BREAKING NEWS
Search

សមាជិក​អង្គការ​សា​អូ​រី លើកស្ទួយ​ការងារ​ជូន​ជន​ពិការ និង​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ មេត្តា​ជួយ​គាំទ្រ​នូវ​ផលិតផល​តម្បាញ​របស់​ជនពិការ​ផង​

កំពង់ឆ្នាំង ​៖ “ ជនពិការ ​ក៏​មានឱកាស​ និង ​សិទ្ធិដូច​មនុស្ស​ទូទៅ​ដែរ ក្នុងពេល​មាន​ពិធី​បុណ្យទាន​ផ្សេងៗ ពួកគាត់​មិនគួរ​ក្លាយជា​អ្នកសុំទាន​គេ ឬ​រស់នៅ​ដាច់​ឆ្ងាយ​ពី​សង្គម​នោះឡើយ ” កញ្ញា អ៊ុំ អមរា​រ័ត្ន ជា​ជនពិការ និង ​ជា​នាយិកា​ប្រតិបត្តិ​អង្គការ​សា​អូ​រី កម្ពុជា បាន​និយាយ​បែបនេះ ក្នុងឱកាស​បាន​ចូលរួម​ដាក់តាំង​លក់​ផលិ​ត​ផល​ស្នាដៃ​ជនពិការ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​កន្លងទៅនេះ នៅមុខ​សាលាខេត្ត​កំពង់ឆ្នាំង ។

កញ្ញា អ៊ុំ អមរា​រ័ត្ន នាយិកា​ប្រតិបត្តិ​អង្គការ សា​អូ​រី​កម្ពុជា បាន​បន្តថា​ កញ្ញា​ធ្លាប់បាន​ទៅ​សិក្សា​នៅ​ប្រ ទេស​ជប៉ុន ផ្នែក​តម្បាញ​សា​អូ​រី ហើយ​ពេល​ត្រឡប់មកវិញ ក៏បាន​ពាំនាំ​នូវ​នូវ​គម្រោង​សា​អូ​រី​នេះ មក​ជួយ​ដល់​ជនពិការ ក្នុង​សហគមន៍​ឲ្យ​មាន​មុខរបរ​ធ្វើ មាន​ប្រាក់ចំណូល​ទ្រទ្រង់​ជីវភាព​រស់នៅ មាន​កិត្តិយស មាន​សេចក្ដីថ្លៃថ្នូរ បាន​ចូលរួម​ពេញលេញ​ក្នុងសង្គម។

​កន្លងមក អង្គការ​សា​អូ​រី ក៏បាន​សហការ​ជាមួយ​អង្គការ ស្ថាប័ន និង​ក្រសួង​មួយចំនួន ដើម្បី​ជួយ​ដល់​ជនពិការ។ អង្គការ​សា​អូ​រី​ណ បាន​បង្កើតឡើង នៅ​ឆ្នាំ​២០០៩ ប៉ុន្តែ​ដោយ​សារ​មាន ឧបសគ្គ​ច្រើន ធ្វើ​ឲ្យ​អង្គការ​មួយ​នេះ មិន​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូតដល់​ឆ្នាំ​២០១៩ ទើប​អង្គការ​សា​អូ​រី លេច​រូបរាង​ឡើង។

ដោយមាន​ការគាំទ្រ​ពី​សហគមន៍ ជា​ដៃគូ​ក្នុងឱកាស​បុណ្យចូលឆ្នាំ ថ្ងៃនេះ អង្គការ​សា​អូ​រី ក​ម្ពុជា​បាន​បង្កើតជា​ភូមិ​តម្បាញ​សា​អូ​រី ដែល​បាន​ដាក់​តាំង​នូវ​ផលិតផល​តម្បាញ ដែលជា​ស្នាដៃ​ជន​ពិការ ហើយ យើង​បានដាក់​តាំងនូវ​កី​តម្បាញ និង​ត្បាញ​ដោយ​ជនពិការ ដែល​កំពុងស្នាក់នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ខេត្តកំពង់ឆ្នាំង​ មក​បង្ហាញ​ពី​សមត្ថភាព និង​ទេពកោសល្យ​របស់គាត់ ដើម្បី​ឲ្យ​​ទស្សនិកជន​បាន​ទស្សនា និង​គាំទ្រ​ផលិតផល​របស់​ជនពិកា​រ ។

កញ្ញា​បាន​បញ្ជាក់​ថា​ ក្នុង​ឱកាស​បុណ្យ​ដាក់តាំង​លក់​ផលិតផល​របស់​ជនពិការ​ក្នុង​ពិធីបុណ្យ​ភូមិ​នេះ​ដែរ មាន​អតិថិជន​បាន​គាំទ្រ​ស្នាដៃ​ត្បាញ​ដោយ​ជនពិការ​យ៉ាងច្រើន​ផងដែរ​។

​កុមារី សឿ ស្រី​ណៃ អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៣ និង ​ជា​ជនពិការ​ជើង​ស្តាំ ដែល​កំពុង​ត្បាញ​ក្រមា បាន​បញ្ជាក់​ពី​មូលហេតុ​ដែលនាំ​ឲ្យ​នាង​ពិការ​ថា​ នាង​ត្រូវ​ពស់​ចឹក ហើយ​ឪពុកម្ដាយ​យក​នាង​ទៅ​មើលគ្រូ​ខ្មែរ ក្រោយមក​ទើប​យកទៅ​មន្ទីរពេទ្យ តែ​ពេទ្យ​ថា ហួសពេល​ទៅហើយ គឺ​មាន​តែ​វិធី​កាត់​ជើង​ដែល​ត្រូវ​ពស់​ចឹក​នោះទេ ទើប​ជួយសង្គ្រោះ​ជីវិត​នាង​បាន ហើយ​នាង​បាន​ធ្លាក់ខ្លួន​ពិការ​រហូតមក។ នាង​បាន​ចូលរៀន​តម្បាញ​ជាមួយ អង្គការ​សា​អូ​រី នេះ​យូរ​ដែរ​ហើយ ​រហូត​ចេះ​ត្បាញ​បានល្អ។

នាង​សូម​សំណូមពរ​ដល់ បងប្អូន ពុក​ម៉ែ សូម​មេត្តា​ជួយ​គាំទ្រ​នូវ​ស្នាដៃ​ត្បាញ ដោយ​ជនពិការ​នេះ​ផង ​ដែល​សម្ភារៈប្រើប្រាស់​ស្នាដៃ​ដោយ​ជនពិការ រួមមាន ក្រមា កាបូបស្ពាយ កាបូប​កាន់​ដៃ និង​សម្ភារៈ​ត្បាញ​ពី​អំបោះ​ជាច្រើន​មុខ​ទៀត​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114