សម្តេចតេជោ ៖ ទិវាជាតិនៃការចងចាំ ២០ឧសភា ជាថ្ងៃរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត

ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជូនជនរួមជាតិអំពីអត្ថន័យនៃទិវាជាតិនៃការចងចាំ ២០ ឧសភា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់លើ ផេកហ្វេសបុកថា៖ “ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជា ធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត “។

សម្តេចបានបន្តថាៈ “ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត”។

សម្តេចបានបន្ថែមថា: “ប្រជាពល រដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ”។

សម្តេចបានបន្តទៀតថា :ដើម្បីកុំឲ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់ យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

អត្ថបទ៖ ​ណារី

ចុចអាន៖ វាលធំ​សម្រស់​ស្រស់​ត្រកាល អ្នក​ចូលចិត្ត​ដើរ​ផ្សងព្រេង ត្រូវ​ម៉ាច់​ហ្មង