សម្ដេច​ក្រឡាហោម សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​សម្ដែង​នូវ​ការ​អបអរសាទរ ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ ការិយាល័យ​ឧត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន UNHCR និង​ជាពិសេស​រវាង​ក្រសួងមហាផ្ទៃ និង​UNHCR ក្នុង​ការងារ​ជួយ​គាំទ្រ​កិច្ច​គាំពារ​ជនភៀសខ្លួន និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន ដោយ​សម្ដេច​បាន​ចាត់​ទុក​ថា​ ប្រសិនបើ​គ្មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ទេ ក៏​យើង​មិនអាច​ស​ម្រេ​ច​នូវ​លទ្ធផល​ល្អ​ដូច​សព្វថ្ងៃ​នេះដែរ​។​

សម្តេច​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ខណៈ​សម្តេច​ក្រឡាហោម ស ខេង បាន​អនុញ្ញាត ឱ្យ​លោក Gluseppe de Vincentiisអ្នកតំណាង​ថ្មី​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​តំបន់ ចូលជួប​សម្ដែង​ការគួរសម នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។

សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ជម្រាបជូន​ដែរ​ថា​កម្ពុជា គឺជា​ប្រទេស​ហត្ថលេខី​នៃ​អនុញ្ញាញ​ជន​ភៀសខ្លួន​ឆ្នាំ​១៩៥១ ហេតុ​ដូច្នេះហើយ ​កម្ពុ​ជាមាន​ភារកិច្ច​ក្នុង​ការ​ទទួល​ពិនិត្យ​រាល់​ជន​ទាំងឡាយ​ណា​ ដែល​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សិទ្ធិ​សេរីភាព ក៏ដូចជា​ក្រោម​ហេតុផល​នយោបាយ ឬ​ជន​ដែល​រត់គេច​ពី​សង្គ្រាម​ដែល​ស្ថិត​ក្រោម​លក្ខ​ណ្ឌ​ផ្សេងៗ​ដូច​មានចែង​ក្នុង​អនុសញ្ញា​ឆ្នាំ​១៩៥១​។

សម្ដេច​បន្តថា ​ជាទូទៅ​កម្ពុជា​តែងតែ​អនុវត្ត​យ៉ាង​ល្អប្រសើរ​ដោយមាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​UNHCR​លើ​កិច្ច​ការជួយ​គាំពារ​ជនភៀសខ្លួន និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​។

មានប្រសាសន៍​ជម្រាបជូន​សម្ដេច​ក្រឡាហោម​នា​ឱ​កា​នោះ លោក Giusepe de Vincentis អ្នកតំណាង​ថ្មី​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន UNHCR ប្រចាំ​តំបន់ បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​ការទទួល​ភារកិច្ច​ជា​តំណាង​UNHCR​នៅក្នុង​អាណត្តិ​នេះ និង​បាន​សម្ដែង​ក្ដីរំភើប​រីករាយ​ដែល​បាន​វិល​មក​បំពេញការងារ​នៅ​ប្រទេស​កម្ពុជា​ជាថ្មីទៀត បន្ទាប់ពី​ធ្លាប់​បានមក​ធ្វើការ​ម្ដង​រួចមកហើយ​ដែរ​កាលពី​ឆ្នាំ​១៩៩១​។

លោក​បាន​ថ្លែង​កោតសរសើរ​យ៉ាងខ្លាំង ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​នៅក្នុង​តំបន់​អាស៊ាន មិន​មាន​ប្រទេស​ច្រើន​ទេ​ជា​រដ្ឋ​ហត្ថលេខី​នៃ​អនុសញ្ញា​ជនភៀសខ្លួន ប៉ុន្តែ​កម្ពុជា​គឺជា​ប្រទេស​មួយ​នៃ​រដ្ឋ​ហត្ថលេខី ដោយ​លោក​សម្ដែង​ការ​គោ​ព និង​ប្ដេជ្ញា​បន្ត​ជួយផ្ដល់​ការគាំទ្រ និង​ចែករំលែក​បទពិសោធន៍​ផ្សេងៗ​ជាមួយ​ក្រសួងមហាផ្ទៃ និង​អង្គភាព​ជំនាញ​របស់​ក្រសួង ដើម្បី​ឲ្យ​ការងារ​នេះ​កាន់តែ​ទទួល​បាន​ជោគជ័យ ពិសេស​ការ​កសាង​សមត្ថភាព​មន្ត្រី និង​ការងារ​ផ្សេងទៀត​ដែល​ក្រសួង​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការ​ស្នើសុំ​UNHCR​ជួយ​។

លោក​បាន​ថ្លែង​នូវ​ការ​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​កម្ពុជា​ក្នុង​ការងារ​រៀបចំ​ប្រព័ន្ធ​អត្រានុកូលដ្ឋាន ដែល​លោក​ចាត់ទុកថា​ជា​កិច្ចការ​មួយ​ដ៏​មាន​សារៈសំខាន់ និង​ជា​ការ​រួមចំណែក​ដល់​ចុះបញ្ជី​តាមដាន​ចំនួន​ជនភៀសខ្លួន និង​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រកកោន​។ ជាថ្មី​ម្ដងទៀត​លោក​បាន​បង្ហាញ​ការស្វាគមន៍ ​និង​រីករាយ​ក្នុង​ការ​ជួយ​ក្រសួងមហាផ្ទៃ​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ភារកិច្ច​គាំពារ​ជនភៀសខ្លួន និង​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​នេះ​តាម​ស្ដង់ដារ​អន្តរជាតិ។

ជា​ការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ​របស់​លោក និង​សូម​គាំទ្រ ព្រមទាំង​យល់ស្រប​នូវ​ការ​លើក​ឡើង​ដែល​ថា ​កម្ពុជា​ជា​ប្រទេស​មួយ​ក្នុងចំណោម​រដ្ឋ​តិចតួច​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​សិទ្ធិ​ជនភៀសខ្លួន​១៩៥១​។

​សម្ដេច​ក៏បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​ការគាំទ្រ​ការបណ្ដុះបណ្ដាល​សមត្ថភាព​មន្ត្រី​ឲ្យ​បំពេញ​ការងារ​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

ក្នុង​ជំនួប​នោះដែរ លោក​តំណាង​ថ្មី​នៃ​UNHCR បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ថា បញ្ហា​ជនភៀសខ្លួន​នៅក្នុង​បរិបទ​បច្ចុប្បន្ន​នេះ​កាន់​តែមាន​ភាពស្មុគស្មាញ ​ដោយ​តួលេខ​ចុងក្រោយ​មាន​ប្រមាណ៧០​លាន​នាក់ ​លើ​ពី​ភព​លោក ហើយ​មូលហេតុ​គឺ​ដោយសារ​កត្តា​សង្គ្រាម សេដ្ឋកិច្ច និង​បញ្ហា​ផ្សេងទៀត ដោយ​បញ្ហា​អស់ទាំង​នេះ​UNHCR​កំពុង​ខិតខំ​ដោះស្រាយ ​ហើយ​ថា​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា លោក​រីករាយ និង​ផ្ដល់​ការ​គាំទ្រ​ឲ្យ​បាន​សមស្រប​ទៅតាម​ស្តង់ដារ​អន្តរជាតិ​នៃ​បរិបទ​ពិភពលោក​បច្ចុប្បន្ន​៕
ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114