BREAKING NEWS
Search

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះ​ស្រាវជ្រាវ និង​ដោះស្រាយ​ករណី​មិន​ប្រក្រតីលើរឿងវិវាទដីធ្លី ៤ កន្លែង

ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជាបាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវនិង​ដោះស្រាយ​ករណី​មិន​ប្រក្រតី​នៃ​រឿង​វិវាទ​ដីធ្លី​ចំនួន​ ៤ ​ករណី​ផ្សេង​គ្នា​បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​គណបក្ស​ខ្មែរ​ក្រោកដែល​ចុះ​ស្រាវជ្រាវ​ពី​ករណី​ទាំងនេះ​ដល់​ទីកន្លែង​មាន​វិវាទ​។ នេះបើយោងតាមលិខិត​ចំនួន​ ៤ ​ច្បាប់​ដាច់​ដោយឡែក​ពីគ្នា​ដែល​មាន​ចុះ​ហត្ថលេខា​លោក ហ៊ីង ថូរ៉ាក់ស៊ី ​​រដ្ឋលេខាធិការ​ប្រចាំ​ការទីស្តីការគណៈរដ្ឋរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​ ១៧ ខែ ​មករា​ ២០២០ ។

លិខិត​ចំនួន​ ៤ ​ច្បាប់​ដាច់​ដោយឡែក​ពីគ្នា​ដោយ​មាន​ចំណារ​ពី​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពី​បាន​ពិនិត្យ​ពាក្យបណ្តឹង និង​របាយការណ៍​សង្ខេប​ដែល​គណបក្ស​ខ្មែរ​ក្រោក​បាន​ដាក់​ជូន​កាលពី​ពេល​កន្លងទៅ​។

លោក​ ហ៊ីង ថូរ៉ាក់ស៊ី ​បាន​លើកឡើង​ក្នុង​លិខិត​ទាំងនោះ​ថារដ្ឋាភិបាល​បាន​ឯកភាព​ប្រគល់​ជូន​រដ្ឋបាល​ខេត្តកំពត​បន្ត​ដោះស្រាយ និង ​រាយការណ៍​ជូន​ជុំវិញ​ករណី​ដែល​គណបក្ស​ខ្មែរ​ក្រោក​បាន​រកឃើញ​ភាពមិន​ប្រក្រតី​ចំពោះ​បុគ្គល​មាន​តួនាទី​ជា​អាជ្ញាធរ​បាន​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ៦ គ្រួសារ​មាន​ទំហំ ៥ ហិកតា​ ស្ថិត​ក្នុង​ភូមិ​ដុះផ្តៅ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក​។

ពាក់ព័ន្ធបញ្ហានេះ​លោក ជាវ តាយ អភិបាល​ខេត្តកំពត​ក៏បាន​ប្រាប់អ្នកសារព័ត៌មាន​​កាលពី​ថ្ងៃ​អង្គារ​ថា នៅពេល​ទទួល​បាន​លិខិត​នេះរដ្ឋបាលខេត្ត​នឹង​បង្កើតគណៈ កម្មការ​មួយដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជាក់ស្តែង​លើ​ទីតាំង​ដី​ជម្លោះ​ទាំងនោះ​។ លោក​បន្តថា​ ការបង្កើត​គណៈកម្មការ​នេះ​ក៏​ដើម្បី​ឲ្យ​ដឹងថាករណី​នេះ​មាន​ដំណើរដើម ទង​យ៉ាងណានិង​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វីខ្លះ​?លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ដឹង​ច្បាស់​ដែរ​ថាករណី​នេះ​យ៉ាងម៉េច​ជា​ករណី​ថ្មី ឬ​ចាស់​ដែល​យើង​ត្រូវ​សិក្សា​សិន​ដើម្បី​ឲ្យ​ដឹង​ច្បាស់ងាយស្រួល​ដោះស្រាយ​ឲ្យ​ចំ​គោលដៅព្រោះ​វា​មានរឿងរ៉ាវ​ច្រើនដែល​យើង​នឹង​ពិនិត្យ​លើ​ចំណារ​ឲ្យ​បាន​ច្បាស់ ថា​រឿងរ៉ាវ​មួយណា​?»​។

នៅក្នុងលិខិតមួយជ្សេងទៀតលោក ហ៊ីង ថូរ៉ាក់ស៊ី ​ក៏​បាន​លើកឡើង​ដែរ​ថារាជរដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​ដោះស្រាយ​ជុំវិញ​ករណី​មិន​ប្រក្រតី​ដែល​រដ្ឋបាល​រាជធានី​បាន​យក​ដី​ប្រជាពលរដ្ឋ​ចំនួន​ ៨ ​គ្រួសារ​ស្ថិត​ក្នុង​ភូមិ​ស្ពាន​ខ្ពស់​សង្កាត់​គីឡូ ម៉ែត្រ​លេខ ​៦ ខណ្ឌ​ឫស្សីកែវ​ទៅ​ពុះឡូត៍​លក់​ធ្វើ​ជាអាជីវ កម្មដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ក្នុង​ភាពមិនប្រក្រតី​នេះលោក ហ៊ីង ថូរ៉ាក់ស៊ី បញ្ជាក់​ថា​គណបក្ស​ខ្មែរ​ក្រោក​បាន​រកឃើញ​ថារដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បំពាន​ចំណារ​ណែនាំ​របស់សម្តេចតេជោ​នាយករដ្ឋមន្ត្រីនិង​រំលោភ​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃដូច្នេះ​ត្រូវតែ​មាន​ការសើរើនិង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​។

ពាក់ព័ន្ធបញ្ហានេះលោក​ ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថាលោក​នឹង​ស្រាវជ្រាវ​ជុំវិញ​ករណី​នៃ​ការចោទប្រកាន់​រដ្ឋបាល​រាជធានី​ភ្នំពេញរំលោភ ​ដី​របស់​ប្រជាពលរដ្ឋ​នេះ​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សុំ​ពេល​សួរ​ទៅ​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ជាមុនសិនដើម្បី​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ព្រោះ​តែ​ភារកិច្ច​នេះ​មាន​ការទទួលខុសត្រូវ​ច្រើន​ផ្នែក​ ។ កិច្ចការ​នេះយើង​ត្រូវការ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​មុននឹង​យើង​ឆ្លើយតប​»​។

ក្រៅពី​បញ្ជា​ដល់​ស្ថាប័ន​ដែនដី​ទាំង​២នេះលោក ហ៊ីង ថូរ៉ាក់ស៊ី បញ្ជាក់​នៅក្នុង​លិខិត​ទាំងនោះ​ថាចំពោះ​បញ្ហា២ទៀត​គឺ​តម្រូវ​ឲ្យ​លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បន្ត​ដោះស្រាយ​ភាពមិន​ប្រក្រតី​ជុំវិញ​បញ្ហាដីធ្លី​នៅក្នុង​ខេត្តកំពង់ស្ពឺនិង​ខេត្ត​ព្រះសីហនុ​។

លិខិត​ទាំងនោះ​មានខ្លឹមសារទាំងស្រុងថា​៖ «​សូម​ជម្រាបជូន​ឯកឧត្តម​ថាករណី​ដែល​បានលើក​ឡើង​ដោយ​ប្រធាន​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​ស្តីពី​ភាពមិនប្រក្រតី ដែល​មាន​លោក ចែម សារីមនិងលោកប៊ូ សុខគីម យក​ដី​សហគមន៍អ្នក​ដាំ​អំពៅ​ស្ថិត​នៅ​ចំណុច​វាល​កំរៀងភូមិ​តាំងស្រឹង ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាលខេត្តកំពង់ស្ពឺ ​លក់​ឲ្យ​ឈ្មួញ​និង​ករណី​ជម្លោះដីធ្លី​នៅ​ភូមិ​អូរត្រជាក់ចិត្ត ឃុំ​សំរុង ស្រុក​ព្រៃបន់រវាង​ប្រជាពលរដ្ឋ​ ៤៥ ​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​ឋានសួគ៌​ចំកាត់​។ រាជរដ្ឋាភិបាល​បាន​ឯកភាព​ប្រគល់​ជូន​អាជ្ញាធរ​ថ្នាក់ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ធ្វើការ​ពិនិត្យ​ដោះស្រាយ​»​។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរក្រោក​ថ្លែង​ថា ជា​រឿង​ល្អបន្ទាប់ពី​នាយករដ្ឋមន្ត្រី​បាន​ទទួល​របាយការណ៍​ហើយ​និង​បាន​បញ្ជូនទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចំៗ​ឲ្យ​មាន​ការដោះស្រាយ​។លោក​បញ្ជាក់ថា ក្នុង​នាម​លោក​ជា​អ្នក​ចុះ​ស៊ើបអង្កេត​ករណី​ទាំងនេះលោក​នឹង​បន្ត​ឃ្លាំមើល​បន្ថែម​ទៀតចំពោះចំណាត់ ការ​នានា​របស់​មន្ត្រី​ដែល​ទទួលបាន​ភារកិច្ច​ពី​លោកនាយក​រដ្ឋមន្ត្រី​។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ១៦ ខែដំបូង (ខែ កញ្ញា ២០១៨-ខែ ធ្នូ ២០១៩) និងទិសដៅការងារឆ្នាំ ២០២០របស់ឧត្តម ក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ បានថ្លែងថា បន្ទាប់ពីធ្វើការជាមួយគ្នាអស់មួយរយៈពេលកន្លងទៅនេះបើទោះបីនៅក្នុងព្រះរាជក្រឹត្យ យើងបានកំណត់ត្រឹមតែ មួយអាណត្តិប៉ុន្តែដោយសង្កេតឃើញពីភារកិច្ចនិងការចូលរួមធ្វើការផ្ទាល់ដោយបណ្តាគណបក្សនយោបាយជាមួយនឹងរាជរដ្ឋាភិបាលខ្ញុំមានបំណងថា ក្រោយឆ្នាំ ២០២៣ យើងក៏អាចស្នើសុំបន្តនូវក្បាលម៉ាស៊ីនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះបន្តទៀតព្រោះថា បើនិយាយពីប្រសិទ្ធិភាពនិងកិច្ចការដែលឯកឧត្តម លោកជំទាវបានធ្វើដោយផ្ទាល់ជា​មួយរាជរដ្ឋាភិបាលគឺវាខុសគ្នាយ៉ាងច្រើនជាមួយនឹងសមាជិកសភានៃបក្សប្រឆាំងដែលតែងលើកតាំងសំណួរតាមរយៈសភាមក រាជរដ្ឋាភិបាលមកនាយករដ្ឋមន្ត្រីឬមករដ្ឋមន្ត្រីនានា។ ឯកឧត្តម លោកជំទាវ ដែលនៅជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺមានឱកាសធ្វើការ ផ្ទាល់ជាមួយនឹងបណ្ដារដ្ឋមន្រ្តី ធ្វើការផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រី ហើយធ្វើការផ្ទាល់ជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិទៀតផង ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា៖«ខ្ញុំសុខចិត្តទទួលយកយោបល់នៃគណបក្សនយោបាយដែលមានយោបល់ខុសគ្នា​មានចំណុចខុសគ្នាប្រសើរ ជាជាងទទួលបទបញ្ជាពីបរទេសឲ្យយើងធ្វើនេះឬធ្វើនោះ។ ពិតមែនហើយមានចំ​ណុចខ្លះដែលយើងធ្លាប់បាននិយាយនៅក្នុងអង្គប្រជុំកន្លែងខ្លះគឺទាក់ទិនជាមួយ នឹងតួនាទីភារកិច្ចនៃតុ​លាការកន្លែងខ្លះទាក់ទងតួនាទីភារកិច្ចរបស់ថ្នាក់នេះថ្នាក់នោះដែលត្រូវការចំណាយពេលបន្ថែម ។ ប៉ុន្តែប្រតិកម្មទាន់ពេលមួយចំនួនដែល លើកឡើងដោយថ្នាក់ដឹកនាំនៃគណបក្សទាំងអស់ក៏បានបង្ហាញអំពីចំណុចដែលយើងត្រូវដោះស្រាយបន្ទាន់។» ៕