សមាគម​កីឡា​កងយោធពល​ខេមរភូមិន្ទ ប្រកាស​នាំចូល​កីឡាករ ៥​រូប​ជា​ផ្លូវការ

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ (​ដែល​គ្រប់គ្នា​និយម​ហៅ ក្រសួងការពារជាតិ ឬក៏​ទ័ព​) បាន​នាំចូល​កីឡាករ​បរទេស​រួចរាល់ សម្រាប់​ត្រៀម​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី ឆ្នាំ​២០២០ នា​ចុង​សប្ដាហ៍​នេះ តាមរយៈ​ការប្រកាស​បង្ហាញមុខ​កីឡាករ​បរទេស​ចំនួន ៥​រូប​ជា​ផ្លូវការ​។

យោង​តាម​ការប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ កីឡាករ​បរទេស​ថ្មី​ទាំង ៥​រូបនេះ មាន​មកពី​អាស៊ី ចំនួន ២​រូប ខណៈ ៣​រូប​ផ្សេងទៀត​មកពី​ទ្វីបអាហ្វ្រិក និង​អាមេរិក​ឡាទីន​។

ចំពោះ​សមាសភាព​កីឡាករ​បរទេស​ទាំង ៥​រូប​ដែល​ត្រូវបាន​ដឹងថា​ក្លិប​នឹង​ប្រើប្រាស់​នៅ​រដូវ​កាល​នេះ រួមមាន កីឡាករ​សញ្ជាតិ​ជប៉ុន Endo Mikito, កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង Sung Min Park, កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Romario កីឡាករ​សញ្ជាតិ​កា​មេ​រ៉ូ​ន Yannick Francios និង​កីឡាករ Rasheed Omokafe ហើយ​កីឡា​ករទាំង ៥​រូបនេះ​នឹងមាន​កិច្ចសន្យា​ជាមួយ​ក្លឹប​មួយ​នេះ​ដល់​ចុងឆ្នាំ​២០២០​។

ជាការ​ចាប់អារម្មណ៍ កីឡាករ ៤​រូប ដូចជា ជប៉ុន Endo Mikito, Sung Min Park, Romario និង Yannick Francios ត្រូវបាន​ដឹងថា​ទើបតែ​ចាប់ផ្ដើម​អាជីព​បាល់ទាត់​នៅ​លី​គ​កំពូល​កម្ពុជា លើកដំបូង លើកលែងតែ Rasheed Omokafe ដែល​ធ្លាប់​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៤ ដល់​២០១៦ ពោល​គឺជា​សមាជិក​កីឡាករ​របស់​ក្លឹប​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត និង​ណាហ្គា​វើ​លដ៍ ខណៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​រូបគេ បាន​ចាក​ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​ផ្សេងទៀត​។

ក្រៅតែពី​កីឡាករ​បរទេស សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ក៏ត្រូវ​បានដឹងថា​បាន​នាំចូល​កីឡាករ​ខ្មែរ មួយចំនួនធំ​ផងដែរ បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ​ចាស់វស្សា​មួយចំនួនធំ ដែល​រួម​មានការ​នាំចូល​កីឡាករ សេង សា​រ៉ាវុធ និង​វ៉ាត សំណាង ដែលជា​អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​, កីឡាករ អ៊ុំ កុម្ភៈ អតីត​កីឡាករ​អង្គ​រថា​យ​ហ្គឺ​រ​, និង​ការខ្ចី​អ្នកចាំទី ឈិន ឈៃ​នុត ពី​ភ្នំពេញ​ក្រោ​ន ជាដើម​។

ចាប់អារម្មណ៍​ទៅលើ​ការចាកចេញ​វិញ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បាន​អនុញ្ញាតិ​ឲ្យ​កីឡាករ​សំខាន់​ជាច្រើន​ចាកចេញ​នា​រដូវ​កាល​នេះ ដែល​រួមមាន​ដូចជា ច្រឹង ពលរដ្ឋ​, ឈិន ឈឿន​, អ៊ុំ សេរី​រ័ត្ន​, រ៊ឹ​ង ប៊ុន​ហៀ​ង ជាដើម​។

ចំពោះ​សប្ដាហ៍​ដំបូង នៃ​លី​គ​កំពូល​កម្ពុជា សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) នឹងត្រូវ​ជួប ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី អាយុ​ក្រោម ១៨​ឆ្នាំ នាទី​លាន​សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០៕
ម៉េង ហួរ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114