សម្ដេច​ក្រឡាហោម ស ខេង សម្រេច​បញ្ចប់​តំណែង​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា ​ក្រោយ​ផឹក​ស្រវឹងបុក​ទ្រព្យ​សម្បត្តិ​សាធារណៈ​

ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានបញ្ចប់​មុខតំណែង​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ​០៣៨៧៤ នាយការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ហើយ ក្រោយ​ផឹកស៊ី​ស្រវឹង​បើករថយន្ត​បុក​ទ្រព្យសម្បត្តិ​សាធារណៈ និង​ជេរប្រមាថ​ធ្ងន់ៗ​ទៅលើ​អភិបាល​ខេត្តកំពង់ធំ នេះ​បើតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​២១ ខែឧសភា​។​

សេចក្តី​សម្រេច​ចុះហត្ថលេខា​ដោយ​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ត្រូវ​បាន​បញ្ចប់​មុខតំណែង​វរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ ០៣៨៧៤ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។ វរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវ​បង្ហាញមុខ​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ រហូត​មានការ​សម្រេច​ជាថ្មី​។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៩ និង​១២​នាទី​យប់ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ ដោយ​បាន​ផឹកស្រា​ស្រវឹង​ជោកជាំ​រួច​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក លោកតា​អាចារ្យ​លាក់ បណ្តាល​ឲ្យ​ខូចខាត ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​មន្ត្រី​នគរ​បាល​ចរាចរណ៍​ជាន់ខ្ពស់​រូប​នេះ បាន​ស្រែក​ជេរ និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ទៅ​អភិបាល​ខេត្តកំពង់ធំ​លោក សុខ លូ ថា នៅ​ទី​តាំង​កើតហេតុ​មិន​មាន​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំងផ្លាត ទើប​បណ្តាល​ឲ្យ​គាត់​ជួប​គ្រោះថ្នាក់​បែបនេះ ប៉ុន្តែ​តាម​ការពិត​នៅ​ទីតាំង​កើតហេតុ​មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​មាន​ចំណាំងផ្លាត​យ៉ាងពិត​ប្រាកដ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង​ដោយ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ​នេះ គឺ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាននឹងកំពុង​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំង​ប្រទេស​តាំងពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២០ និង​ខ្លួនឯង​ទៀតសោត​ក៏​មាន​តួនា​ទី​ជា​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ទៀត​ផង។

បើតាម​របាយការណ៍រ​បស់​សមត្ថកិច្ច​ខេត្ត​បាន​បញ្ជាក់ថា មន្ត្រីនគរបាល​ដែលជា​បក្ខពួក ហើយ​បាន​រំដោះ​យក​លោក រុំ សុវិជ្ជា ចេញ​មិន​ឲ្យ​សមត្ថកិច្ច​ក្រុង​ស្រឹង​សែន​អនុវត្ត​ច្បាប់​រួមមាន ទី​១, លោក​វរសេនីយ៍ត្រី ហួ គឹម​ហ៊​ត នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ទី​២, លោក​អនុសេនីយ៍ឯក សេង សុខ​ចំរើន នាយរង​ផ្នែក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ទី​៣, លោក​អនុសេនីយ៍ទោ វ៉ាន់ កុសល មន្ត្រី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​។

ក្រោយ​កើតមាន​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានសម្រេច​ផ្អាក​ការងារ​លោក រុំ សុវិជ្ជា ជា​បណ្តោះអាសន្ន រង់ចាំ​ការសម្រេច​ជាថ្មី​។ សេចក្តី​សម្រេច​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​បញ្ជាក់​ថា ត្រូវបាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​វរសេនីយ៍ឯក រុំ សុវិជ្ជា អត្ថ​លេខ ០៣៨៧៤ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ហើយ​ប្រការ​២​បាន​បញ្ជាក់​ថា វរសេនីយ៍ឯក រុំ សុវិជ្ជា ត្រូវ​មក​បង្ហាញខ្លួន​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។ ប្រធាន​សេនាធិការដ្ឋាន ប្រធាន​នាយកដ្ឋាន​បុគ្គលិក ប្រធាន​នាយកដ្ឋាន អង្គភាព​ពាក់ព័ន្ធ ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​សាមីខ្លួន ដែលមាន​ឈ្មោះ​ក្នុង​ប្រការ​១ ត្រូវ​អនុវត្តតាម​សេចក្តីសម្រេច​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​ដ៏​ទៅ​។​

ក្រៅពី​បញ្ហា​ខាងលើនេះ លោក រុំ សុវិជ្ជា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ ក៏ត្រូវ​បាន​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ព្រមាន​លើក​ទី​១ ដោយសារតែ​ធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ភារកិច្ច​របស់ខ្លួន​ផងដែរ​។

តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​ខេត្តកំពង់ធំ ក៏បាន​បង្ហាញ​ពី​រឿងអាស្រូវ​មួយចំនួន​ដែល​បង្កឡើង​ដោយ​លោក រុំ សុវិជ្ជា នេះ ធ្វើ​ឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​មុខមាត់​របស់​ខេត្ត ស្ថាប័ន​នគរបាលជាតិ ជាពិសេស​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​យ៉ាងខ្លាំង​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ធ្លាប់មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងទៅ​។

ជាមួយគ្នានេះ លោក រុំ សុវិជ្ជា ក៏​ធ្លាប់បាន​ជេរប្រមាថ ដោយ​សម្តី​អសុរោះ ទៅលើ​អ្នក​គ្រូពេទ្យ​នៅ​ខេត្តកំពង់ធំ កាលពីពេល​កន្លងទៅ​ផងដែរ ពេលដែល​រូបគាត់​បាន​ចូលទៅ​អុកឡុក រករឿង នៅក្នុង​មន្ទីរពេទ្យ ដើម្បី​ចូល​មើល​មិត្តភក្តិ​ផឹកស៊ី​របស់ខ្លួន ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។

​ទាក់ទង​បញ្ហា​នេះ មាន​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន​ជាច្រើន​បាន​សំណូមពរ​ដល់​សម្ដេច​ក្រ​ឡា​ហោម និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់វិធានការ​ឲ្យបាន​ធ្ងន់ធ្ងរ​ចំពោះ​បុគ្គល​នេះ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ដទៃទៀត និង​ដើម្បី​ចូល​រួមការ​រឹតបន្ដឹង​ការ​អនុ​វត្ត​ន៍​ច្បាប់​ចរាចរណ៍​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114