សម្តេច​ក្រឡាហោម ៖ រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុងការ​ជំរុញ​យុវជន​វ័យក្មេង​ចូលរួម​ក្នុង​សកម្មភាព​សង្គម

ភ្នំពេញ ៖​ សម្ដេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ ចុង​ក្រោយនេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ជំរុញ​យុវជន​វ័យក្មេង​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​កំពុង​ខិតខំ​ប្រើប្រាស់​សក្ដានុពល​ធនធាន​មនុស្ស​វ័យក្មេង​នេះ ក្នុងការ​អភិវឌ្ឍន៍​សង្គមជាតិ ព្រោះ​តាម​ប្រវត្តិសាស្ត្រ​កម្ពុជា បាន​បាត់បង់​ធនធានមនុស្ស​យ៉ាងច្រើន​នៅក្នុង​សម័យ​របប​ប្រល័យពូជសាសន៍។

សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍​លើកឡើង​បែបនេះ​នៅ​រសៀល​ថ្ងៃ​អង្គារ​ទី​១៤ ខែមករា ឆ្នាំ២០២០​នេះ ខណៈ​សម្ដេច​ក្រឡាហោម ស ខេង បាន​អនុញ្ញាត​ឲ្យ លោក​KAZUYUKI NAKANE សមាជិក​រដ្ឋសភា និង​ជា​អតីត​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន ព្រមទាំង​ប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។

តាមរយៈ​លោក KAZUYUKI NAKANE សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​កម្ពុជា និង​ជប៉ុន ពិសេស​ការ​ចូលរួមចំណែក​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្ដល់​ជំនួយឥតសំណង និង​ជំនួយ​ផ្សេងៗ​ទៀត ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​កម្ពុជា​មកដល់​បច្ចុប្បន្ន​នេះ​។

ជាការ​ឆ្លើយតប លោក KAZUYUKI NAKANE សមាជិក​រដ្ឋសភា និង​ជា​អតីត​អនុរដ្ឋមន្ត្រី ក្រសួងការបរទេស​ជ​ប៉ុន បាន​ថ្លែងអំណរគុណ​សម្ដេច និង​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ជួប​សម្ដេច​ជាថ្មី​ម្ដងទៀត​នាឱកាស​នេះ ដែល​នេះ​គឺជា​លើក​ទី​៥​ហើយ​ដែល​លោក​បាន​ជួប​សម្ដេច​ទាំង​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​ជប៉ុន ហើយ​ថា​លោក​ពិត​ជាមាន​ក្ដី​រីករាយ​ក្នុងការ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

លោក​ក៏បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ដែរ​ថា​ លោក​អាច​ចាត់ទុកជា​សមាជិកសភា​មួយ​រូប​របស់​ជប៉ុន ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ ក្នុង​នោះ​លោក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រាជការ និង​ថ្នាក់ដឹកនាំ​មួយចំនួន​របស់​ខេត្ត​សៀមរាប​ផង​ដែរ ដោយ​ជា​រៀងរាល់​លើក​នៃ​ដំណើរ​ទស្សនកិច្ច​លោក​បាន​ជម្រាប​សម្ដេច​ក្រឡាហោម​ថា ​តែង​តែ​បាន​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប​។

​ដោយឡែក​តាមរយៈ​ដំណើរ​ទស្សនកិច្ច​មក​ក​ម្ពុ​ជានា​ពេលនេះ លោក​ពិតជា​មើលឃើញ​នូវ​វឌ្ឍនភាព​របស់​កម្ពុជា ដែល​កាលពី​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨ និង​ទស្សនកិច្ច​លើក​នេះ ពិតជា​បាន​មើល​ឃើញ​នូវ​វឌ្ឍនភាព​ជាច្រើន​របស់​កម្ពុជា និង​បាន​សង្កេតឃើញ​ថា ​យុវជន​កម្ពុជា​កាន់តែ​មាន​ភាព​រស់រវើក​ក្នុង​ការ​ចូលរួម​ដល់​ការអភិវឌ្ឍន៍​ប្រទេស​របស់​ខ្លួន​ប្រកបដោយ​ក្ដីសង្ឃឹម​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ​របស់​លោក​ទៅលើ​វឌ្ឍនភាព​របស់​កម្ពុជា និង​ស្ថានភាព​ទូទៅ​របស់​កម្ពុជា​។ សម្ដេច​ក៏បាន​ជម្រាបជូន​ដែរ​ថា​ បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មាន​គោលនយោបាយ​លើកកម្ពស់​យុវជន​កម្ពុជា ចូលរួម​សកម្មភាព​នយោបាយ សកម្មភាព​កសាង និង​អភិវឌ្ឍន៍​សង្គម ជាពិសេស​លើកកម្ពស់​តួនាទី​របស់​ស្ត្រី​ក្នុងសង្គម៕
ឌី​រៀ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114