សម្តេចតេជោ អបអរ​សាទរចំពោះការប្រកាស​រក​ឃើញឱសថ​ព្យាបាល COVID-19

សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​អបអរ​សាទរ​ចំពោះ​រដ្ឋាភិបាល​​ចិន​ ដែល​បាន​រក​​ឃើញ​ឱសថ​ព្យាបាល​មេរោគ COVID-19 ​។ ការ​ថ្លែង​បែប​នេះ​ត្រូវ​បាន​ធ្វើឡើង​ ក្នុងឱកាសនៃ​ចែក​សញ្ញាបត្រ​ដល់​គរុសិស្ស​​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ២០២០ នេះ។

សម្តេច​បាន​បន្ថែម​ថា កាល​ពី​ម្សិល​មិញ​រដ្ឋាភិបាល​ចិន​បាន​ប្រកាស​រក​ឃើញ​ឳសថ​ព្យាបាល​ជំងឺ​នេះ​បាន​ ដោយ​ប្រើ​ប្រាស់​ថ្នាំព្យាបាល​ជំងឺគ្រុនចាញ់។ដូច្នេះ​ប្រើ​សិន​បើ​ព័ត៌មាន​នេះ​ពិត​ ហើយ​អាច​ព្យាបាល​ជំងឺ​នេះ​ជា សភាពការណ៍​នឹង​អាច​រំលត់​ក្នុងរយៈពេល​ដ៏​ខ្លី​ខាង​មុខ​។

អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ីបានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថាមនុស្ស ៩៣នាក់ទៀតបានស្លាប់ដោយសារវីរុស COVID-19 នៅខេត្តរបស់ខ្លួនក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ធ្វើឲ្យចំនួនអ្នកស្លាប់នៅក្នុងខេត្តដែលផ្ទុះខ្លាំងជាងគេនេះកើនឡើងដល់ ១៧៨៩ នាក់។

សរុបចំនួនអ្នកស្លាប់នៅចិនដីគោកគឺយ៉ាងហោចណាស់ ១៨៦៨ នាក់ ហើយបើគិតចំនួនអ្នកស្លាប់ទូទាំងពិភពលោកគឺយ៉ាងហោចណាស់ ១៨៧៣ នាក់ដែលក្នុងនោះមានម្នាក់ស្លាប់នៅហុងកុង ម្នាក់នៅតៃវ៉ាន់ ម្នាក់នៅជប៉ុន ម្នាក់នៅហ្វីលីពីន និងម្នាក់ទៀតនៅបារាំង។