BREAKING NEWS
Search

សម្ដេច​តេ​ជោ​នឹង​អញ្ជើញ​ចូលរួម​ខួប​៤០​ឆ្នាំ ទិវា​នៃ​ការ​ចង់ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ សាសន៍​ប៉ុលពត ២០ មិថុនា ២០១៧

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនា​ប​តី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​ នៃ​ការ​ចង់​ចាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ឆ្នាំ​១៩៧៧) ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខ​មិថុនា ឆ្នាំ​២០១៧​ខាងមុខ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​ក្រសួងការពារជាតិ​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៤​ខែមិថុនា ឆ្នាំ ២០១៧។

សូម​ជម្រាបថា ​ទិវា​នៃ​ការ​ចង់ចាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត គឺជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​សម្រាប់​ប្រទេស​កម្ពុជា​ជា​ថ្ងៃ​បង្ហាញ​អំពី​ការ​ធ្វើ​ពលី​កម្ម​ដ៏​អង់អាច​ក្លាហាន​និង ប្រកប ដោយ​ការ​វ័យ​ឆ្លាត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ការ​យក​ជីវិត​ទៅ​ប្តូរ​ដើម្បី​បញ្ចប់​របប​ដ៏​ឃោរឃៅ​មួយ​ដោយ​បាន​រំដោះ​ប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ហើយ​នាំមក​នូវ​សន្តិភាព​ជូន​មាតុភូមិ​រហូតមក​សព្វ​ថ្ងៃនេះ​។

ក្នុង​អត្ថបទ​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​តេ​ជោ​ ដែល​សរសេរ​បង្ហោះ​ក្នុង Facebook សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ពី​ទុក្ខវេទនា​របស់​សម្តេច​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកបដោយ​ក្តី​ឈឺចាប់ ដោយ​ត្រូវ​បាត់បង់​កូន​និង​បែក​គ្នា​ពី​ប្រពន្ធ​កូន​ដើម្បី​បំពេញ​កាតព្វកិច្ច​ដ៏​ធំ​ចំពោះ​មុខ​យក​ជីវិត​ធ្វើជា​ដើមទុន​តស៊ូ​វាយប្រហារ​របប ប៉ុល ពត រំដោះ​ជាតិ​ចេញពី​របប​កាប់សម្លាប់។

​ខាងក្រោម​នេះ​ជា​អត្ថបទ​ទាំងស្រុង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សរសេរ​បង្ហោះ​ក្នុង Facebook របស់​សម្តេច​ ៖ «​ទុក្ខ​ស្រី​ប្តី​ព្រាត់​នេះ​ជា​ចម្រៀង​មួយ​បទ​ដែល​ខ្ញុំ​និពន្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ការ​ព្រាត់​គ្នា​រវាង​ខ្ញុំ និង​ភរិយា​ខ្ញុំ​ក្នុង​របប ប៉ុលពត​។ ខ្ញុំ និង​ភរិយា​ខ្ញុំ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ នៃ​ការ​និរាស​ព្រាត់ប្រាស​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ក្នុង​របប ប៉ុល ពត ហើយ​គ្រួសារ​មួយចំនួន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​គ្រួសារ​ខ្ញុំ​ទៅទៀត។

ខ្ញុំ​បាន​សរសេរ​ផ្សព្វផ្សាយ​រួច​មក​ហើយ​ នូវ​ប្រវត្តិ​ខ្លះ​ៗ​នៃ​ដំណើរ​ជីវិត​របស់ខ្ញុំ​និង​ភរិយា​ខ្ញុំ​។ ពេលនេះ​ខ្ញុំ​នឹង​រៀបរាប់​អំពី​ការ​បែក​គ្នា​ ដែល​ជា​រឿង​ឈឺចាប់​មួយទៀត​បន្ទាប់ពី​កូនប្រុស​កម្សត់​ស្លាប់​យ៉ាង​វេទ​នានា​ថ្ងៃ​១០ វិច្ឆិកា ១៩៧៦​។

នៅ​ថ្ងៃ ២០ មិថុនា ២០១៦ ជា​ខួប​លើក​ទី​៣៩ នៃ​ថ្ងៃ​ដែល​ខ្ញុំ​សំរេចចិត្ត​ធ្វើការ​តស៊ូ​ជា​ចំហ​ប្រឆាំង​របប ប៉ុលពត បន្ទាប់ពី​ការ​តស៊ូ​សម្ងាត់​មួយ​រយៈ​កន្លងមក (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៦)​។ តាំងពី​ពេល​រៀបការ​មក​ខ្ញុំ​និង​ភរិយា​តែង​រស់បែក​គ្នា​ដែល​ពួក​អង្គការ​ប៉ុល ពត បង្ខំ​ឲ្យ​គ្រប់​គ្រួសារ​ខ្មែរ​រស់នៅ​បែបនេះ​។

ក្រោយ​កូន​ទី​មួយ​ស្លាប់​ខ្ញុំ​មានឱកាស​បាន​មើល​ថែទាំ​ភរិយា​ខ្ញុំ​ដោយ​ផ្ទាល់ អាស្រ័យ​ដោយ​ភរិយា​ខ្ញុំ​មាន​ជំងឺ​ដែល​គេ​អនុគ្រោះ​ឲ្យ​ភរិយា​ខ្ញុំ បាន​មក​រស់​នៅ​ក្នុង​ទីបញ្ជាការ​អង្គភាព​កងទ័ព​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់។

ទោះបី​ស៊ី​អត់ ស៊ី​ឃ្លាន តែ​ជា​ពេលវេលា​មួយ​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​បំពេញភារកិច្ច​ជា​ប្តី​ថែរក្សា​ប្រពន្ធ​ពេល​មាន​ជំងឺ​។ យើង​មាន​ពេល​បាន​សើច​លាយឡំ​ជាមួយ​ទឹកភ្នែក​។ ខ្ញុំ​ខិតខំ​រក​វិធី​ដើម្បី​កុំ​ឲ្យ​ភរិយា​ខ្ញុំ ស្រក់​ទឹកភ្នែក​ដោយ​ព្យាយាម​កុំ​ឲ្យ​នឹក​ដល់​កូន​ដែល​ស្លាប់​ទៅ​។ ប្រមាណ​៣​ខែក្រោយ​ភរិយា​ខ្ញុំ​មាន​ផ្ទៃពោះ​កូន​ទី​២ គឺ ហ៊ុន ម៉ា​ណែ​ត​នេះឯង​។ ប្តី​ប្រពន្ធ​មាន​កូន​តែង​ត្រេកអរ​ តែ​សម្រាប់​ខ្ញុំ​បែរ​ជា​ព្រួយ​ទៅវិញ​។ ហេតុអ្វី​ត្រូវ​ព្រួយ​? ខ្ញុំ​ជា​មេដឹកនាំ​តស៊ូ​សម្ងាត់​ដែល​ត្រៀម​ជានិច្ច​ដើម្បី​ប្រយុទ្ធ​ដោយ​យោធា​វាយ​របប ប៉ុល ពត​។ ការ​ប្រយុទ្ធ​នឹង​មកដល់​គ្រាន់តែ​ជា​បញ្ហា​ពេលវេលា​ប៉ុណ្ណោះ​។ ប្រសិន​ការ​ប្រយុទ្ធ​កើតឡើង​តើ​ភរិយា​ខ្ញុំ​ដែល​មាន​ផ្ទៃពោះ​ត្រូវ​ដោះស្រាយ​បែប​ណា​? មាន​ពេលខ្លះ​ខ្ញុំ​គិត​ថា ​ខ្ញុំ​មិន​គួរ​រៀបការ​មាន​ប្រពន្ធ​ក្នុង​កាលៈទេសៈ​បែបនេះ​ទេ​។

ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ ដែល​អាច​កើតឡើង​ខ្ញុំ​សម្រេចចិត្ត​បញ្ជូន​ភរិយា​ខ្ញុំ​ដែល​ទើប​មាន​ផ្ទៃពោះ​ប្រហែល​១​ខែ ​ទៅកាន់​មន្ទីរពេទ្យ​យោធា​នៅ​ភូមិ សំរោង ឃុំ​ដារ ស្រុក​មេមត់ ឃ្លាត​ពី​កន្លែង​ខ្ញុំ​ប្រហែល​ជិត​៣០​គីឡូម៉ែត្រ​ ហើយក៏​ជា​កន្លែង​ដែល​ភរិយា​ខ្ញុំ​បំពេញ​មុខងារ​ជា​គ្រូពេទ្យ​នៅ​ទីនោះ​ដែរ​។ បែក​គ្នា​មុន​ៗ​គឺ​អង្គការ​ជា​អ្នក​បំបែក​តែ​បែក​គ្នា​លើក​នេះ​ គឺ​ខ្ញុំ​ខ្លួនឯង​ជា​អ្នករៀបចំ​ដើម្បី​ត្រៀមខ្លួន​វាយ​របប ប៉ុល ពត​។

ប៉ុន្មាន​ខែ​មុន​បែក​គ្នា​ទោះ​សភាពការណ៍​តានតឹង​ដោយសារ​ពួក​ប៉ុល ពត បង្កើន​ការ​កាប់សម្លាប់​មក​លើ​ប្រជាជន​កម្ពុជា​ក៏ដោយ ក៏​ខ្ញុំ​តែង​មាន​ឱកាស​ទៅ​រក​ភរិយា​ខ្ញុំ ដែល​គាត់​តែង​រស់​នៅ​ក្នុង​សភាព​ភ័យខ្លាច​។ ថ្ងៃ​១៨ ខែមិថុនា ឆ្នាំ​១៩៧៧ ខ្ញុំ​មានឱកាស​បាន​ជួប​ភរិយា​ខ្ញុំ​ជា​លើកចុងក្រោយ​។ ទោះជា​ខ្ញុំ​សម្រេច​ចិត្ត​រួចហើយ​ថា​ស្អែក​ឬ​ខានស្អែក​ខ្ញុំ​នឹង​វាយ​ពួក​ប៉ុលពត​ហើយ​ក្តី​តែ​ខ្ញុំ​មិន​និយាយ​រឿងនេះ​ប្រាប់​ភរិយា​ខ្ញុំ​នោះ​ឡើយ នេះ​មិន​មានន័យថា ខ្ញុំ​មិន​ទុកចិត្ត​ភរិយា​ខ្ញុំ​នោះ​ទេ។

ខ្ញុំ​ចង់​ពន្យារ​ការឈឺចាប់ ដែល​ប្រពន្ធ​ខ្ញុំ​នឹង​ត្រូវ​ទទួល​នៅ​ពេល​បន្ទាប់ មិន​ចង់ឲ្យ​ភរិយា​ខ្ញុំ​ទទួលរង​នូវ​ការវាយប្រហារ ខាង​ផ្លូវចិត្ត​ភ្លាមៗ​សម្រាប់​រឿង​មួយ​ដែល​មិនទាន់ បាន​កើតឡើង​នោះ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ឃើញ​ទឹកភ្នែក​ប្រពន្ធ​ខ្ញុំ​ទៀត​ដែរ ព្រោះ​ទឹកភ្នែក​នាង​បាន​ហូរ​ចេញពី​ខ្លួន​ស្ទើរតែ​អស់​ទៅ​ហើយ សម្រាប់​ខ្ញុំ​ក៏​មិន​សម្រក់​ទឹកភ្នែក​ឲ្យ​នាង​ឃើញ​ដែរ​។ ជាការ​ចៃដន្យ​ខ្លាំង​ណាស់​ដែល​នា​រាត្រី​នោះ​កូន​របស់ខ្ញុំ​ដែល​សម្ងំ​ក្នុង​ផ្ទៃ​ម្តាយ​ជាង​៥​ខែ​មកហើយ​ បាន​បម្រះ​ជា​លើកដំបូង​។ ខ្ញុំ​គិតក្នុងចិត្ត​ថា​ប្រហែល​កូន​នេះ​វា​ចង់​ប្រាប់​ខ្ញុំ​ថា ត្រូវតែ​តស៊ូ​កុំ​គិតពី​វា តែ​ក៏​គិត​មួយ​បែប​ទៀតថា កូន​នេះ​សុំ​ខ្ញុំ​កុំទៅ​ចោល​ម្តាយ​គេ និង​ខ្លួនគេ​។

ថ្ងៃ​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ជា​ថ្ងៃ​គ្រោះថ្នាក់​ធំ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ​ប្រសិន​សម្រេចចិត្ត​ឬ​ធ្វើ​សកម្មភាព​ខុស​តែ​បន្តិច​ គឺ​នឹង​មាន​គ្រោះថ្នាក់​ភ្លាម​។ ខ្ញុំ​សម្រេច​មិន​បញ្ជា​កម្លាំង​ទ័ព​វាយ​កាន់កាប់​ស្រុក​មេមត់ ស្រុក​ស្នួល និង​ផ្នែក​ខ្លះ​នៃ​ស្រុក​ជិតខាង​នៃ​ស្រុក​ទាំង​២​នេះ​ទេ​យើង​ដក​កម្លាំង​ដោយ​ស្ងាត់ស្ងៀម​វិញ​។ នា​ពេល​រសៀល​ថ្ងៃ ២០ មិថុនា មុនពេល​ចាកចេញ​ខ្ញុំ​បាន​បញ្ជា​ឲ្យ​បើក​ជង្រុក​ស្រូវ​ដែល​ស្តុក​ស្រូវ​ប្រមាណ​១០០០​ថាំង យក​ស្រូវ​កិន​ដាំបាយ​ស៊ី​។ នៅ​ពេលនោះ​ខ្ញុំ​ក៏​ឆ្លៀត​រៀបចំ​ប្រដាប់ប្រដា​យកតាម​ខ្លួន​នឹង​សម្រាប់​ផ្ញើឲ្យ​ភរិយា​ខ្ញុំ​។ របស់​ដែល​ខ្ញុំ​ផ្ញើឲ្យ​ភរិយា​ខ្ញុំ​មាន​ថ្នាំ​សម្រាប់​ស្ត្រី​ឆ្លងទន្លេ​មួយ​ដប​និង​អង្រឹង​មួយ​សម្រាប់​កូន​ខ្ញុំ​ក្រោយពេល​គេ​កើតឡើង​។ អ្វីដែល​សំខាន់​គឺ​លិខិត​មួយច្បាប់​ដែល​ខ្ញុំ​សរសេរ​ផ្ញើឲ្យ​ភរិយា​ខ្ញុំ​ជាមួយ​ទឹកភ្នែក​រាប់ម៉ឺន​ដំណក់​ហូរ​ធ្លាក់​មករ​ហូត​ងងឹត​ទាំង​ភ្នែក រក​សរសេរ​បន្ត​មិនកើត​ថែមទៀត​។ នឹក​ដល់​រឿង​កំសត់​ទាំងនេះ ខ្ញុំ​នៅតែ​ស្រក់​ទឹកភ្នែក​នៅឡើយ​បើទោះជា​រឿងនេះ​បាន​កន្លង​ហួស​៣៩ ឆ្នាំ​ហើយ​ក្តី​ហើយ​ពេលនោះ​ខ្ញុំ​ទើប​អាយុ​២៥​ឆ្នាំ​និង​ពេលនេះ​ខ្ញុំ​មាន​អាយុ​៦៤​ឆ្នាំ​ហើយ​ក្តី​តែ​រឿងនេះ​វា​នៅ​ដិតដាម​ជាប់​ក្នុង​អារម្មណ៍​ខ្ញុំ​ជានិច្ច​។

វគ្គ​ដំបូង​នៃ​លិខិត​ដែល​ខ្ញុំ​ចងចាំ​មិន​ភ្លេច​គឺ​(​មកដល់​រ៉ានី​ប្រពន្ធ​ដ៏​កម្សត់រ​បស់បង ពេល​អូន​កំពុង​អាន​នូវ​លិខិត​នេះ រូប​បង​នៅ​សែនឆ្ងាយ ឆ្ងាយ​រហូតដល់​រូប​បង​មិនដឹងថា ខ្លួន​ស្ថិត​នៅទីណា​ផង​។ បងប្អូន​ពិតជា​ឆ្ងល់​ហើយ​ថា ហេតុដូចម្តេច​បានជា​មិនដឹង​គោលដៅ​ខ្លួន​ត្រូវ​ទៅ​? គោលដៅ​តស៊ូ​វាយ​របប ប៉ុល ពត គឺជា​គោលដៅ​នយោបាយ​ជាក់លាក់​តែ​អរូបី​យ៍ តែ​អ្វីដែល​នឹង​កើតឡើង​មិនអាច​ដឹងបាន​ឡើយ ជួនកាល​ត្រូវគេ​បាញ់សម្លាប់ ក្រោយ​សរសេរ​លិខិត​រួច ជួនកាល​ចង់ទៅ​ជើង តែ​សភាពការណ៍​បង្ខំ​ឲ្យទៅ​ខាងត្បូង​ជាដើម​។

នេះ​ជាការ​ចាប់ផ្តើម​ប្រកបដោយ​គ្រោះថ្នាក់​ ដែល​ត្រូវ​យក​ជីវិត​ធ្វើ​ដើមទុន​ខុសគ្នា​ជាមួយ​ការ​តស៊ូ​ឆ្នាំ​១៩៧០ ដែល​ខ្ញុំ​ចូល​ព្រៃម៉ាគី​ស​តាម​ការ​អំពាវនាវ​រប​ស់​អតីត សម្តេចព្រះ ន​រោ​ត​ម្ត សីហនុ ដែល​កាលនោះ​មិន​មាន​អ្វី​ត្រូវ​គិត​ច្រើន​ទេ ព្រោះ​មាន​អង្គការ​ចាត់តាំង​ខាង​នយោបាយ និង​យោធា​រួចហើយ​។ ខ្ញុំ​ជា​ទាហាន​គេ​ប្រើ​ឲ្យ​យាម​គឺ​យាម គេ​ប្រើ​ឲ្យដាំ​បាយ គឺ​ដាំបាយ​។​ល។

លើក​នេះ​ខ្ញុំ​ត្រូវធ្វើ​មេដឹកនាំ​ចលនា​តស៊ូ ដែល​ផ្តើមចេញពី​ចលនា​សម្ងាត់​តូច​មួយ មិនទាន់មាន​អង្គការ​ចាត់តាំង មិនទាន់មាន​កម្លាំង និង​តំបន់​គ្រប់គ្រង និង​កំពុង​ប្រឈម​ជាមួយ​ការ​បោសសំអាត កាប់សម្លាប់​ពី​សំណាក់​ពួក​ប៉ុលពត​។ ខ្លួន​ខ្ញុំ​ដែលជា​អ្នកសរសេរ​លិខិត​នេះ មិនអាច​រក​ពាក្យ​មក​ជំនួស​ពាក្យ​មិន​ថា ខ្លួន​ស្ថិត​នៅទីណា​ផង​។ ឃ្លា​ចុងក្រោយ​ដែល​ខ្ញុំ​សរសេរ​គឺ (​បង​សូម​លា​ហើយ លា​ដោយ​ការឈឺចាប់​ជាមួយ ទឹកភ្នែក​រាប់ម៉ឺន​ដំណក់ លា​ដើម្បី​ជួប​វិញ​ដោយ​គ្មាន​ពេល​កំណត់​)​។ ឃ្លា​ចុង​ក្រោយនេះ​បង្កប់ ដោយ​ន័យ​មានសង្ឃឹម​ផង និង​អស់សង្ឃឹម​ផង​។

បងប្អូន​អ្នកអាន​នេះ​ជា​ភាគ​តូច​មួយ​នៃ​ថ្ងៃ​ព្រាត់​គ្នា​២០​មិថុនា​១៩៧៧ ដែល​ផ្សាភ្ជាប់​ជាមួយ​ចលនា​តស៊ូ​រំដោះជាតិ នឹង ឆ្នាំ​១៩៩៥ ខ្ញុំ​និង​ភរិយា​រួមគ្នា​និពន្ធ​បទ​ទុក្ខ​ស្រី​ប្តី​ព្រាត់​ដោយមាន​ជំនួយ​ពី​ឯកឧត្តម​ហ៊ុន ហេង​។

ខ្ញុំ​នឹង​បន្ត​សរសេរ​តទៅទៀត​នូវ​រឿងរ៉ាវ​ទាក់ទង​នឹង​ដំណើរ​ជីវិត​នៃ​ការតស៊ូ​ដើម្បី​រស់​។ អត្ថបទ​នេះ​ខ្ញុំ​សរសេរ​ពេលធ្វើ​ដំណើរ​ពី​ទីក្រុង Sochi សហព័ន្ធ​រុ​ស្ស៊ី​មកកាន់​ក្រុងភ្នំពេញ​នៅពេលដែល​ខ្ញុំ​សម្រាក​លើ​យន្តហោះ​មិនបាន »​។

បើ​យោង​តាម​កម្មវិធី​គ្រោងទុក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងធ្វើ​ដំណើរ​ទៅកាន់​គោលដៅ​សំខាន់​ចំនួន ៧ ចំណុច ដែល​ចាប់ពី​ចំណុច​ចាប់ផ្តើម​ចេញដំណើរ​រហូត​ទៅដល់ ស្រុក​ឡុ​ក​និ​ញ ខេត្ត​សុង​ប៊ែ​រ ប្រទេស​វៀតណាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114