BREAKING NEWS
Search

សម្តេចនាយករដ្ឋមន្ត្រីស្នើឲ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ផ្តល់មតិ ជុំវិញបញ្ហារាតត្បាតនៃកូវីដ១៩

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ឆមាសទី៤ នាព្រឹកថ្ងៃទី២៥ ខែសីហានេះ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យឧត្តមក្រុមប្រឹក្សាពិគ្រោះនិង ផ្តល់យោបល់ផ្តល់ជាគំនិតនិងទស្សនៈ ជុំវិញវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។

នៅក្នុងការថ្លែងបើកកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឆមាសទី៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តោតជាសំខាន់ទៅលើការរាត​ត្បាត​នៃជំងឺកូវីដ ១៩ ដែលកិច្ចប្រជុំនៅថ្ងៃនេះឆ្លើយតបជាមួយសភាពការណ៍របស់យើង។ សម្តេចតេជោបន្តថាបញ្ហាកូវីដ១៩មិនមែនជាបញ្ហាដាច់ដោយ​ឡែករបស់កម្ពុជានោះទេវាជា បញ្ហារួមរបស់ពិភពលោក ។ សម្តេចតេជោបានបន្តថាបើពិនិត្យទិដ្ឋភាពប្រវត្តិសាស្រ្តដែលបន្សល់ទុកឲ្យយើងទំហំនៃការរាតត្បាតនៃកូវីដ១៩វាទៅធំលើសពីសង្រ្គាម លោកលើកទី២ ទៅទៀតព្រោះថាសង្រ្គាមនៅពេលនោះវាប៉ះពាល់ទៅលើតែប្រទេសខ្លះតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែ​កូវីដ​១៩ ​សូម្បីកូនកោះតូចមួយនៅកណ្តាលមហាសាគរ ក៏កូវីដ១៩ បានទៅដល់ទីនោះដែរ ។

សម្តេចតេជិនាយករដ្ឋមន្រ្តីបានស្នើឲ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ផ្តល់នូវមតិទៅលើបញ្ហាទាំងឡាយទាក់ទិនកូវីដ១៩ នេះ , គឺទាក់​ទងជាមួយ ការតាមដានរបស់អស់លោកអំពីវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងទៅ ទាំងវិធានការឆ្លើយតបផ្ទាល់ទៅលើ​ករណី​កូវីដ១៩ និងករណីទាក់ទងនឹង បរិបទនៃសង្គមនិងសេដ្ឋកិច្ចតើចំណុចទាំងអស់នេះវាសមស្របហើយឬនៅ ? តើនៅមានអ្វីទៀតជាចន្លោះប្រហោងនេះជាការចង់បានរបស់ខ្ញុំជាមួយការប្រជុំនៅថ្ងៃ នេះ ។

លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បានប្រាប់សារព័ត៌មានក្នុងឆមាសទី៤នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់បានចុះធ្វើសកម្មភាពរបស់ខ្លួនយ៉ាងសកម្មសិក្សាពីបញ្ហានានានៅក្នុងសង្គមនិងរបស់ប្រជាពលរដ្ឋហើយដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនិងរកដំណោះស្រាយ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយក្រៅរដ្ឋាភិបាលជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភាក្នុង គោលដៅលើកស្ទួយប្រសិទ្ធភាពការងារដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល ។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោម គណបក្សនយោបាយចំនួន ២០ ដែលបានចូលរួមការបោះឆ្នោតជាតិឆ្នាំ ២០១៨ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មានតួនាទីផ្តល់យោបល់ជូនរាជរដ្ឋាភិ បាលក្រៅក្របខណ្ឌសភាក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជននិងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល៕

អត្ថបទ៖ ណារី