BREAKING NEWS
Search

សម្ដេច​ក្រឡាហោម ៖ នៅ​កម្ពុជា ​គ្រឿងញៀន មាន​តំបន់​ឆ្លងកាត់​៣​ប្រភេទ ដែល​ត្រូវ​បង្កើន​ការបង្ការ​ទប់ស្កាត់ឲ្យបាន​

ភ្នំពេញ ​៖ ជា​លើក​ទី​១​ហើយ សម្រាប់​ប្រទេស​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស ដែលមាន​រយៈពេល​៦​ខែ ជាមួយគ្នានេះ បញ្ហា​គ្រឿងញៀន​ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក្រាប​យ៉ាង​យកចិត្តទុកដាក់​គ្រប់​មូលដ្ឋាន​តាម​បណ្ដា​ខេត្ត និង​រាជធានី​។ ទោះជា​យ៉ាងណា​គ្រឿងញៀន​នេះ ​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​នោះទេ តែ​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ឧក្រិដ្ឋជន​គ្រឿងញៀន​បាន​នាំ​គ្រឿងញៀន​ឆ្លងកាត់ ហើយ​ការឆ្លងកាត់​នេះដែរ ​សមត្ថកិច្ច​កម្ពុជា​ បាន​រកឃើញថា​មាន​រូបភាព​កើតឡើង​នៅ​តំបន់​៣​ប្រភេទ​ផងដែរ​។​

ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ឆ្នាំ​២០១៧ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីដើម​សប្តាហ៍​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា បញ្ហា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សម្រាប់​ប្រទេស​កម្ពុជា​ គឺមាន​ភាពល្អប្រសើរ​ជាង​បណ្ដា​ប្រទេស​ដទៃទៀត ហើយ​ការឆ្លងកាត់​គ្រឿងញៀន​សម្រាប់​កម្ពុជា​គឺមាន​តំបន់​៣​ប្រភេទ ទី​១​គឺ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ទី​២​តាម​ច្រក​អាកា​យានដ្ឋាន និង​ទី​៣​តាម​ច្រក​ប្រេ​ស​ណី​យ៍​។​

ទាក់ទិន​នឹង​បញ្ហា​គ្រឿងញៀន​នេះ សម្ដេច​ក្រឡាហោម ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន​យកចិត្តទុកដាក់​បង្កើន​ការបង្ក្រាប​ទប់ស្កាត់ ដោយ​ក្នុងនោះ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ពី​ការចូលរួម​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​ឲ្យ​ពលរដ្ឋ​ចេះ​ការពារ​ខ្លួន​គាត់​ផ្ទាល់ និង​ចេះ​ផ្ដល់ព័ត៌មាន​ដល់​សមត្ថកិច្ច​។ ជាមួយគ្នានេះ​សម្ដេច​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ពង្រឹង​បន្ថែមទៀត​ចំពោះ​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​តាមរយៈ​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684