BREAKING NEWS
Search

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចាត់​មន្ត្រី​ចូលរួម​រំលែក​ទុក្ខ និង​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​៩​នាក់ ក្នុង​ឧបទ្ទវហេតុ​បាក់ដង​សន្ទូច

បន្ទាយ​មានជ័យ​ ៖ ក្នុង​ឧបទ្ទវហេតុ​បាក់ដង​សន្ទូច ហើយ​ធ្លាក់​ផ្ទាំង​បេតុង សង្កត់​លើ​មនុស្ស បណ្តាល​ឲ្យ មាន​អ្នក​ស្លាប់ ៥​នាក់ និង​រងរបួស​ធ្ងន់​-​ស្រាល ៤​នាក់ នៅក្នុង​ការដ្ឋាន​សំណង់​អគារ​មួយកន្លែង ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី ១២ ខែសីហា ឆ្នាំ​២០២០​កន្លង​ទៅនោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ក្រៃលែង​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំងអស់ ព្រមទាំង​បាន​ចាត់​មន្ត្រីក្រោមឱវាទ​ចូលរួម​រំលែក​ទុក្ខ និង​ចូល​បុណ្យសព​ជនរងគ្រោះ​ដែល​បានធ្វើ​បុណ្យ​នៅ​ស្រុកកំណើត និង​ចុះសួរសុខទុក្ខ នាំយក​អំណោយ​ផ្តល់ជូន​អ្នករងរបួស​ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ និង​នៅ​គេហដ្ឋាន​ផងដែរ​។

ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ចាត់​ឱ្យ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា ជួប​សួរសុខទុក្ខ​ជាមួយ​ក្រុមគ្រួសារ​អ្នករងរបួស​ធ្ងន់ ១​នាក់ ដែល​បាន​ដឹក​បញ្ជូនមក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ រាជធានី​ភ្នំពេញ និង​ផ្តល់​អំណោយ​មនុស្សធម៌ កាលពី​ថ្ងៃ​សុក្រ ទី ១៤ ខែសីហា ឆ្នាំ​២០២០​។



ចំណែកឯ ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត នាយក​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃ​សៅរ៍ ទី ១៥ ខែសីហា ឆ្នាំ ២០២០​នេះ បាន​អ​ញ្ជេ​ី​ញ​ចូលរួម​បុណ្យសព​ជនរងគ្រោះ​ចំនួន ៤​នាក់ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំង​ចុះសួរសុខទុក្ខ អ្នករងរបួស​ធ្ងន់ ១​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន (​មន្ទីរពេទ្យ​ខេត្តបន្ទាយមានជ័យ​), អ្នករងរបួស​ស្រាល ១​នាក់ នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត និង​អ្នករងរបួស​ស្រាល ១​នាក់​ទៀត សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន ។​



រីឯ លោក​វេជ្ជ​. អ៊ុយ សំអុន នាយករង​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អ​ញ្ជើញ​ចូលរួម​បុណ្យសព​ជនរងគ្រោះ ១​នាក់ (​កំពុងមាន​ផ្ទៃពោះ ៨​ខែ​) នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​ថ្ងៃ​សុក្រ ទី ១៤ ខែសីហា ឆ្នាំ ២០២០ ម្សិល​មិញ​នេះ​។

ក្នុងឱកាស​នោះ គណៈប្រតិភូ​ទាំងអស់ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ និង​ក្តី​សោកស្តាយ​យ៉ាង​ក្រៃលែង ចំពោះ​ឧបទ្ទវហេតុ​ខាងលើ​ដែល​បណ្តាលឱ្យមាន​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​នេះ​។ ទន្ទឹមនឹងនេះ គណៈប្រតិភូ បាន​ផ្តាំផ្ញើ​ដល់​អ្នករងរបួស​ទាំង​អស់ សូម​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ជូនពរ​ឆាប់​បានជា​សះស្បើយ​ឡើងវិញ ព្រមទាំង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​សព បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បាន​ចូលរួម​បុណ្យសព​ទាំង ៥​រូប ដោយ​គ្រួសារ​សព​នីមួយៗ ទទួលបាន​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​ចំនួន ៥​លាន​រៀល​។ ឧបត្ថម្ភ​ដល់​អ្នករងរបួស​ធ្ងន់ ២​នាក់ ក្នុង​ម្នាក់ៗ ថវិកា ៥​លាន​រៀល និង​ឃី​ត​អ្នកជំងឺ ១​ឃី​ត​។ ឧបត្ថម្ភ​ដល់​អ្នករងរបួស​ស្រាល ២​នាក់ ក្នុង​ម្នាក់ៗ ថវិកា ២​លាន​រៀល និង​ឃី​ត​អ្នកជំងឺ ១​ឃី​ត៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114