ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេចក្រឡាហោម ​៖​ឆ្នាំ​២០២០​ រដ្ឋបាល​ឃុំ​-​សង្កាត់​នីមួយ​ៗ​នឹង​ទទួល​បាន​ថវិកា​ជា​មធ្យម​ជាង​១២ម៉ឺនដុល្លារ​បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៩​កើន​ទ្វេដង​

ភ្នំពេញ ៖សម្តេច​ក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍ថា ​រដ្ឋបាល​ឃុំសង្កាត់​នីមួយៗ​នឹង​ទទួល​បាន​ថវិកា​ជា​មធ្យម​ជាង​១២ម៉ឺនដុល្លារ​បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៩​កើន​ទ្វេដង។ សម្តេច​ក្រឡាហោម​ថ្លែង​បែប​នេះ ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​នេះ ​ខណៈ ​សម្តេច​ក្រឡាហោម ​បាន​បើក​កិច្ច​ប្រជុំ​លើក​ទី​១៧ ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​ បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ ក្រោម​ជាតិ​ (...) នាទី​ស្តី​ការ​ក្រសួង​មហាផ្ទៃ​។​

សម្តេច​ក្រឡាហោម ស ខេង ​មាន​ប្រសាសន៍​ថា ​នៅ​ឆ្នាំ​២០២០ ​ខាង​មុខ ​រដ្ឋបាល​ឃុំ​-​សង្កាត់​នីមួយ​ៗ​នឹង​ទទួល​បាន​ថវិកា​ជា​មធ្យម​ជាង​១២ម៉ឺនដុល្លារ​ ក្នុង​នោះ ​ថវិកា​អភិវឌ្ឍ​តាម​មូលដ្ឋាន​ជា​មធ្យម​ ៧ម៉ឺនដុល្លារ​ ​។ សម្ដេច​ក្រឡាហោម ​ស ខេង ​បាន​ឲ្យ​ដឹង​ទៀត​ថា ​មូល​និធិ​សម្រាប់​អភិវឌ្ឍ ឃុំសង្កាត់ នា​ពេល​ថ្មីៗនេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញអនុក្រឹត្យ ចុះថ្ងៃទី២១ ខែ​សីហា ឆ្នាំ២០១៩ ស្ដីពី ការ​ផ្ទេរ​ធនធាន​បន្ថែម ពី​​ថវិកា​រដ្ឋ​ជូន​ទៅ ​រដ្ឋបាល ឃុំសង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍ​មូលដ្ឋាន​ ចាប់​ពីឆ្នាំ២០២០ តទៅ។

សម្ដេច​មាន​ប្រសាសន៍ថា ​“ក្នុង​នោះ​រដ្ឋបាល ​ឃុំសង្កាត់ ​នីមួយ​ៗ​នឹង​ទទួល​បាន​ថវិកា​សរុប​ជា​មធ្យម ចំនួន​ប្រមាណ ​១២២ពាន់​ដុល្លារ។​ ក្នុង​នោះ​ថវិកា ​ផ្នែក​អភិវឌ្ឍ​មូលដ្ឋាន​ មាន​ចំនួន​ជា​មធ្យម​ប្រមាណ​ជា ​៧ម៉ឺនដុល្លារ ​ក្នុង​ឆ្នាំ​២០២០​ គឺ​កើន​ឡើង​ទ្វេដង​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ ឆ្នាំ​២០១៩​”​។​

សម្ដេច​អះអាងថា​ ថវិកា​អភិវឌ្ឍតាម ឃុំសង្កាត់ នឹង​កើន​ឡើង​រៀង​រាល់​ឆ្នាំ ​រហូតដល់ឆ្នាំ២០២៣។ដូច្នេះ រដ្ឋាបាល ​ឃុំសង្កាត់ នីមួយ​ៗ​នឹង​ទទួល​បាន​ថវិកា​ជា​មធ្យម​ ១៩៣ពាន់​ដុល្លារ​ ក្នុង​នោះ​ ថវិកា​ផ្នែក​អភិវឌ្ឍមូលដ្ឋាន ​ជា​មធ្យម ​១៣២ពាន់​ដុល្លារ​។​

បន្ថែម​ពី​នេះ សម្ដេច ស ខេង បញ្ជាក់​ថា ​ចំនួន​ថវិកា​អភិវឌ្ឍ ឃុំសង្កាត់ បាន​កើន​ឡើង​ឥត​ឈប់​ឈរ​នឹង​ធ្វើ​ឲ្យ ​ឃុំសង្កាត់ ​ខ្លះ​នឹង​ទទួល​បាន​ថវិកា​ច្រើន​ជាង​គេ ​ដែល​មាន​រហូត​ទៅ​​ដល់ ​៤៥០ពាន់ដុល្លារ ក្នុង​ឆ្នាំ២០២៣។ សម្ដេច​រំលឹក​ថា ​នា​ពេល​ថ្មី​ៗ ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ក៏​បាន​ជូន​ដំណឹង​អំពី​ថវិកា ​ទៅ​ដល់​ឃុំសង្កាត់ រួច​ហើយ​ដែរ​។​

ជាង​នេះ​ទៅ​ទៀត ​រដ្ឋមន្ត្រី​មហាផ្ទៃ ​លើក​ឡើង​ថា ​ពាក់ព័ន្ធ​ការ​បង្កើន​ថវិកា ​ឃុំសង្កាត់ ​ឆ្នាំ​២០២៣ ត្រូវ​មាន​ការ​ពង្រឹង និង​គាំទ្រ​ផ្នែក បច្ចេកទេស ទៅ​ដល់​រដ្ឋបាល ឃុំសង្កាត់ ដើម្បី​ធានា​បាន​ថា ​រដ្ឋបាល ឃុំសង្កាត់ នីមួយៗ ប្រើ​ប្រាស់​ថវិកា​ទាំង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៕ ​

 

អត្ថបទ៖ ឌីរៀ