​សន្តិសុខ​កូរ៉េខាងត្បូង​របស់ខ្លួន​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា​នៅពេលណា​ទើប​ការផ្អាក​នេះ​នឹង​ចាប់ផ្តើម​”​។​

កងកម្លាំង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​បាន​ហ្វឹកហាត់​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ហើយ​ជា​ទម្លាប់​បាន​ហាត់​សម​អ្វីៗ​ទាំងអស់​ទាក់ទង​នឹង​ការវាយលុក​ពី​កូរ៉េខាងជើង​។​
​ក្រុង​ព្យុងយ៉ាង​ជាធម្មតា​មានប្រតិកម្ម​ខ្លាំងក្លា​។ បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​កាលពី​ឆ្នាំមុន កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​លើ​ប្រទេស​ជប៉ុន​ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាស​កល​។​

លោក ត្រាំ បាន​ស្វែងរក​ជ័យជម្នះ​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​ជាទី​ដែល​គាត់​និង​លោក​គីម​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​ក្នុងនោះ​លោក​គីម​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើការ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ​។​

ថ្លែង​ទៅកាន់​មន្ត្រី​កូរ៉េខាងត្បូង ជប៉ុន​និង​ចិន​អំពី​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​នោះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​មួយ លោក Pompeo បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​បញ្ហា​កូរ៉េខាងជើង​។​

គាត់​បាន​និយាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​បរមាណូ​របស់ខ្លួន​ថា “​យើង​ជឿថា​លោក​គីម​ជុង​អ៊ុន​យល់​ពី​ភាព​បន្ទាន់​នេះ យើង​ត្រូវធ្វើ​ឲ្យ​បាន​ឆាប់រហ័ស​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114