សមាជិក​ក្រុមប្រឹក្សា​ខេត្តតាកែវ ​ប្រតិកម្ម​ចំពោះ​បញ្ហា​ភាស៊ី​ផ្សារ​តាកែវ ​យក​លើស​ពី​សៀវភៅ​បន្ទុក​

តាកែវ​ ៖ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​តាកែវ​ បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង ​ចំពោះ​អ្នក​យក​ភាស៊ី​ផ្សារ​តាកែវ​ ដែល​យក​លើស​ពី​សៀវភៅ​បន្ទុក​របស់​រដ្ឋ​ដែល​បាន​កំណត់ បើ​ទោះ​បី​ជា​ប័ណ្ណ​ផ្ញើ​កង់​និង​ម៉ូតូ ដែល​ចេញ​ដោយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ដាក់​តែ​២០០​រៀល​សម្រាប់​កង់ និង​៣០០​រៀល​សម្រាប់​ម៉ូតូ​ក៏ដោយ​។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៨ អាណត្តិ​ទី​០៣ របស់​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃ​ពុធ ទី ០៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក លី ស៊ុ​គ្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍​លើក​ឡើង​ថា ផ្សារ​តាកែវ​ដែល​ស្ថិត​ក្នុង​ក្រុង​ដូន​កែវ បច្ចុប្បន្ន​នេះ គឺ​មាន​សភាព​កខ្វក់ ខ្វះ​សណ្ដាប់​ធ្នាប់ ក្រុម​អាជីវករ​លក់​ដូ​រ​ នៅ​លើ​ចិញ្ចើម​ផ្លូវ បើ​ទោះ​បី​កន្លងមក​អាជ្ញាធរ​ក្រុង​ដូន​កែវ បាន​ចុះ​មក​ហាមឃាត់​យ៉ាងណាក៏ដោយ ក៏​នៅតែ​ពួកគាត់​លក់​នៅ​លើ​ផ្លូវ​ដ​ដែល ដែល​បង្ក​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ ម្យ៉ាងទៀត​បញ្ហា​ដែល​នៅតែ​កើតឡើង​ដដែល​ទៀត​នោះ គឺ​រឿង ម្ចាស់​ភាស៊ី​ផ្សារ​តាកែវ បាន​យក​ថ្លៃ​ភាស៊ី​ផ្ញើ​កង់​និង​ម៉ូតូ​ លើស​ពី​សៀវភៅ​បន្ទុក​របស់​រដ្ឋ ដែល​ខុស​ពី​គោលការណ៍​របស់​ក្រសួង​នឹង​មន្ទីរ​សេដ្ឋកិច្ច ។​

លោក លី ស៊ុ​គ្រី បាន​បន្ថែម​ទៀត​ថា បញ្ហា​យក​ភាស៊ី​ផ្ញើ​កង់​និង​ម៉ូតូ​លើស​ពី​សៀវភៅ​បន្ទុក​របស់​រដ្ឋ​នេះ សូម​ឲ្យ​អាជ្ញាធរ​ខេត្ត ជាពិសេស​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត ពិនិត្យមើល​ពី​បញ្ហា​នេះ​កុំ​ឲ្យ​ម្ចាស់​ភាស៊ី​ផ្សារ​បន្ត​យក​លើស​សៀវភៅ​បន្ទុក​បន្ត​ទៅ​ទៀត ព្រោះ​បញ្ហា​យក​ភាស៊ី​លើស​បន្ទុក​នេះ​មានការ​រិះគន់​ច្រើន​ពី​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ប័ណ្ណ​ផ្ញើ​កង់​ម៉ូតូ​ស​សេរ​ថា​យក​តម្លៃ​២០០​សម្រាប់​កង់ និង​៣០០​សម្រាប់​ម៉ូតូ តែ​បែរ​ជា​ម្ចាស់​ភាស៊ី​យក​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​១០០០​រៀល​ទៅវិញ ហើយ​នៅ​ពេល​មាន​ពិធី​បុណ្យទាន​ម្ដង​ម្ចាស់​ភាស៊ី​បាន​តម្កើង​ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​រហូតដល់​២០០០​រៀល​ថែម​ទៀត​ផង​។ ឆ្លើយតប​ទៅ​នឹង​បញ្ហា​ម្ចាស់​ភាស៊ី​ផ្សារ​តាកែវ​យក​ភាស៊ី​កង់​នឹង​ម៉ូតូ​លើស​ពី​សៀវភៅ​បន្ទុក​របស់​រដ្ឋ ដែល​លើកឡើង​ដោយ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​តាកែវ បាន​មានប្រសាសន៍ថា លោក​និង​ពិនិត្យមើល​បញ្ហា​នេះ ហើយ​បើ​រក​ឃើញ​ថា​មាន​ការ​យក​ភាស៊ី​លើស​ពី​សៀវភៅ​បន្ទុក​ពិតប្រាកដ​មែន ម្ចាស់​ភាស៊ី​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​ម្យ៉ាងទៀត​អាជ្ញាធរ​ខេត្ត​មិន​បណ្ដែតបណ្ដោយ​ឲ្យ​ម្ចាស់​ភាស៊ី​បន្ត​យក​ភាស៊ី​លើស​សៀវភៅ​បន្ទុក​តទៅទៀត​នោះ​ទេ​។​

​លោក​អភិបាល​ខេត្ត​តាកែវ​ក៏បាន​ធ្វើការ​ណែនាំ ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​បណ្ដាល​ផ្សារ​ឬ​ទី​សាធារណៈ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ ជៀសវាង​មានការ​រិះគន់​ពី​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ត្រូវ​នាំគ្នា​ដោះស្រាយ​និង​កែ​លម្អ​កំហុស​ឆ្គង​រាល់​ការ​លើក​ឡើង​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​៕

អត្ថបទ៖ វីរៈ​