BREAKING NEWS
Search

សម្ដេច​ប្រធានរដ្ឋសភា​ អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ចប់​អាណត្តិ​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា​

ភ្នំពេញ​ ៖​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​នេះ បាន​អនុញ្ញាត​ឲ្យ​លោក ណា​វីន ស្រី​វ៉ា​ស្តា​វ៉ា (H.E.Mr.Naveen Srivastava) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ចប់​អាណត្តិ​ចូល​ជួប​សម្តែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​រដ្ឋសភា​។​

លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្តេច​ប្រធានរដ្ឋសភា​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា សម្តេច​ប្រធាន​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត ដែល​បាន​បំពេញភារកិច្ច​យ៉ាងសកម្ម ដើម្បី​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​ជាមួយ​បណ្តា​ក្រសួងស្ថាប័ន រាជធានី ខេត្ត ក្រុង​នានា​នៅ​កម្ពុជា ដែល​ធ្វើឲ្យ​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា ឥណ្ឌា​កាន់តែ​ល្អប្រសើរ​មួយកម្រិត​ថែមទៀត​។ សម្តេច​បញ្ជាក់ថា អាណត្តិ​ការទូត​របស់លោក​ Naveen Srivastava ក៏ដូចជា​អាណត្តិ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​មុនៗ​ដែរ បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ទំនាក់ទំនង​មិត្តភាព ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា ឥណ្ឌា ដែលមាន​រយៈពេល​យូរ​មកហើយ ឲ្យមាន​ការអភិវឌ្ឍ​ខ្លាំងក្លា​នាំមក​នូវ​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​។ សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើងថា សាធារណរដ្ឋ​ឥណ្ឌា​បាន​ដើរតួនាទី​សំខាន់​សម្រាប់​កម្ពុជា ទាំង​វិស័យ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល ដែល​ទាំង​អស់​នេះ​បានរួម​ចំណែក​ដ៏​សំខាន់​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​នៅ​គ្រប់​ដំណាក់កាល ចាប់ពី​ដំណាក់​កាលដែល​កម្ពុជា​ត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យពូជសាសន៍ ដំណាក់កាល​ស្វែងរក​សន្តិភាព និង​ដំណាក់កាល​អភិវឌ្ឍន៍​នា​ពេល​បច្ចុប្បន្ន។

ជាមួយ​នេះ​ដែរ​លោក Naveen Srivastava បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ ដែល​បាន​ផ្តល់​ពេលវេលា​ឲ្យ​ឯកឧត្តម​បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ខណៈដែល​លោក ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​។ លោក​បាន​ជម្រាប​ជូន​សម្តេច​ថា ក្នុង​អាណត្តិ​ការទូត​នៅ​កម្ពុជា​រយៈ​ពេល​ពីរ​ឆ្នាំនេះ បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កម្ពុជា​ឥណ្ឌា​កាន់តែ​ប្រសើរឡើង ទាំង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ក៏ដូចជា​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​ទាំងពីរ​។ កិច្ចសហប្រតិបត្តិការ​ល្អ​នេះ​ក្នុងពេល​ថ្មីៗ​មកនេះ​បាន​ជំ​រុញឲ្យ​ព្រឹទ្ធសភា​កម្ពុជា និង​ព្រឹទ្ធសភា​ឥណ្ឌា មាន​កិច្ចសហប្រតិបត្តិការ​ល្អ ព្រមទាំង​បាន​ឈានដល់​ការចុះ​អនុស្សារណៈ​(MOU)​ជាមួយគ្នា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ ទន្ទឹមនេះ​ក៏បាន​ជំរុញឲ្យមាន​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ ដំណើរ​ទស្សនកិច្ច​ក្រុម​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​។ លោក​អះអាងថា​សាធារណរដ្ឋ​ឥណ្ឌា​នៅតែ​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា​។ លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​លោក​ចង់ឃើញ​មន្ត្រី​ពី​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ​។ លោក​ឯកអគ្គរដ្ឋទូត​បាន​លើកឡើងថា ឥណ្ឌា និង​កម្ពុជា​ប្រៀបបាន​ដូចជា​បងប្អូន​បង្កើត ហើយ​មានការ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​កិច្ច​សហប្រតិបត្តិការ​កា​ន់​តែ​ទូលំទូលាយ​រវាង​គ្នា និង​គ្នា​។ ទន្ទឹមនេះដែរ​ឥណ្ឌា បាន​ចូលរួម​លើកកម្ពស់​វិស័យ​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ ដូចជា​កន្លងមក​ឥណ្ឌា​បាន​ជួយ​កម្ពុជា​នៅលើ​ការអភិរក្ស​វិស័យ​បេតិកភណ្ឌ ជួយ​ជួសជុល​ប្រាសាទ​នានា និង​បាន​ជំរុញ​ជួយផ្តល់​ឥណទាន​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម​នៅ​កម្ពុជា​ផងដែរ​។​



​លោក​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​រូបនេះ បាន​សម្តែង​ការសោកស្តាយ​ដោយ​ថា អាណត្តិ​ការទូត​របស់លោក​នៅ​កម្ពុ​ជាមាន​រយៈពេល​ខ្លី​ពេក​តែ​ពីរ​ឆ្នាំ ហើយ​លោក​មានបំណង​ចង់​ជួយ​កម្ពុជា​ទៅលើ​វិស័យ​ជាច្រើន​ទៀត តែ​ទោះជា​យ៉ាងណា​លោក​បាន​សន្យាថា បន្ទាប់ពី​ចប់​អាណត្តិ​នេះ​ទៅ អ្វីដែល​លោក​ចង់​ជួយ​កម្ពុជា​បាន លោក​នឹង​ជួយ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684