សមាជិកសភា​សហរដ្ឋ​អាមេរិក ចង់​ឲ្យ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​កាន់តែ​ល្អ​ប្រសើរ​ជាង​នេះ

​ភ្នំពេញ ​៖ ការ​ចង់​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​សហរដ្ឋអាមេរិក កាន់តែ​ល្អ​ប្រសើរ​នោះ បាន​ធ្វើឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​សមាជិកសភា​ស​ហ​រដ្ឋ​អាមេរិក​ចំនួន​៣​រូប គឺ​លោក Seth Wilbur Moulton សមាជិក​គណៈកម្មាធិកា​រ​កិច្ចការ​យោធា​, លោក James Edward Banks សមាជិក​គណៈកម្មាធិកា​រ​កិច្ចការ​យោធា និង​លោក Ronald Gene Estes សមាជិក​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ និង​ផ្តល់​អនុសាសន៍​លើ​ថវិកាជាតិ កាលពី​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។

​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​ជំនួប​នៅ​ថា នៅ​ក្នុង​ជំនួប​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ដល់​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សភា​របស់​សហរដ្ឋ​អាមេរិក មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ស្រប​ពេល​កម្ពុជា និង​សហរដ្ឋអាមេរិក​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។

លោក​បន្ត​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​ជំរុញ​ឲ្យ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត ហើយ​ភាគី​សភា​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ថា​កន្លងមក​រដ្ឋាភិបាល និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បាន​ធ្វើ​ការ​ជាមួយគ្នា តែ​ពេលនេះ​ដំណើរ​ទស្សនកិច្ច​នា​ពេល​នេះ បញ្ជាក់​ថា មិន​ត្រឹមតែ​រដ្ឋាភិបាល​នោះ​ទេ សភា​សហរដ្ឋអាមេរិក​ក៏​មាន​ចេតនា​លើកស្ទួយ​ទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។

​បើ​តាម​លោក កុយ គួ​ង នៅ​ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​បាន​លើក​ជា​យោបល់​ថា តើ​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាង​នេះ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​កាន់តែ​ប្រសើរ ខាង​ភាគី​សភា​សហរដ្ឋអាមេរិក​បាន​អះអាងថា សហរដ្ឋអាមេរិក និង​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។

​ចំពោះ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​នេះ​ដែរ លោក កុយ គួ​ង បាន​អះអាង​ថា​ខាន​កម្ពុជា​បាន​បញ្ជាក់​នូវ​បំណង​យ៉ាង​ច្បាស់​លាស់​ក្នុង​កា​រធ្វើ​ទំនាក់ទំនង​នេះ​ឲ្យ​បាន​ល្អ ជាពិសេស​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​មេដឹកនាំ​ទី​មួយ ដែល​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ដល់​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៤ ខែ​មិនា ឆ្នាំ​២០២០ នៅ​ទីក្រុង​ឡាស​វី​ហ្គាស សហរដ្ឋអាមេរិក​។ ដូច្នេះ​កម្ពុជា មិនបាន​ចាត់​ទុក​ប្រទេស​ណា​ជាស​ត្រូវ​នោះ​ទេ គឺ​កម្ពុ​ជា​មាន​ចេតនា​បង្កើត​មិត្ត ពង្រីក​មិត្ត និង​រក្សា​មិត្ត ដូច្នេះ​យើង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​នៅ​លើ​សកលលោក​។

​ដោយឡែក​ចំពោះ​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន ដែល​លើក​ឡើង​ថា មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា​នោះ ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់​ថា នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ ហើយ​កន្លងមក​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏​ធ្លាប់​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​នៅ​ទីក្រុង​បាងកក​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម និង​បាន​បញ្ជាក់​ថា កម្ពុជា​ទោះបី​មាន​សិទ្ធិ​អធិបតេយ្យ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​របស់​ខ្លួន​ក៏ដោយ ក៏​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​ណា​នៅ​លើ​ទឹកដី​របស់​ខ្លួន​នោះដែរ​។ មានន័យថា កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន ពីព្រោះ​រដ្ឋធម្មនុញ្ញ​រប​ស់​កម្ពុជា​មិនបាន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​នោះ​ទេ​។

​ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​កាត់​ក្តី​លើ​សំណុំរឿង​សន្ទិដ្ឋភាព​ជា​មួយ​បរទេស​របស់​លោក កឹម សុខា នៅ​ក្នុង​ជំនួប​នោះ​ភាគី​ទាំងពីរ ក៏បាន​លើកឡើង​ផង​ដែរ ហើយ​ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​អះអាង​ថា សវនាការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព និង​មានការ​ចូលរួម​ពី​ដំណើរ​ស្ថានទូត​បរទេស​អង្គការ​មិនមែន​រដ្ឋាភិបាល​អ្នកសារព័ត៌មាន និង​គណបក្សនយោបាយ​ចំនួន​៥៨​រូប​។​
​ជាមួយគ្នា​នោះ ឯក​ឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ជី អេស​ភី (GSP) ព្រមទាំង​ជំនួយ​ផ្សេងៗ​ទៀត​ដល់​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ​