សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ អនុញ្ញាត​ឲ្យ​ប្រធាន​បេសកកម្ម ICRC ជួប​សវនាការ និង​សម្ដែង​ការគួរសម
BREAKING NEWS
Search

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ អនុញ្ញាត​ឲ្យ​ប្រធាន​បេសកកម្ម ICRC ជួប​សវនាការ និង​សម្ដែង​ការគួរសម

ភ្នំពេញ​ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ នៅព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧​ បាន​អនុញ្ញាត​ឲ្យ​លោក បាត វើ​បៃ​រែ​ន ប្រធាន​បេសកកម្ម គណៈកម្មាធិការ​អន្ដរជាតិ កាកបាទក្រហម (ICRC) ជួប​សវនាការ និង​សម្ដែង​ការគួរសម នៅ​ការិយាល័យ​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត នាទី​ស្នាក់​ការ​កណ្តាល​កាកបាទ​ក្រហមកម្ពុជា​។

ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជំនួសមុខ ឲ្យ​មន្ត្រី​កាកបាទ​ក្រហមកម្ពុជា ក៏ដូចជា​ប្រជាជន​សូម​ថ្លែងអំណរគុណ ចំពោះ​កិច្ច​សហប្រតិបត្តិការ ពិសេស​អរគុណ​ចំពោះ​ការ​ជួយ​របស់ ICRC ទាំង ផ្នែក​បច្ចេកទេស និង​ថវិកា​ផង​ដែរ​។ លើស​ពី​នេះ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ ICRC បាន​ចូលរួម​ចំណែក​កសាង និង​ស្តារ​ដល់​ដំណើរការ​អភិវឌ្ឍន៍ ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ​ដែរ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ក៏ បាន​សម្តែង ការ​លើក​ទឹក​ចិត្ត​ឲ្យ ICRC​បន្ត​សហប្រតិបត្តិការ ជាមួយ​កាកបាទ​ក្រហមកម្ពុជា​ឲ្យ​កាន់​តែមាន​ភាពរលូន​ត​ទៅមុខទៀត។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែង​ថា កាកបាទក្រហម​កម្ពុជា បាន​រួម​សហការ ជាមួយ​គណៈកម្មាធិការ​អន្ដរជាតិ កាកបាទក្រហម (ICRC) យ៉ាង​ស្អិតល្មួត ជាមួយគ្នា​រហូត​ទទួល​បាន​ផ្លែផ្កា ដែល​នឹកស្មាន​មិន​ដល់។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្ដ​ថា «​ខ្ញុំ​សង្ឃឹមថា ទាំង​មន្ត្រី​កាកបាទក្រហម និង​មន្ត្រី ICRC នឹង​បន្ត​ជួយ​គ្នា​សហការ​ជាមួយគ្នា​ទៅមុខ ឲ្យ​កាន់តែ​រលូន ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់​ពេល​វេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​សម្រាប់​ភាគី ICRC ដែល​បាន​ផ្តល់​ការ​ជួយ ខាង​ប្រឹក្សា​យោបល់ ផ្នែក​ថវិកា ជួយ​ដល់​កាក​បាទក្រហមកម្ពុជា យ៉ាង​ពេញទំហឹង ជា​រៀងរាល់​ឆ្នាំ ភាគី ICRC បាន​ចូលរួមចំណែក​ជួយ​ផ្នែក​មនុស្សធម៌ ជាមួយ​កាកបាទក្រហមកម្ពុជា​»​។

លោក បាត វើ​បៃ​រែ​ន ប្រធាន​បេសកកម្ម គណៈកម្មាធិការ​អន្ដរ​ជាតិ កាកបាទក្រហម (ICRC) បាន​សម្តែង​ការ​អរគុណ​យ៉ាង​កក់ក្តៅ ចំពោះ​ជំនួប​នា​ពេល​នេះ ដោយ​លោក​បាន​បញ្ជាក់​ថា កិច្ច​សហប្រតិបត្តិការ​រវាង កាកបាទក្រហម​កម្ពុជា និង ICRC នៅតែ​បន្ត​ជានិច្ច​មិន​ថា​ពេលនេះ ឬ​ទៅ​ថ្ងៃ​អនាគត ។ លោក​ប្រធាន ក៏បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ ក្នុង​អំឡុង​បេសកកម្ម ហើយ​លោក សន្យាថា នឹង​រក្សា​អនុស្សាវរីយ៍​ដ៏​ល្អ​នេះ ជា​រៀង​រហូត លើ​បេសកកម្ម​ល្អៗ​ជាមួយ​កាក​បាទក្រហមកម្ពុជា។

សម្តេច​ប្រធាន​កាកបាទ​ក្រហមកម្ពុជា បាន​គូស​បញ្ជាក់​ថា នៅ​ពេល​ដែល​កាកបាទ​ក្រហមកម្ពុជា ត្រូវការ​ជំនួយ​គ្រោះ​មហន្តរាយ​នានា ខាង ICRC តែង​មាន​វត្តមាន​ជួយ​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​ការងារ​ទទួលបាន​ប្រសិទ្ធភាព​ទាំងអស់​គ្នា ដើម្បី​ជួយ​ដល់​ប្រជាជន ហើយ​កាកបាទក្រហម បាន​បំពេញការងារ និង​ប្រើប្រាស់​ថវិកា ដោយមាន​តម្លាភាព នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា ដែលមាន​តម្រូវ​ការចាំបាច់​។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​បន្ថែម​ថា ​ជាក់ស្តែង​កាកបាទ​ក្រហមកម្ពុជា បាន​ជីក​អណ្តូង​ជាង​២​ពាន់​អណ្តូង និង​សាង​សង់ផ្ទះ ជាច្រើន​ខ្នង​ទៀត ពិសេស​នៅ​ខេត្ត​ប៉ៃលិន​ដែល សកម្មភាព​ការងារ​ដ៏​ល្អ​នេះ បាន​កើត​ឡើង​ពី​ការ​ជឿទុកចិត្ត និង​ការប្រើប្រាស់​ថវិកា ប្រកបដោយ​ប្រសិទ្ធភាព ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​។

ក្រៅពី​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​លើក​ឡើង​ពី​សកម្មភាព​របស់​សាខា​កាកបាទ​ក្រហមកម្ពុជា​ថា​ សាខា​កាកបាទក្រហមកម្ពុជា មាននៅ​ទូទាំង​២៥​រាជធានី ខេត្ត នៅតាម​ថ្នាក់ឃុំ សង្កាត់ នឹង​បាន​ចូលរួម​ឆ្លើយតប ជាមួយ​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់​ពេល​វេលា ស្ទើរ​គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ​ទាំងអស់៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114