សម្តេចតេជោ នឹងចេញ​ទៅក្រុង​ប៉េកាំង​ ប្រទេសចិន​​រសៀល​នេះ

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​នឹង​ចេញពីប្រទេស​កូរ៉េខាង​ត្បូង​ ឆ្ពោះ​ទៅ​​ទីក្រុង​ប៉េកាំង​ប្រទេសចិន​​នៅរសៀល​ថ្ងៃទី ៥ ខែកុម្ភះ​នេះ។ នេះបើតាម​ទំព័រហ្វេសបុក​ផ្លូវការរបស់​សម្តេច​បានសរសេរ​មុននេះ។

សម្តេចបា​នសរសេរ​ថា​ តាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះ សម្តេច​គ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់សម្តេចទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនអោយមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាត្តិអោយចេញក្រៅពីទីកន្លែងរស់នៅបានដែរ។

ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់របស់សម្តេច​ចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកមិញនេះ ខាងរដ្ឋាភិបាលចិនបានអនុញ្ញត្តិអោយសម្តេចធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។

ដូច្នេះនៅរសៀលនេះ សម្តេច​នឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ សម្តេចបាន​អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ៕